អ្នកនាំពាក្យក្រសួងការពារជាតិ៖ ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ បន្តបេសកកម្មនៅក្នុងខេត្តព្រះវិហារ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពក្រោយបទឈប់បាញ់ចូលជាធរមាន
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ម្សិលមិញ ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរជាតិ (IOT) ដែលមានតំណាងមកពីប្រទេសចំនួន៥ ដឹកនាំដោយលោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជាធ្វើដំណើរទៅកាន់ខេត្តព្រះវិហារដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពក្រោយបទឈប់បាញ់ដែលបានចូលជាធរមាន ដោយបានឡើងទៅពិនិត្យនៅតំបន់ជុំវិញប្រាសាទព្រះវិហារ ហើយនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥នេះក្រុមអ្នកសង្កេតការណ៍អន្តរជាតិ (IOT) ត្រូវបន្តបេសកកម្មរបស់ខ្លួននៅក្នុងខេត្តព្រះវិហារបន្តទៀត ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពក្រោយបទឈប់បាញ់ចូលជាធរមាន។

ការថ្លែងឱ្យដឹងយ៉ាងដូច្នេះពីអ្នកនាំពាក្យក្រសួងការពារជាតិធ្វើឡើងក្នុងការធ្វើសេចក្តីសង្ខេបព័ត៌មាន ស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
លើសពីនេះលោកជំទាវអ្នកនាំពាក្យបានគូសបញ្ជាក់ថា បេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ (IOT) ខាងលើនេះបានកើតចេញពីលទ្ធផលនៃកិច្ចប្រជុំពិសេស ដែលធ្វើឡើងកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នេះមាន ការឯកភាពគា្នលើ១៣ចំណុចដែលសម្រេចបានកាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដែលក្នុងពេលនេះ។
ដោយឡែកកម្ពុជាសូមធ្វើការរំលឹកឡើងវិញចំពោះអ្នកពាក់ព័ន្ធនៅត្រង់ ចំណុចដែលភាគីទាំងពីរកម្ពុជា-ថៃ បានព្រមព្រៀងមិនធ្វើការផ្សព្វផ្សាយ ឬចែករំលែកព័ត៌មានមិនពិត ឬ ព័ត៌មានក្លែងក្លាយណាមួយ ដើម្បីជាការបន្ធូរបន្ថយភាពតានតឹង កាត់បន្ថយផលប៉ះពាល់អវិជ្ជមានទៅលើសតិអារម្មណ៍របស់សាធារណជន បង្កើតបរិយាកាសអំណោយផលដល់កិច្ចសន្ទនាប្រកបដោយសន្តិភាព ដោយកម្ពុជាគឺមិនគាំទ្រជាដាច់ខាតចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ឬការចែករំលែកព័ត៌មានមិនពិត ឬការផលិតព័ត៌មានក្លែងក្លាយណាមួយ ព្រោះទង្វើទាំងអស់នេះគឺមិនបានជួយដល់ការបន្ធូរ បន្ថយភាពតានតឹង និងបន្ថយផលប៉ះពាល់អវិជ្ជមានទៅលើសតិអារម្មណ៍របស់សាធារណជនប៉ុណ្ណោះ ទេ តែថែមទាំងមិនបានបង្កើតនូវបរិយាកាសអំណោយផលដល់កិច្ចសន្ទនាប្រកបដោយសន្តិភាពបន្ថែមទៀត៕
ប្រភព៖ ក្រសួងព័ត៌មាន











