|

លោក នួន ផារ័ត្ន៖ យុវជនគួរគោរពច្បាប់ដើម្បីចូលរួមរក្សាស្ថិរភាព និងសុខដុមសង្គម


ជាមួយនឹងការផ្តោះផ្តងគ្នាពាក់ព័ន្ធនឹងការចាប់ឃុំខ្លួនយុវជន ដែលហៅខ្លួនឯងថា ជាអ្នកការពារបរិស្ថាន នាពេលថ្មីៗនេះ លោក នួន ផារ័ត្ន ដែលជាអភិបាលរងក្រុងភ្នំពេញ និងក៏ធ្លាប់ជាថ្នាក់ដឹកនាំយុវជនផងដែរនោះ បានសរសេរនៅក្នុងបណ្តាញសង្គមរបស់ខ្លួន ដែលមានខ្លឹមសារថា៖ “នៅពេលដែលពាក្យសម្តី និងកាយវិការ ដើរហួសពីព្រំដែននៃសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងការឈឺឆ្អាលក្នុងកិច្ចការសង្គម ដែលច្បាប់បានគូសវាស ការអនុវត្តច្បាប់គឺជាជម្រើសល្អបំផុតដើម្បីរក្សាស្ថិរភាព និងសុខដុមរមនាក្នុងសង្គមជាតិ។”

លោក នួន ផារ័ត្ន

ការលើកឡើងរបស់លោក នួន ផារ័ត្ន នេះ ជាការឆ្លើយតបទៅនឹងការចោទប្រកាន់ពីក្រុមសកម្មជនមួយចំនួន ដែលថា ការចាប់ខ្លួនយុវជនទាំងនោះ គឺមានភាពមិនត្រឹមត្រូវ និងទាមទារឲ្យអាជ្ញាធរធ្វើការដោះលែងយុវជនទាំងបីរូបនោះ ក៏ដូចជាបណ្តាសកម្មជនបរិស្ថានផ្សេងៗទៀតដែលកំពុងជាប់ឃុំ។  បើតាមខ្លឹមសារនោះ លោកចង់ធ្វើការណែនាំទៅដល់យុវជន ដែលបាន និងកំពុងធ្វើសកម្មភាពនានាក្នុងសង្គម ឲ្យចេះថ្លឹងថ្លែងចំពោះការបញ្ចេញមតិក្តី ឬការធ្វើសកម្មភាពក្តី ឲ្យមានការពិចារណា ពោលគឺតោងយល់ឲ្យបានច្បាស់ពីអ្វី ដែលបានហាមដោយច្បាប់ និងមិនត្រូវធ្វើឲ្យហួសព្រំដែន ដែលនឹងអាចនាំអន្តរាយដល់សង្គមជាតិ។

លោក នួន ផារ័ត្ន

ក្រៅពីសាររបស់លោក នួន ផារ័ត្ន យើងក៏បានសង្កេតឃើញនូវប្រតិកម្មជាច្រើនពីគ្រប់និន្នាការសង្គម ទាក់ទងនឹងព្រឹត្តិការណ៍នេះផងដែរ។ កាលពីល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ឯកអគ្គរដ្ឋទូតអាមេរិកបានចេញសារប្រតិកម្មនឹងការចាប់ខ្លួនយុវជនខាងលើ និងជាបន្តបន្ទាប់ ការអំពាវនាវស្រដៀងគ្នានេះ ក៏បានចេញផ្សាយពីសំណាក់ស្ថានទូតអូស្រ្តាលី និងស្ថានទូតស៊ុយអែត ប្រចាំប្រទេសកម្ពុជាផងដែរ។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីបានបញ្ជាក់ថា ការចាប់ខ្លួនខាងលើ គឺជាការអនុវត្តច្បាប់ទៅលើបុគ្គលដែលប្រព្រឹត្តខុស។ យោងវីដេអូមួយដែលត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គម នាពេលថ្មីៗនេះ បានបង្ហាញពីការជួបប្រជុំមួយតាមរយៈបណ្តាញសង្គមរវាងយុវជនមួយក្រុម និងលោក Alex Gonzalez ដែលបុគ្គលនេះធ្លាប់ត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជានាពេលកន្លងមក។ នៅក្នុងកិច្ចពិភាក្សាលោក Alex ត្រូវបានគេមើលឃើញថា បានប្រើប្រាស់នូវពាក្យញុះញង់ និងជាពិសេស បានប្រើពាក្យប្រមាថលើអង្គព្រះមហាក្សត្រកម្ពុជា ដែលការប្រមាថនេះ បានផ្ទុយទៅនឹងច្បាប់របស់កម្ពុជា៕