ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អំពាវនាវសូមមន្ត្រីកុំមានការព្រួយបារម្ភ ចំពោះការចូលរួមយុទ្ធនាការការធ្វើជំរឿនមន្ត្រី ព្រោះមិនមែនជាការស្វែងរកកំហុស ឬទិន្នន័យឯកសារចាស់ៗ ដើម្បីមានចំណាត់ការវិន័យនោះទេ
មានប្រសាសន៍ក្នុងពិធីប្រកាសបើកយុទ្ធនាការ «ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធនៃអង្គភាពសុខាភិបាលមូលដ្ឋាន» ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ នៅសាលាភូមិន្ទរដ្ឋបាល ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបញ្ជាក់ថា “ការធ្វើជំរឿនមន្ត្រី មិនមែនជាការឈានដល់ការវះកាត់ ឬស្វែងរកកំហុស ឬបាត់ប្រយោជន៍ក្នុងនាមជាមន្ត្រីរាជការដែលខិតខំបំពេញការងារពិតប្រាកដនោះទេ។”

យុទ្ធនាការជំរឿនមន្ត្រី តាមរចនាសម្ព័ន្ធអង្គភាពសុខាភិបាលមូលដ្ឋាន ទាមទារឱ្យមានការចូលរួមសហការពីអង្គភាពពាក់ព័ន្ធ ដូចជាមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព មន្ទីរសុខាភិបាល និងការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិ ពិសេសការចូលរួមដោយផ្ទាល់ និងការចូលរួមរបស់ប្រធានមន្ទីរពេទ្យ លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ និងមន្ត្រីសុខាភិបាលទាំងអស់ ដែលកំពុងបម្រើការងារនៅទូទាំង២៥ រាជធានី ខេត្ត។ ការចូលរួមទាំងនេះ ពិតជាមានសារៈសំខាន់ក្នុងការធានាភាពជោគជ័យនឹងការធ្វើជំរឿន សំដៅទទួលបានទិន្នន័យរួមមួយ ដែលមានភាពគ្រប់ជ្រុងជ្រោយ សង្គតិភាព អាចជឿទុកចិត្តបានពីគ្រប់ទិសទីពាក់ព័ន្ធទាំងអស់ សម្រាប់ការប្រើប្រាស់ជារួម នៅក្នុងប្រព័ន្ធរួមតែមួយក្នុងរដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលកម្ពុជា។ ទោះបីជាយ៉ាងនេះក្តី ការធ្វើជំរឿនមន្ត្រី មិនមែនជាការងារដាច់ដោយឡែករបស់ក្រសួងមុខងារសាធារណៈ ឬក៏ជាការទទួល ខុសត្រូវរបស់ក្រសួងសុខាភិបាលតែឯងនោះទេ តែជាការរួមចំណែករបស់យើងទាំងអស់គ្នា។

ការចូលរួមក្នុងយុទ្ធនាការជំរឿននៃអង្គភាពសុខាភិបាលមូលដ្ឋាន ក៏ដូចជាលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ប្រធានមន្ទីរពេទ្យ បានបង្ហាញពីស្មារតីគាំទ្រការងារកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល និងការទទួលខុសត្រូវរបស់អង្គភាពផ្ទាល់ ដើម្បីធ្វើការរួមគ្នា ដោយប្រកាន់ស្មារតី សហការគ្នា ក្រោមប្រព័ន្ធរួមតែមួយ ដើម្បីសម្រេចទិសដៅរួមមួយ ក្នុងការធ្វើបច្ចុប្បន្នភាពទិន្នន័យជាក់លាក់រួមមួយ សម្រាប់ជាមូលដ្ឋានក្នុងការប្រើប្រាស់ជារួម។ ក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា “ការគាំទ្រ និងការចូលរួមក្នុងការធ្វើជំរឿននេះ នឹងធ្វើឱ្យរាជរដ្ឋាភិបាល ទទួលបាននូវទិន្នន័យរួមមួយ សម្រាប់ការតាមដានបម្រែបម្រួលស្ថានភាពរបស់មន្ត្រី ការព្យាករណ៍អំពីទំហំតម្រូវការមន្ត្រី និងបុគ្គលិកសុខាភិបាល ដើម្បីដាក់ចេញនូវគោលនយោបាយអាទិភាពស្របតាមការវិវឌ្ឍនៃសង្គមជាតិយើង។”

លើសពីនេះ ការធ្វើជំរឿនមន្ត្រីនេះ គឺការពិនិត្យ ផ្ទៀងផ្ទាត់នូវរចនាសម្ព័ន្ធ ចំនួនអង្គភាពសុខាភិបាលមូលដ្ឋាននៅតាមរាជធានី ខេត្ត, ជំរុញការគ្រប់គ្រងមន្ត្រីសុខាភិបាលតាមប្រព័ន្ធទិន្នន័យឌីជីថល ព័ត៌មានទូទៅ អតីតភាព ឋានន្តរសក្តិ បៀវត្ស និងជំនាញ ដឹងចំនួនមន្ត្រីជាក់ស្តែងនៅតាមអង្គភាពសុខាភិបាលជាមូលដ្ឋាន សម្រាប់ការរៀបចំផែនការ ការពង្រាយ និងការជ្រើសរើសមន្ត្រីវិជ្ជាជីវៈសុខាភិបាល ឱ្យបានចំគោលដៅ។ ទិន្នន័យទាំងអស់នេះ នឹងចូលរួមចំណែកលើកកម្ពស់ការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព និងប្រសិទ្ធភាព ដែលជាវិធានការគន្លឹះមួយក្នុងចំណោមវិធានការគន្លឹះទាំង៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។

ជាចុងក្រោយ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានគូសបញ្ជាក់ថា ចំពោះលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ និងមន្ត្រីសុខាភិបាលទាំងអស់ ការចូលរួមក្នុងយុទ្ធនាការជំរឿនពីពេលនេះ ជាការផ្ទៀងផ្ទាត់ពីចំនួននៃវត្តមានរបស់មន្ត្រី ដែលកំពុងបម្រើការងារនៅតាមអង្គភាពសុខាភិបាលជាក់ស្តែង ដើម្បីធ្វើបច្ចុប្បន្នភាពទិន្នន័យ មិនមែនជាការស្វែងរកកំហុស ឬទិន្នន័យឯកសារចាស់ៗ ដើម្បីមានចំណាត់ការវិន័យនោះទេ។ “ដូច្នេះ សូមកុំមានការព្រួយបារម្ភ សូមឱ្យចូលរួមឱ្យបានគ្រប់ៗគ្នា។ ការចូលរួមរបស់លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ និងមន្ត្រីសុខាភិបាលទាំងអស់ គឺជាចំណែកយ៉ាងសំខាន់ ក្នុងការកសាងទិន្នន័យមានការជឿជាក់ និងអាចប្រើប្រាស់បាន សំដៅដោះស្រាយបញ្ហាប្រឈមនានា ចំពោះការពង្រីក និងបំពេញបន្ថែមនូវមន្ត្រីវិជ្ជាជីវសុខាភិបាលដែលជាមូលដ្ឋានសំខាន់ ចូលរួមចំណែកពង្រឹងគុណភាពសេវាសុខាភិបាលនៅកម្ពុជា។” ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្ថែម៕
















