ទស្សនៈអ្នកនិពន្ធ៖ គោលគំនិតនៅពីក្រោយស្នាដៃនៃការនិពន្ធ


អត្ថបទដោយ ៖ ង៉ុយ សារិកា

បច្ចុប្បន្នយើងសង្កេតឃើញថាកំណើនអ្នកអានសៀវភៅនៅប្រទេសកម្ពុជាបានធ្វើឲ្យវិស័យតែងនិពន្ធកាន់តែរីកដុះដាលពីមួយឆ្នាំទៅមួយឆ្នាំ។ វិស័យតែងនិពន្ធក៏ដូចជាវិស័យអំណានគឺ ជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញឱ្យមានការកកើតធនធានមនុស្សដើម្បីចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែមានការរីកចម្រើនទៅមុខជាលំដាប់។

ដោយមើលឃើញយ៉ាងដូច្នេះ BRANDMEDIA នឹងនាំប្រិយមិត្តនិយមការអានទាំងអស់គ្នាទៅជួ​ប និងស្គាល់ជាមួយនឹងអ្នកនិពន្ធចំនួនពីររូបដែលជាអ្នកនិពន្ធស្ថិតនៅក្នុងបេះដូងអ្នកគាំទ្រផងដែរ នោះគឺអ្នកនិពន្ធ ឈឿន សុជាតិ និង អ្នកនិពន្ធរតនា។ អ្នកនិពន្ធទាំងពីររូប គឺសុទ្ធសឹងតែជាអ្នកមានសមត្ថភាពស្រឡាញ់លើការតែងនិពន្ធ និងការចែករំលែក។ សៀវភៅដែលផ្ដល់តម្លៃ និងប្រយោជន៍ទៅដល់អ្នកអាន វាគឺជាហេតុផលដ៏សំខាន់ដែលជំរុញឱ្យមានសន្ទុះអ្នកគាំទ្រស្នាដៃរបស់គាត់ជាច្រើន។ 

តើមានគោលគំនិតអ្វីខ្លះដែលស្ថិតនៅពីក្រោយស្នាដៃនៃការនិពន្ធរបស់អ្នកនិពន្ធទាំងពីររូប?

អ្នកនិពន្ធ ឈឿន សុជាតិ បង្ហាញពីគោលគំនិតនៅពីក្រោយស្នាដៃនិពន្ធរបស់ខ្លួនយ៉ាងដូច្នេះថា៖

 «ខ្ញុំស្រឡាញ់ចូលចិត្តការអានតាំងពីនៅក្មេងមកម៉្លេះ ប៉ុន្តែខ្ញុំទើបចាប់ផ្ដើមរៀនសរសេរនៅក្នុងឆ្នាំ២០១៨នេះទេ។​» លោកបានបន្ថែមទៀតថា៖ «ខ្ញុំបានកំពុងតែរៀបចំបោះពុម្ភសៀវភៅថាមពលជីវិត (ភាគពីរ) ចេញជាលើកទីមួយ។ កន្លងមកស្នាដៃរបស់ខ្ញុំគឺ សៀវភៅថាមពលជីវិត (ភាគមួយ) និង និទានទស្សនៈ គឺបានចេញផ្សាយរួចមកហើយ ក្រោមការជួយជ្រោមជ្រែងរបស់គ្រឹះស្ថាន Heart Book Cambodia។»

អ្នកនិពន្ធ ឈឿន សុជាតិ

អ្នកនិពន្ធវ័យក្មេងខាងលើបន្តមានប្រសាសន៍ថា៖ «ចំពោះសៀវភៅថាមពលជីវិតភាគពីរ គឺផ្តោតសំខាន់ទៅលើជីវិត ការផ្ដល់គុណតម្លៃជូនជីវិត និងសកម្មភាពមួយដែលអាចជះឥទ្ធិពលវិជ្ជមានដល់ខ្លួនឯងផង និងសង្គមផង។​ ក្រៅពីសៀវភៅ ថាមពលជីវិត (ភាគពីរ) នោះគឺមានសៀវភៅ ថាមពលជីវិត (ភាគមួយ) គឺជាអ្នកដែលធ្វើឱ្យមិត្តអ្នកអានស្គាល់ និងស្រឡាញ់ចូលចិត្តខ្ញុំ។»

សម្រាកបានបន្តិច លោក ឈឿន សុជាតិ សង្កត់បន្ថែម​ទាក់ទងនឹងចំណុចដែលសំខាន់ស្ថិតនៅពីក្រោយការនិពន្ធ៖ «ខ្ញុំបានផ្ដោតទៅលើទស្សន:លើកទឹកចិត្ត និងអភិវឌ្ឍខ្លួន មនុស្សយើងត្រូវរៀនសូត្រពីជីវិតឱ្យយល់ ព្រោះបើមនុស្សមិនអាចយល់ពីជីវិតក៏មិនអាចដោះស្រាយបញ្ហាជីវិតបានឡើយ។ ជាពិសេសអ្នកនិពន្ធចង់ឱ្យមនុស្សត្រូវចេះផ្ដល់គុណតម្លៃជូនជីវិតពោលគឺផ្ដោតសំខាន់ទៅលើការរស់នៅប្រកបដោយគុណធម៌។​ ខ្ញុំបានលើកយកគោលការណ៍ធម៌មួយចំនួន សម្រាប់ឱ្យមិត្តអ្នកអានយកទៅអនុវត្ត។»

តាមគំនិតរបស់លោកផ្ទាល់៖ «ដើម្បីនិពន្ធសៀវភៅមួយឱ្យបានល្អលុះតា្រតែសៀវភៅនោះត្រូវកើតចេញអំពីឆន្ទៈក្ដីស្រឡាញ់និងការប្រឹងប្រែងរបស់អ្នកនិពន្ធផ្ទាល់។ ពេលខ្លះវាអាចកើតចេញអំពីការរៀបរៀងការប្រែសម្រួល ឬយកចំណេះដឹង និងបទពិសោធដែលអ្នកនិពន្ធធ្លាប់ឆ្លងកាត់ផ្ទាល់មកធ្វើជាគោល។» ជាចុងក្រោយអ្នកនិពន្ធរូបនេះបានបន្ថែមនូវចំណុចសំខាន់មួយទៀតយ៉ាងដូច្នេះថា៖ «ក្នុងនាមជាអ្នកនិពន្ធដាច់ខាតត្រូវចៀសវាងឱ្យផុតពីការលួចចម្លងស្នាដៃរបស់អ្នកដទៃ៕»

បើយើងក្រឡេកមកមើលស្នាដៃរបស់អ្នកនិពន្ធរតនាឯណេះវិញ។ ដូចយើងបានដឹងហើយថាស្នាដៃទាំង៥ចំណងជើងរបស់អ្នកនិពន្ធរូបនេះ គឺពិតជាអាចទាញយកបេះដូងរបស់អ្នកគាំទ្រជាច្រើនផងដែរ។ ជាដំបូងអ្នកនិពន្ធរតនាមានប្រសាសន៍ថា៖ «បងចាប់ផ្តើមប្រឡូកវិស័យនិពន្ធដំបូងឡើយគ្រាន់តែសាកល្បងបង្ហោះអត្ថបទលើកទឹកចិត្ត និងដឹកនាំមនុស្សឱ្យគិតលើផ្លូវវិជ្ជមានរហូតបោះពុម្ពស្នាដៃទី០១ជាប្រភេទប្រលោមលោកចំណងជើងវិថីជីវិត។ គ្រាដំបូងបងគ្រាន់តែចង់ឃើញប្រលោមលោកវិថីជីវិតចេញជាសៀវភៅ ប៉ុន្តែក្រោយទទួលបានការគាំទ្រពីអ្នកអានក៏មានកម្លាំងចិត្តដើរលើផ្លូវនេះបន្តរហូតចេញបានស្នាដៃជាបន្តបន្ទាប់សរុប៥ស្នាដៃ។»

អ្នកនិពន្ធ រតនា

អ្នកនិពន្ធរតនាបានបញ្ជាក់បន្តថា៖ «រាល់ស្នាដៃនីមួយៗដែលបងបានសរសេរ គឺសុទ្ធសឹងតែមានលាក់បង្កប់នូវអនុស្សាវរីយ៍រៀងៗខ្លួន ហើយបងបានផ្តល់ក្តីស្រឡាញ់ទៅលើស្នាដៃទាំងនេះស្មើៗគ្នា។ តួយ៉ាងដូចជាសៀវភៅវិថីជីវិត បងមានបំណងដាស់តឿនកុំឱ្យមនុស្សស្រីងប់ងល់ និងសេចក្តីស្នេហា តែត្រូវពុះពារហ៊ានទៅរកក្តីស្រមៃមិនថានាងចង់ធ្វើជាអ្នកណា តែយ៉ាងណាក៏បងបានដាស់តឿនមិនឱ្យមនុស្សគួរមានមហិច្ឆិតាច្រើនហួសដែរ។ ឯសំណោកអនុស្សាវរីយ៍ មកពីបងឃើញថាក្មេងៗសម័យថ្មីឆាប់មានស្នេហា ទើបបងសរសេរសារដាស់តឿន ឱ្យធ្វើការសម្រេចចិត្ត ឱ្យបានម៉ត់ចត់ ព្រោះស្នេហាដំបូងអាចជាការចងចាំមិនអាចបំភ្លេចបានតែស្នេហាក្មេងខ្ចីផុយស្រួយណាស់ អាចបន្សល់សំណោកអនុស្សាវរីយ៍ឱ្យគេយូរយារ។»

ដោយឡែករាល់ស្នាដៃនីមួយៗរបស់អ្នកនិពន្ធរតនាអាចបន្សល់អារម្មណ៍មោទកៈពេលដែលគាត់បានទទួលសារពីអ្នកអានថា៖ «គាត់បានរកឃើញកម្លាំងចិត្ត ភាពរឹងមាំ ឬការតាំងចិត្តថ្មី ឬដំណោះស្រាយផ្សេងៗដោយការអានសៀវភៅមួយណារបស់គាត់បាន។» សម្រាប់សារចុងក្រោយដែលចេញពីដួងចិត្តរបស់អ្នកនិពន្ធវ័យក្មេងរូបនេះគឺ៖ «មានតែពាក្យថាអរគុណណាស់សម្រាប់ប្រិយមិត្តអ្នកគាំទ្រ និងអ្នកដែលស្រឡាញ់ចូលចិត្តការអាន។ បើអត់មានអ្នកអានក៏អត់មានអ្នកសរសេរ ហើយពួកគាត់នៅតែបន្តស្វែងរកប្រយោជន៍ផ្សេងៗមកដាក់បញ្ចូលក្នុងស្នាដៃជាបន្តបន្ទាប់សម្រាប់អ្នកគាំទ្រគ្រប់គ្នា។»

សរុបជារួមមក យើងសូមធ្វើការលើកទឹកចិត្តឱ្យកូនខ្មែរទាំងអស់ចូលរួមអានសៀវភៅឱ្យបានច្រើនទៅតាមអ្វីដែលអាចធ្វើទៅបាន។ ក្នុងនាមយើងជាអ្នកអាន បើមិនបានអានសៀវភៅល្អ គឺជាកំហុសដ៏ធំមួយ។ ក្នុងនាមជាអ្នកនិពន្ធ បើមិនអាចរៀបរៀងឬនិពន្ធសៀវភៅឱ្យមានគុណភាព គឺជាកំហុសដ៏ធំមួយដូចគ្នា។ ក្ដីបំណងរបស់អ្នកនិពន្ធដែលបង្កប់នៅក្នុងស្នាដៃនីមួយៗ គឺរពឹងឱ្យស្នាដៃខ្លួនឯងបានជាប្រយោជន៍ដល់អ្នកអាន។ ម៉្លោះហើយសូមមិត្តអ្នកអានទាំងឡាយប្រឹងប្រែងឱ្យតម្លៃទៅលើការអាន ចំពោះអ្នកនិពន្ធគ្រប់រូបក៏នឹងប្រឹងអាន ប្រឹងផលិតស្នាដៃប្រកបដោយគុណភាពជូនបងប្អូនទាំងអស់គ្នាដូចគ្នា៕