|

បទវិភាគ៖ កិច្ចការចែកចាយសៀវភៅសិក្សានៅជំរុំជនភៀសសឹក គឺជាការធានាសមភាពក្នុងការអប់រំសម្រាប់កុមាររងគ្រោះ


នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ មន្ទីរអប់រំ យុវជន និងកីឡាខេត្តឧត្តរមានជ័យ បានអនុវត្តជោគជ័យនូវការចែកចាយសៀវភៅសិក្សាដល់សិស្សនៅជំរុំជនភៀសសឹកបាត់ថ្កៅ បន្ទាប់ពីទទួលសៀវភៅពីក្រសួងអប់រំ យុវជន និងកីឡា។ កិច្ចការនេះមានការចូលរួមយ៉ាងសកម្មពីលោកគ្រូ អ្នកគ្រូ ដែលបានដឹកនាំប្រមូលសិស្សចូលរៀននៅជ្រុងព្រះវិហារវត្ត ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ១១ ព្រឹក ដោយមានសិស្សសរុប ២៥៨ នាក់ ក្នុងនោះស្រី ១៤៥ នាក់។

កិច្ចការចែកចាយសៀវភៅនេះមិនត្រឹមតែជាជំហានបច្ចេកទេសនៃការគ្រប់គ្រងសម្ភារៈសិក្សាប៉ុណ្ណោះទេ ប៉ុន្តែបញ្ជាក់ថាជាផ្នែកសំខាន់នៃការធានាភាពសមភាពក្នុងការចូលរួមអប់រំសម្រាប់កុមាររងគ្រោះ។ សិស្សនៅក្នុងជំរុំជនភៀសសឹកមានបញ្ហាភាពងាយរងគ្រោះច្រើនជាងសិស្សក្នុងសហគមន៍ទូទៅ ដូច្នេះការផ្តល់ឱកាសដល់ពួកគេទទួលបានសៀវភៅសិក្សាដូចជាអ្នកដទៃ គឺជាភស្តុតាងនៃការអនុវត្តគោលនយោបាយមិនរើសអើងក្នុងការអប់រំ។

ជាងនេះទៅទៀត កុមារជនភៀសសឹកជាច្រើនប្រឈមមុខនឹងបញ្ហាការផ្ដោតអារម្មណ៍ទៅលើការសិក្សា។ ការដឹកនាំសិស្សដល់កន្លែងរៀន និងការផ្តល់សៀវភៅសិក្សាទៅដល់ពួកគេ គឺជាការទប់ស្កាត់ការបោះបង់ចោលការសិក្សា និងជួយបណ្តុះបណ្តាលឱ្យកុមារទាំងនោះមានសក្ដានុពលក្នុងការរស់នៅជាសមាជិកភាពនៃសង្គមនាពេលអនាគត។

ដោយឡែកតាមរយៈទិន្នន័យសិស្សានុសិស្សនៅជំរុំជនភៀសសឹកខាងលើនេះ ឃើញថា មានសិស្សស្រីចំនួន ១៤៥ នាក់ក្នុងចំណោម ២៥៨ នាក់ បង្ហាញពីសមាមាត្រស្រីខ្ពស់ក្នុងចំណោមសិស្សដែលចូលរួម។ នេះបង្ហាញពីការយកចិត្តទុកដាក់ជាក់លាក់លើកុមារនារី និងការលើកកម្ពស់សិទ្ធិស្មើៗគ្របស់កុមារផងដែរ។

សកម្មភាពនេះបង្ហាញឱ្យឃើញនូវការខិតខំប្រឹងប្រែងរបស់គ្រប់ស្ថាប័ន ជាពិសេសក្រសួងអប់រំក្នុងការធានាឱកាសសិក្សាសម្រាប់កុមារនៅក្នុងស្ថានភាពងាយរងគ្រោះ ដោយសាររដ្ឋបានចេះយល់ពីតម្លៃនៃការអប់រំជា “សិទ្ធិមូលដ្ឋានមនុស្ស”។ យ៉ាងណាមិញ ស្ថាប័នរដ្ឋ ក៏ដូចជាអ្នកបង្រៀន និងសហគមន៍រួមគ្នា ត្រូវបន្តការចូលរួមសកម្មក្នុងការបង្កើនគុណភាព និងសមភាពការអប់រំសម្រាប់កុមារទាំងអស់។