ក្រសួងការបរទេសឡាវ នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ស្របពេលដែលថៃគ្រោងស្នើសុំការគាំទ្រពីឡាវដើម្បីដាក់សម្ពាធលើកម្ពុជា!
យោងតាមក្រសួងការបរទេសកម្ពុជាបានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសឡាវ នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា តបតាមការអញ្ជើញរបស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ថងសាវណ្ណ កុមវិហាន (Thongsavanh PHOMVIHANE) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត ឡាវ និងលោកជំទាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ២៤ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥។
ក្នុងអំឡុងពេលនៃទស្សនកិច្ចនេះ ឯកឧត្តម ថងសាវណ្ណ ភូមវិហាន នឹងមានព្រះរាជសវនាការជាមួយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា និងចូលជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី។
ឯកឧត្តមរដ្ឋមន្ត្រីការបរទេសឡាវ ក៏នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បីពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងកម្ពុជា-ឡាវ។ ដំណើរទស្សនកិច្ចផ្លូវការនាពេលខាងមុខនេះ បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមក្នុងការធ្វើឱ្យ កាន់តែស៊ីជម្រៅនូវចំណងមិត្តភាពជាប្រពៃណីដ៏យូរអង្វែងរវាងប្រជាជនទាំងពីរ។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ ធ្វើឡើងស្របពេលដែលប្រទេសកម្ពុជា និងថៃ កំពុងមានបញ្ហាចម្រូងចម្រាសនៅព្រំដែន ហើយ លោក ប៊ុនស៊ីន ផាតក្លាង មេបញ្ជាការភូមិភាគ ២ របស់ថៃ គ្រោងធ្វើការស្នើសុំកិច្ចសហប្រតិបត្តិការពីប្រទេសឡាវ ដើម្បីដាក់សម្ពាធលើកម្ពុជា អំពីការកាត់ផ្តាច់គ្រឿងផ្គត់ផ្គង់ ដូចជា ប្រេង និងសម្ភារគ្រឿងបរិក្ខារយោធាចាំបាច់ជាច្រើនទៀត។














