ហឹបវិញ្ញាសាប្រឡងបាក់ឌុប បានបញ្ជូនទៅតាមបណ្ដាខេត្តនាព្រឹកនេះហើយ!
នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥នេះ ក្រសួងអប់រំយុវជន និងកីឡា បានដឹកជញ្ជូនហឹបវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទៅកាន់បណ្ដារាជធានី-ខេត្ត ដើម្បីត្រៀមសម្រាប់ការប្រឡងដែលនឹងប្រព្រឹត្តទៅរយៈពេល ២ ថ្ងៃ គឺថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥ ពោលគឺរយៈពេល ០៣ ថ្ងៃទៀតប៉ុណ្ណោះ។
ការដឹកជញ្ជូនហឹបវិញ្ញាសាមានការចូលរួមពីគណៈមេប្រយោគទូទាំងប្រទេស គណៈកម្មការអប្បមាទ អង្គភាពប្រឆាំងអំពើពុករលួយ និងកងកម្លាំងសមត្ថកិច្ច ដើម្បីធានាថា ការដឹកជញ្ជូននឹងប្រព្រឹត្តទៅដោយសុវត្ថិភាព។
គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ មានបេក្ខជនចុះឈ្មោះ ប្រឡងសរុប ១៤៦ ៧២០ នាក់ ស្រី ៨១ ៤៤២ នាក់ ក្នុងនោះ៖ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤០ ៦៧៨ នាក់ ស្រី ២៤ ៥១៩ នាក់ បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១០៦ ០៤២ នាក់ ស្រី ៥៦ ៩២៣ នាក់។

















