ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសដំឡើងពន្ធនាំចូល ១៩% លើទំនិញពីហ្វីលីពីន បន្ទាប់ពីកិច្ចប្រជុំមួយ
លោក trump បានអះអាងថា ពន្ធគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងយោធាថ្មី បើទោះជាមិនមានការបញ្ជាក់ជាផ្លូវការដោយហ្វីលីពីនក៏ដោយ។
ពន្ធគយនេះ ត្រូវបានមើលឃើញថា ខ្ពស់ជាងពេលមុន ពោលគឺកើនឡើងពី ១៧% ក្នុងខែមេសា ដល់ ១៩%។ ហ្វីលីពីននាំចេញទំនិញប្រហែល ១៤,២ ពាន់លានដុល្លារទៅអាមេរិកក្នុងមួយឆ្នាំៗ រួមទាំងគ្រឿងបន្លាស់រថយន្ត គ្រឿងអេឡិចត្រូនិក វាយនភណ្ឌ និងប្រេងដូង។
យុទ្ធសាស្ត្រដ៏ទូលំទូលាយរបស់លោក Trump គឺប្រើប្រាស់ពន្ធគយជាអានុភាពដើម្បីជំរុញប្រទេសនានាឱ្យដកចេញនូវរបាំងពាណិជ្ជកម្មប្រឆាំងនឹងទំនិញរបស់សហរដ្ឋអាមេរិក។ ទោះបីជាលោកបានឈានដល់កិច្ចព្រមព្រៀងមួយផ្នែកជាមួយប្រទេសមួយចំនួន រួមទាំងចក្រភពអង់គ្លេស ចិន និងឥណ្ឌូនេស៊ីក៏ដោយ ក៏បញ្ហាសំខាន់ៗជាច្រើននៅតែមិនទាន់ត្រូវបានដោះស្រាយ ហើយពន្ធខ្ពស់នៅតែមាន។ ជាមួយនឹងការដំឡើងពន្ធថ្មីសម្រាប់ថ្ងៃទី ១ ខែសីហា ភាពតានតឹងពាណិជ្ជកម្មកំពុងកើនឡើង។ កាណាដា និងសហភាពអឺរ៉ុបកំពុងពិចារណាលើការសងសឹក ដោយសារការចរចាបង្ហាញវឌ្ឍនភាពតិចតួច។
ដោយឡែក នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បាននិយាយថា រដ្ឋាភិបាលនឹងមិនទទួលយកកិច្ចព្រមព្រៀង ដើម្បីបំពេញតាមការទាមទាររបស់សហរដ្ឋអាមេរិកនោះទេ។
គួរបញ្ជាក់ថា អាជីវកម្មជាច្រើនកំពុងទទួលរងផលប៉ះពាល់។ ក្រុមហ៊ុន General Motors បានរាយការណ៍ពីការខាតបង់ជាង ១ ពាន់លានដុល្លារដោយសារតែពន្ធគយក្នុងរយៈពេលត្រឹមតែ ៣ ខែប៉ុណ្ណោះ ហើយ Stellantis បាននិយាយថាខ្លួនប្រឈមនឹងការចំណាយចំនួន ៣០០ លានអឺរ៉ូ (៣៤៩ លានដុល្លារ) ដែលបង្ហាញពីភាពតានតឹងសេដ្ឋកិច្ចនៃគោលនយោបាយពាណិជ្ជកម្មដែលកំពុងដំណើរការរបស់ Trump ។
ប្រភព៖ BBC
















