|

ក្រសួងមុខងារសាធារណៈបានបន្តសហការជាមួយក្រសួងសុខាភិបាលក្នុងយុទ្ធនាការ ធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធនៃអង្គភាពសុខាភិបាលមូលដ្ឋាន


នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ កក្កដា ២០២៥ ក្រសួងមុខងារសាធារណៈបានរៀបចំកម្មពិធីប្រកាសបើកយុទ្ធនាការចុះធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃអង្គភាពសុខាភិបាលមូលដ្ឋាន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧបត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងវត្តមានរបស់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដែលបានធ្វើឡើងនៅសាលាភូមិន្ទរដ្ឋបាល។

យុទ្ធនាការនេះមានគោលបំណងបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងមន្ត្រីសាធារណៈ ដោយកំណត់រចនាសម្ព័ន្ធអង្គភាពឱ្យបានច្បាស់លាស់ និងសមស្រប ព្រមទាំងធ្វើបច្ចុប្បន្នភាពចំនួនមន្ត្រីដែលកំពុងបម្រើការងារជាក់ស្ដែងនៅតាមអង្គភាពសុខាភិបាល រួមទាំងការអភិវឌ្ឍប្រព័ន្ធទិន្នន័យមន្ត្រីសាធារណៈ និងកែលម្អប្រព័ន្ធផ្ដល់ប្រាក់បៀរវត្សដល់មន្ត្រីសុខាភិបាលដែលកំពុងបំពេញភារកិច្ចជាក់ស្ដែង។

ជាមួយគ្នានេះ វាជាការបន្តផ្លូវដំណើរនៃការពិនិត្យឡើងវិញ និងវិភាគមុខងាររបស់អង្គភាពសាធារណៈ ដែលបានអនុវត្តដោយក្រសួងមុខងារសាធារណៈ។ យុទ្ធនាការនេះដែរ ត្រូវបានគ្រោងអនុវត្តលើអង្គភាពសាធារណៈជាច្រើន រួមមានគ្រឹះស្ថានអប់រំ ស្ថាប័នថ្នាក់ជាតិ និងអង្គភាពសុខាភិបាលជាចម្បង។

គួរបញ្ជាក់ថា ការជំរឿនមន្ត្រីជាក់ស្ដែងមិនមែនជារឿងថ្មីទេ ដោយវាត្រូវបានអនុវត្តរួចមកហើយចំនួនបីដង គឺនៅឆ្នាំ ១៩៩៥ ឆ្នាំ ១៩៩៩ និងលើកចុងក្រោយនៅឆ្នាំ ២០១០។
ដោយឡែក យុទ្ធនាការថ្មីនេះ គឺជាជំហានសំខាន់មួយក្នុងការធ្វើឱ្យរដ្ឋបាលសាធារណៈរឹងមាំ និងឆ្ពោះទៅរកប្រព័ន្ធគ្រប់គ្រងមន្ត្រីដែលមានប្រសិទ្ធភាព និងធន់ធ្ងន់ជាងមុន ជាពិសេសក្នុងវិស័យសុខាភិបាល។