សហរដ្ឋអាមេរិក បានឈានដល់កិច្ចព្រមព្រៀងពន្ធថ្មីជាមួយប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីការចរចាដ៏តានតឹងជាច្រើនសប្ដាហ៍!


ប្រធានាធិបតីអាមេរិក លោក ដូណាស់ត្រាំ បានអះអាងថា សហរដ្ឋអាមេរិកនឹងកាត់បន្ថយអត្រាពន្ធលើទំនិញនាំចូលពីឥណ្ឌូនេស៊ី ចុះមកនៅត្រឹម ១៩% ជំនួសនឹងការចូលដំណើរការប្រកបដោយសេរីភាពសម្រាប់ក្រុមហ៊ុនអាមេរិកនៅទីផ្សារឥណ្ឌូនេស៊ី។ ការសម្រេចនេះត្រូវបានធ្វើឡើងក្រោយការហៅទូរស័ព្ទជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី។

ស្របពេលនោះដែរ អាមេរិកអះអាងថា ឥណ្ឌូនេស៊ីបានព្រមព្រៀងទិញផលិតផលអាមេរិកចំនួនធំរួមមាន ថាមពលអាមេរិក ១៥ ពាន់លានដុល្លា, ផលិតផលកសិកម្ម ៤.៥ ពាន់លានដុល្លា និងយន្តហោះ Boeing ៥០គ្រឿង។

ទោះបីជាយ៉ាងណា រដ្ឋាភិបាលឥណ្ឌូនេស៊ីមិនទាន់បញ្ជាក់ផ្លូវការអំពីកិច្ចព្រមព្រៀងនេះនោះទេ។ មន្ត្រីជាន់ខ្ពស់ម្នាក់បានបញ្ជាក់តែប៉ុណ្ណោះថា សេចក្ដីថ្លែងការណ៍នឹងត្រូវបានចេញផ្សាយក្នុងពេលឆាប់ៗនេះ។

ការចរចានេះកើតឡើងនៅក្នុងបរិបទដែលសេតវិមានបានកំពុងបន្តប្រើយុទ្ធសាស្ត្រការគំរាមពន្ធជាមួយបណ្តាប្រទេសដៃគូពាណិជ្ជកម្មដូចជា សហភាពអឺរ៉ុប កាណាដា ជប៉ុន និងចិន។ ក្នុងលិខិតមួយដែលបានផ្ញើទៅឥណ្ឌូនេស៊ីកាលពីសប្ដាហ៍មុន ត្រាំបានរំពឹងដាក់ពន្ធដល់ទៅ ៣២% ប៉ុន្តែបានកាត់បន្ថយក្រោយពេលពិភាក្សា។

សាស្ត្រាចារ្យសេដ្ឋកិច្ច Stephen Marks បានបញ្ជាក់ថា អត្ថប្រយោជន៍សម្រាប់ឥណ្ឌូនេស៊ីក្នុងកិច្ចព្រមព្រៀងនេះគឺផ្នែកនយោបាយជាងផ្នែកសេដ្ឋកិច្ច។ លោកបានបញ្ជាក់ថា ទំនិញដែលអាមេរិកនាំចូលពីឥណ្ឌូនេស៊ីមានតម្លៃសំខាន់ ដូចជា សម្លៀកបំពាក់ ស្បែកជើង ផលិតផលបច្ចេកវិទ្យា និងប្រេងដូង។

យ៉ាងណាមិញ រដ្ឋបាលអាមេរិកក៏បានធ្វើកិច្ចព្រមព្រៀងស្រដៀងគ្នានេះជាមួយចក្រភពអង់គ្លេស ចិន និងវៀតណាម កន្លងមកផងដែរ ប៉ុន្តែភាគច្រើននៃកិច្ចព្រមព្រៀងទាំងនោះនៅតែមានពន្ធខ្ពស់ និងមិនបានដោះស្រាយបញ្ហាសំខាន់ៗនោះឡើយ។

ប្រភព៖ BBC