កងទ័ពឆ្មាំជាតិក្នុងទីក្រុងវ៉ាស៊ីនតោន ត្រូវបានអនុញ្ញាតឱ្យកាន់អាវុធសម្រាប់ការពារខ្លួន ប៉ុន្តែក្រុមអ្នករិះគន់បានលើកឡើងថា នេះជាការប្រើអំណាចប្រធានាធិបតីក្នុងទម្រង់បក្សពួកនិយម
ទោះបីជាមានអាវុធក៏ដោយ មន្ត្រីសេតវិមានបានបញ្ជាក់ថា ទាហានមិនមានភារកិច្ចចាប់ខ្លួនពលរដ្ឋទេ ហើយនឹងផ្តោតលើការការពារទ្រព្យសម្បត្តិសហព័ន្ធតែម្តង។ ការដាក់ពង្រាយកងទ័ពឆ្មាំជាតិពីខាងក្រៅរដ្ឋបានកើតឡើងក្រោមការណែនាំរបស់ប្រធានាធិបតី Trump ដើម្បីទប់ស្កាត់ឧក្រិដ្ឋកម្ម និងជនដែលគ្មានផ្ទះសម្បែង។ ទោះជាយ៉ាងណា ការប្រើកងទ័ពក្នុងបែបនេះមិនមែនជារឿងធម្មតាទេ ព្រោះជាទូទៅវាត្រូវបានប្រើសម្រាប់ការឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិ ឬភាពចលាចលស៊ីវិល។

គណបក្សប្រជាធិបតេយ្យបានចោទប្រកាន់ថា ការដាក់ពង្រាយនេះជាការប្រើអំណាចប្រធានាធិបតីក្នុងទម្រង់បក្សពួកនិយម ដោយនិយាយថា លោក Trump កំពុងប្រើល្បិចបំភ័យ និងផ្តោតលើទីក្រុងដែលមានសមាជិកជាជនស្បែកខ្មៅជាអ្នកដឹកនាំ។
ដោយឡែកលោក Trump ក៏ត្រៀមផែនការដាក់ពង្រាយកងទ័ពទៅទីក្រុងឈីកាហ្គោផងដែរ។ អភិបាលរដ្ឋ Illinois បានចោទប្រកាន់ថា នេះជាការប៉ុនប៉ងបង្កើតវិបត្តិ និងបំពានអំណាច ដើម្បីបង្វែរចិត្តសាធារណៈពីបញ្ហាដែលលោក Trump កំពុងប្រឈម។ ទោះជាយ៉ាងណា មន្ត្រីមួយចំនួនបានបញ្ជាក់ថា ក្រសួងការពារជាតិកំពុងពិចារណាជម្រើសផ្សេងៗ រួមទាំងការចល័តកងទ័ពឆ្មាំជាតិរាប់ពាន់នាក់ទៅកាន់ទីក្រុងនេះនៅដើមខែកញ្ញា។
ប្រភព៖ Sky News











