|

«ពហិការផលិតផលថៃ ជាចំណុចផ្លាស់ប្តូរដ៏សំខាន់ក្នុងការកសាងសេដ្ឋកិច្ចឯករាជ្យរបស់ខ្មែរ»


បើទោះបីជាសង្រ្គាម ៥ ថ្ងៃ រវាងកម្ពុជា-ថៃ បានបញ្ចប់តាមរយៈបទឈប់បាញ់ ព្រមទាំងការអន្តរាគមន៍ពីបរទេសក៏ដោយ ភាគីថៃនៅតែធ្វើសកម្មភាពបង្កហេតុម្ដងហើយម្ដងទៀតមកលើកម្ពុជា។ យ៉ាងណាមិញ ក្នុងស្ថានការណ៍ដែលកម្ពុជាទទួលរងនូវការឈ្លានពាន គេសង្កេតឃើញស្មារតីជាតិនិយមរបស់ប្រជាពលរដ្ឋកម្ពុជា កាន់តែផុសផុលគួរកត់សម្គាល់ ដោយមិនត្រឹមតែជាការឆ្លើយតបជាការបង្ហាញសំឡេងនៅលើបណ្តាញសង្គម ឬការធ្វើពហិកាទំនិញថៃប៉ុណ្ណោះទេ ប៉ុន្តែបានផ្លាស់ប្តូរទៅជាចលនាដែលមានឥទ្ធិពលពិតប្រាកដលើទីផ្សារក្នុងស្រុក។

មនុស្សជាច្រើនបានបង្ហាញឆន្ទៈជ្រើសរើសប្រើផលិតផលខ្មែរ ទាំងក្នុងជីវិតប្រចាំថ្ងៃ និងក្នុងពិធីផ្សេងៗ។ គំនិតទាំងនេះមិនត្រឹមតែនឹងផ្តល់អត្ថប្រយោជន៍ដល់កសិករ និងម្ចាស់សហគ្រាសទេ ប៉ុន្តែថែមទាំងក្លាយជាកម្លាំងចម្បងក្នុងការពង្រឹងសេដ្ឋកិច្ចជាតិ និងរក្សាវប្បធម៌ខ្មែរផងដែរ។

សម្រាប់កសិករ៖ កសិករនៅកម្ពុជា គឺជាផ្នែកដ៏សំខាន់នៃប្រព័ន្ធសេដ្ឋកិច្ចជាតិ ដោយប្រជាជនរស់នៅជនបទ ពឹងផ្អែកលើកសិកម្មជាចម្បង។ ការប្តូរទម្លាប់ប្រើប្រាស់របស់ប្រជាជនធ្វើឲ្យការទាមទារផលិតផលកសិកម្មកើនឡើងយ៉ាងច្បាស់។ អង្ករ ផ្លែឈើ បន្លែ និងផលិតផលសត្វមួយចំនួនអាចលក់បានក្នុងតម្លៃខ្ពស់ជាងមុន។ ជាមួយគ្នានេះ ក៏ជាការណ៍មួយជួយកាត់បន្ថយការពឹងផ្អែកលើការនាំចេញ អាចបង្កើតឱកាសការងារថ្មីៗ ប្រជាជនអាចមានការងារជាប់លាប់ ទាំងផ្នែកផលិត ផ្នែកចែកចាយ និងផ្នែកទីផ្សារ។ វាក៏ជួយកាត់បន្ថយអត្រាអត់ការងារ និងបង្កើនជីវភាពគ្រួសារឱ្យប្រសើរឡើង។ កសិករទទួលបានទីផ្សារល្អសម្រាប់ផលចំការ និងផលបន្លែ វាជួយកសិករមានប្រាក់ចំណូលប្រកបដោយស្ថិរភាព និងអាចវិនិយោគបន្តក្នុងការផលិត។

សម្រាប់ម្ចាស់សហគ្រាស និងសិប្បកម្ម៖ សហគ្រាសក្នុងស្រុកទាំងធំ និងតូច បានទទួលផលចំណេញពីចលនានេះយ៉ាងច្បាស់លាស់។ ការប្តូរទម្លាប់ប្រើប្រាស់របស់ប្រជាពលរដ្ឋធ្វើអាវជួយដល់ការពង្រឹងម៉ាក និងស្តង់ដារ ដើម្បីឆ្លើយតបទៅនឹងទីផ្សារថ្មី។ ក្រៅពីនេះក៏ជាឱកាសជួយនាំផលិតផលកម្ពុជាឆ្ពោះទៅទីផ្សារអន្តរជាតិ ដែលជួយកសាងទំនុកចិត្តពីអ្នកប្រើក្នុងស្រុក ជួយឲ្យម្ចាស់សហគ្រាសមានទំនុកចិត្តចូលរួមពាណិជ្ជកម្មពិភពលោកផងដែរ។សហគ្រាសក៏ទទួលបានឱកាសបង្កើនការលក់ និងទទួលបានផលចំណេញពីអតិថិជនក្នុងស្រុក ដែលជួយឲ្យពួកគេវិនិយោគក្នុងបច្ចេកវិទ្យាថ្មីៗ បង្កើនគុណភាពផលិតផល និងបំពេញតម្រូវការទីផ្សារទាំងក្នុង និងក្រៅប្រទេស។

សម្រាប់ប្រទេសទាំងមូល៖ ការជួយជម្រុញឲ្យមានការប្រើប្រាស់ផលិតផលខ្មែរ អាចបង្កើនឥទ្ធិពលប្រកួតប្រជែងរបស់កម្ពុជាលើទីផ្សារអន្តរជាតិ ពិសេសអាចឲ្យកម្ពុជា ឆ្ពោះទៅរកសេដ្ឋកិច្ចឯករាជ្យ និងបង្ហាញឲ្យពិភពលោកឃើញពីសមត្ថភាពផលិត និងការច្នៃប្រឌិតរបស់កម្ពុជាផងដែរ។ បន្ថែមពីនេះ ការជ្រើសរើសប្រើប្រាស់ផលិតផលខ្មែរ នឹងចូលរួមចំណែកក្នុងការរក្សា និងផ្សព្វផ្សាយវប្បធម៌ អត្តសញ្ញាណខ្មែរផងដែរ។

ប្រសិនបើចលនាជាតិនិយមគាំទ្រផលិតផលខ្មែរ ត្រូវបានគាំទ្រដោយការផ្សព្វផ្សាយប្រសើរ គោលនយោបាយជំរុញពីរដ្ឋ និងការចូលរួមពីឯកជន អាចនាំឲ្យកម្ពុជា បង្កើតម៉ាកផលិតផលកាន់តែច្រើន កាត់បន្ថយការពឹងផ្អែកលើទំនិញនាំចូលព្រមទាំងបង្កើនសមត្ថភាពប្រកួតប្រជែងក្នុងទីផ្សារអន្តរជាតិ។

ការជ្រើសរើសប្រើផលិតផលខ្មែរ មិនមែនគ្រាន់តែជាការគាំទ្រកសិករ ឬសហគ្រាសទេ ប៉ុន្តែជាការវិនិយោគផ្ទាល់ទៅលើអនាគតសេដ្ឋកិច្ច និងអត្តសញ្ញាណជាតិ។