|

ក្រសួងអប់រំ សម្រួលដល់សិស្ស៦០០នាក់ ដែលជម្លៀសខ្លួនមកជាមួយឪពុកម្តាយពីព្រំដែនមកកាន់ជំរំសុវត្ថិភាព ឱ្យបានចូលសិក្សានៅជិតជំរំ!


នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជួបសំណេះសំណាល និងពិនិត្យស្ថានភាពនៃការបង្រៀននិងរៀននៅជំរំសុវត្ថិភាព វត្តពោធិ៍៥០០០ដើម ស្រុកគូលែន ខេត្តព្រះវិហារ និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ អាជ្ញាធរមូលដ្ឋាន គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សដែលបានជម្លៀសខ្លួនជាច្រើនរូប។

ក្នុងអំឡុងពេលបំពេញចុះពិនិត្យស្ថានភាពនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានជជែកពិភាក្សាជាមួយលោកគ្រូ អ្នកគ្រូ និងភាគីពាក់ព័ន្ធ ដើម្បីទទួលបានព័ត៌មានផ្ទាល់អំពីដំណើរការនៃការអប់រំ ក៏ដូចជាបញ្ហាប្រឈមនានា។ ក្នុងន័យនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ជាពិសេសក្រសួងអប់រំ យុវជន និងកីឡាផ្ទាល់ ក្នុងការធានាប្រសិទ្ធភាពនៃការអប់រំសម្រាប់សិស្សានុសិស្សនៅតាមតំបន់ដែលមានភាពងាយរងគ្រោះ និងបានលើកឡើងពីកិច្ចសហប្រតិបត្តិការយ៉ាងស្និទ្ធស្នាល រវាងក្រសួងអប់រំ យុវជន និងកីឡា ជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីពង្រឹងសេវាកម្មអប់រំឱ្យកាន់តែប្រសើរឡើងទោះក្នុងកាលៈទេសៈណាក៏ដោយ។

គួរបញ្ជាក់ថា សិស្សានុសិស្សតាមបណ្តោយព្រំដែននៃស្រុកជាំក្សាន្ត ខេត្តព្រះវិហារជាង៦០០នាក់ ដែលពួកគេបានជម្លៀសខ្លួនមកជាមួយឪពុកម្តាយមកកាន់ជំរំសុវត្ថិភាពនាពេលនេះ បានចូលរៀននៅសាលាបឋមសិក្សាដែលនៅជិតជំរំ ស្ថិតនៅវត្តពោធិ៍៥០០០ដើម ស្រុកគូលែន បន្ទាប់ពីមានការសម្របសម្រួលពីក្រសួងអប់រំ យុវជន និងកីឡា។

បើយោងតាមរបាយការណ៍របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះវិហារ កុមារតូចៗ និងសិស្សប្រមាណ ១៤០០នាក់ បានមកតាមឳពុកម្តាយ ដែលធ្វើឱ្យកុមារជាសិស្សានុសិស្សមិនបានទទួលការសិក្សានោះទេ។ ក្រោយពីមានការសម្របសម្រួលពីថ្នាក់ដឹកនាំនាយកដ្ឋានបឋមសិក្សា រដ្ឋបាលស្រុក និងការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលស្រុកគូលែន សិស្សានុសិស្សថ្នាក់ទី១ ដល់ថ្នាក់ទី៦ ចំនួន ៣៤៣នាក់ ស្រី ១៦៧នាក់ បានបន្តទទួលសិក្សា ដោយប្រើប្រាស់បន្ទប់រៀន ៦បន្ទប់ នៃសាលាបឋមសិក្សាដែលនៅជិតជំរំសុវត្ថិភាព ដោយកំណត់ពេលព្រឹកចាប់ពីម៉ោង ៧:០០ ដល់ម៉ោង ១១:០០ និងពេលរសៀលចាប់ពីម៉ោង ១៤:០០ នាទី ដល់ម៉ោង ១៧:០០ នាទី។

នាឱកាសនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បាននាំយកអំណោយជាច្រើនរួមមាន ទូរទស្សន៍វ័យឆ្លាត ១គ្រឿង សម្ភារៈសិក្សានៃកញ្ចប់សម្ភារៈអំណាន និងគណិតវិទ្យាថ្នាក់ដំបូង សៀវភៅសិក្សាគោលពីថ្នាក់ទី១ដល់ថ្នាក់ទី៩លើគ្រប់មុខវិជ្ជា សម្ភារៈកីឡា កាតាបនិងសម្ភារៈសិក្សាសម្រាប់កុមារ ម៉ាស៊ីន LCD ថេប្លេត សៀវភៅសរសេរ និងប៊ិក ដើម្បីផ្តល់ជូនដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ក្នុងដំណើរការបង្រៀននិងរៀន ជាពិសេសការបន្តអនុវត្តថ្នាលបឋម PLP។

តាមសេចក្តីរាយការណ៍បានបង្ហាញថា មានសិស្ស ២៦៣នាក់ ស្រី ១០២នាក់ បន្តមកសាលារៀន និងទទួលបានការសិក្សាដោយផ្ទាល់ជាមួយលោកគ្រូ អ្នកគ្រូ ព្រមទាំងបន្តរៀនតាមរយៈការអនុវត្តថ្នាលបឋម PLP ផងដែរ៕