ហ៊ុន ម៉ានី៖ បុរសម្នាក់លះបង់អ្វីគ្រប់យ៉ាងដើម្បីនាំសន្តិភាពពេញលេញជូនជាតិមាតុភូមិ
ដោយ៖ សន ស្រីពេជ្រ
មុននេះបន្តិច ឯកឧត្តម ហ៊ុន ម៉ានី បានរៀបរាប់ទាំងឈឺចាប់នៅលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់លោក(Hun Many) អំពីការចាប់ផ្តើមដំណើរឆ្ពោះទៅរកការសង្រ្គោះជាតិរបស់សម្តេចតេជោ ហ៊ុន សែន ដែលត្រូវជាឪពុកបង្កើតរបស់លោក កាលពីអំឡុងទសវត្សរ៍ឆ្នាំ៧០ ពោលគឺនៅថ្ងៃទី២០ ខែមិថុនា ១៩៧៧។ វាជាការចាប់ផ្តើមនៃចលនាតស៊ូមួយ គួបផ្សំនឹងចលនាតស៊ូនានាដើម្បីផ្តួលរំលំក្រុមខ្មែរក្រហម និងបញ្ចប់ការកាប់សម្លាប់ ប្រល័យពូជសាសន៍ ការទារុណកម្ម និងរបបទាសភាព ហើយផ្តល់ជូនប្រជាជនមកវិញនូវការរស់រានមានជីវិតសារជាថ្មី ជីវភាពថ្លៃថ្នូរ ព្រមទាំងដំណើរស្វែងរកសន្តិភាពយូរអង្វែងមួយ។
លោកបានរៀបរាប់ថា ៖ «កាលពី៤៤ឆ្នាំមុន ពេលវេលានេះ ជាពេលវេលាដ៏ឈឺចាប់ និងជូរចត់រកអ្វីប្រៀបផ្ទឹមពុំបាន ដែលបុរសម្នាក់ត្រូវធ្វើការសម្រេចចិត្តដ៏លំបាកបំផុតក្នុងការចេញដំណើរទៅធ្វើបេសកម្មមួយដែលបានស្រោចស្រង់អាយុជីវិតប្រជាជន និងប្រទេសពីក្រញុំនៃរបបប្រល័យពូជសាសន៍ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។ នៅពេលនោះហើយ ដែលបុរសម្នាក់នោះត្រូវទុកប្រពន្ធ កូនជាទីស្រលាញ់ស្មើរកែវភ្នែក និងបេះដូងដែលមិនទាន់បានឃើញពន្លឺថ្ងៃផង ដើម្បីទៅស្វែងរកការសង្រ្គោះជាតិនៅក្នុងកាលៈទេសៈ និងភាពប្រថុយប្រថានខ្ពស់បំផុត។»
អ្នកតំណាងរាស្ត្រខេត្តកំពង់ស្ពឺរូបនេះបន្តថា៖ «ក្នុងការចងចាំនេះ គឺបានបង្កប់នូវអនុស្សាវរីយ៍ជាច្រើន សម្រាប់សម្តេចតេជោក្នុងនាមជាបុគ្គលផ្ទាល់ ដែលបានឆ្លងកាត់នូវពេលវេលាដ៏លំបាក និងអាក្រក់បំផុតក្នុងជីវិតរបស់លោក។ ការឈឺចាប់សែនវេទនានេះ កាន់តែធ្វើឱ្យលោកពិបាកទ្វេដងក្នុងការខាំមាត់សង្កត់ចិត្ត អត់ទ្រាំនឹងទង្វើដ៏ព្រៃផ្សៃទាំងឡាយដែលខ្លួនលោកផ្ទាល់ និងគ្រួសារដែលជាជនរងគ្រោះមួយក្នុងចំណោមក្រុមគ្រួសាររាប់លានផ្សេងទៀត បានជួបប្រទះ ដើម្បីផ្តោតស្រួចឆ្ពោះទៅការផ្តួលរលំរបបឃោឃៅមួយនេះ និងស្វែងរកសុខសន្តិភាពជូនជាតិមាតុភូមិ និងប្រជាជនជាទីស្រលាញ់ដ៏ជ្រាលជ្រៅបំផុតរបស់លោក។»
តាមរយៈសារដដែលលោកបានបន្តថា ៖ «ដោយសារការតាំងចិត្ត លះបង់ខ្ពស់ និងភាពវៃឆ្លាតក្នុងការក្តាប់សភាពការណ៍ទាំងក្នុង និងក្រៅប្រទេស ទើបបេសកកម្មដ៏សែនគ្រោះថ្នាក់ និងស្ទើរតែគ្មានសង្ឃឹមពីពេលចាប់ផ្តើម បានប្រែក្លាយទៅជាចលនារំដោះជាតិមាតុភូមិ ដែលបាននាំមកនូវការបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ថ្ងៃ២ ធ្នូ ១៩៧៨ និងដែលនាំទៅដល់ជ័យជំនះដ៏ត្រចះត្រចង់ នាថ្ងៃ៧ មករា ១៩៧៩។» លោកសង្កត់ធ្ងន់ទៀតថា ៖ «សន្តិភាព គឺពិតជារតនសម្បត្តិដ៏មានតម្លៃវិសេសវិសាលមិនត្រឹមតែចំពោះថ្នាក់ដឹកនាំ និងយុទ្ធជននាសម័យកាលមុនប៉ុណ្ណោះទេ។ តែវារឹតតែមានតម្លៃសម្រាប់យើងទាំងអស់គ្នា និងកូនចៅជំនាន់ក្រោយរបស់កម្ពុជាថែមទៅទៀត។ ការរក្សាឱ្យបាននូវសុខសន្តិភាព គឺជាកាតព្វកិច្ច និងទំនួលខុសត្រូវខ្ពស់បំផុតរបស់កូនខ្មែរគ្រប់រូប ដើម្បីធានាថាអនាគតកម្ពុជានឹងមិនអនុញ្ញាតឱ្យសោកនាដកម្មក្នុងអតីតកាលអាចមកយាយី គម្រាមគំហែងដល់សន្តិភាពដែលយើងមាននៅពេលនេះបានឡើយ ទោះជាក្នុងតម្លៃណាក៏ដោយ។»
ជារួម នេះជាការចងចាំមួយ ដែលជាគុណូបការដ៏អស្ចារ្យរបស់ក្រុមយុវជនជំនាន់មុនដែលដឹកនាំដោយសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីបច្ចុប្បន្នរបស់ព្រះរាជាណាចក្រកម្ពុជាចំពោះប្រជាជនខ្មែរគ្រប់រូបគ្មានថ្ងៃភ្លេច។ ដូចនេះក្នុងនាមយើងជាប្រជាពលរដ្ឋ ក៏ដូចជាយុវជនជំនាន់សម័យជឿនលឿនគ្រប់រូបត្រូវតែរក្សា ការពារនូវសុខសន្តិភាពមួយនេះឱ្យនៅជានិរន្តរ៍សម្រាប់បងប្អូនកូនចៅរបស់យើងជំនាន់ក្រោយ ក៏ដូចជាចូលរួមកាន់ដៃចង្កូតនាវាកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍ៕
កែសម្រួលដោយ៖ BRANDMEDIA