អតីតបេក្ខភាពឯកអគ្គរាជទូតសហរដ្ឋអាមេរិកប្រចាំប្រទេសថៃ អំពាវនាវឲ្យលោក Donald Trump ប្រើប្រាស់សិទ្ធិអំណាចជាប្រធានាធិបតី ជំរុញឲ្យថៃដោះលែងទាហានខ្មែរទាំង ១៨ នាក់ ដោយគ្មានលក្ខខណ្ឌ


ថ្ងៃទី២១ សីហា ឆ្នាំ២០២៥ លោក Leewood Phu បេក្ខភាពឆ្នាំ២០១៧ សម្រាប់តំណែងឯកអគ្គរាជទូតសហរដ្ឋអាមេរិកប្រចាំប្រទេសថៃ បានចេញលិខិតផ្លូវការទៅកាន់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald J. Trump ដើម្បីអបអរសាទរ និងគាំទ្រកិច្ចខិតខំប្រឹងប្រែងក្នុងការលើកស្ទួយសន្តិភាពពិភពលោក។

ក្នុងលិខិតនោះ លោក Leewood Phu បានលើកឡើងថា គោលនយោបាយពន្ធពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក គឺជាឧបករណ៍មានប្រសិទ្ធភាពសម្រាប់ការទប់ស្កាត់វិបត្តិ និងលើកកម្ពស់សន្តិភាព។ លោកបានលើកឧទាហរណ៍អំពីកិច្ចព្រមព្រៀងឈប់បាញ់ដោយគ្មានលក្ខខណ្ឌរវាងប្រទេសកម្ពុជា និងប្រទេសថៃ។ ទោះជាយ៉ាងណា បន្ទាប់ពីការឈប់បាញ់បានមួយថ្ងៃ មានពលទាហានកម្ពុជា២០នាក់ត្រូវបានចាប់ខ្លួន។ ក្រោយមក មានតែ២នាក់ត្រូវបានដោះលែង ដោយមានភស្តុតាងអំពីការបំពាន និងទុក្ខវេទនា ខណៈដែលនៅសល់១៨នាក់នៅតែត្រូវបានជាប់ឃុំ ហើយអាចប៉ះពាល់ដល់ការដំណើរការនៃសេចក្តីផ្តួចផ្តើមសន្តិភាព។

លើសពីនោះលោក Leewood Phu បានអំពាវនាវឲ្យប្រធានាធិបតី Trump ប្រើប្រាស់សិទ្ធិអំណាចរបស់ខ្លួន ដើម្បីជំរុញឲ្យមានការដោះលែងទាហានខ្មែរទាំងអស់ ភ្លាមៗ និងដោយគ្មានលក្ខខណ្ឌ ដើម្បីធានាការឈប់បាញ់ពិតប្រាកដ និងមានស្ថាពរ។

នៅចុងក្រោយ លោក Leewood Phu បានបញ្ជាក់ថា លោករំពឹងទុកនឹងមានឱកាសចូលរួមក្នុងពិធីប្រគល់រង្វាន់ Nobel Peace Prize របស់លោក Donald Trump ក្នុងពេលខាងមុខ។