|

ក្រុមហ៊ុនដ៏ធំមួយនៅចិន ចង់ពង្រីកការវិនិយោគ បង្កើតរោងចក្រផលិតស្រោមដៃពេទ្យនៅកម្ពុជា


នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយលោក លាវ គួយស៊ី(Liu Guixi) ប្រធានក្រុមហ៊ុន Shijiazhuang Hongray Group Co., Ltd.។

ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
លោក លាវ គួយស៊ី(Liu Guixi) ប្រធានក្រុមហ៊ុន Shijiazhuang Hongray Group Co., Ltd.

ជាកិច្ចចាប់ផ្តើម ឯកឧត្តមអគ្គលេខាធិការបានស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូ និងបានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលលោក លាវ គួយស៊ី បានដឹកនាំគណៈប្រតិភូមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាក្នុងពេលវេលាមួយដ៏សមស្របបំផុត និងបានថ្លែងអំណរគុណដល់ក្រុមហ៊ុន Shijiazhuang Hongray Group Co., Ltd. ដែលបានសហការជាមួយក្រុមហ៊ុន Medtecs MSEZ Corp.,Ltd បណ្តាក់ទុនវិនិយោគបង្កើតរោងចក្រផលិតស្រោមដៃពេទ្យ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេហាតធេន ស្ថិតនៅខេត្តស្វាយរៀង។ ឯកឧត្តមអគ្គលេខាធិការក៏បានជម្រាបជូនគណៈប្រតិភូពីស្ថានភាពដ៏ល្អប្រសើរនៃវិនិយោគនៅកម្ពុជា, របបលើកទឹកចិត្តប្រកបដោយភាពទាក់ទាញក្រោមច្បាប់ស្តីពីវិនិយោគដែលបើកចំហ មានតម្លាភាព និងអាចប៉ាន់ប្រមាណទុកជាមុនបាន និងសក្តានុពលវិនិយោគក្នុងវិស័យអាទិភាពមួយចំនួន។

លោក លាវ គួយស៊ី បានថ្លែងអំណរគុណជូនចំពោះឯកឧត្តមអគ្គលេខាធិការដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលជួបពិភាក្សាការងារ និងបានជម្រាបថា ក្រុមហ៊ុន Shijiazhuang Hongray Group Co., Ltd. គឺជាក្រុមហ៊ុនដ៏ធំមួយដែលមានបទពិសោធន៍ប្រមាណ ៣០ឆ្នាំកន្លងមកហើយក្នុងការផលិតស្រោមដៃពេទ្យ និងឧបករណ៍ការពារផ្ទាល់ខ្លួន (PPE) នាំចេញទៅទីផ្សារអាម៉េរិក និងសហគមន៍អឺរ៉ុប។ លោក លាវ គួយស៊ី បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចនៅកម្ពុជានាពេលនេះគឺក្នុងគោលបំណងស្វែងរកទីតាំងថ្មី ដើម្បីពង្រីកការវិនិយោគបង្កើតរោងចក្រផលិតស្រោមដៃពេទ្យ និងឧបករណ៍ការពារផ្ទាល់ខ្លួន (PPE) ដោយមានតម្រូវការពង្រីកខ្សែច្រវាក់ផលិតកម្មរហូតដល់ទៅ ១០ខ្សែបន្ថែមទៀត។

ជាការឆ្លើយតប ឯកឧត្តមអគ្គលេខាធិការបានសម្តែងនូវការគាំទ្រចំពោះគម្រោងពង្រីកការវិនិយោគរបស់ក្រុមហ៊ុន។ ទន្ទឹមនឹងនេះ ឯកឧត្តមអគ្គលេខាធិការបានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពក្នុងការយកជ័រកៅស៊ូក្នុងស្រុកឱ្យបានច្រើនជាអតិបរមាធ្វើជាធាតុចូលផលិតកម្ម ជំនួសឱ្យការប្រើសារធាតុគីមីផ្សេងៗ ដើម្បីកាត់បន្ថយនូវហានិភ័យប៉ះពាល់បរិស្ថានដែលបណ្តាលមកពីដំណើរការផលិតកម្មរបស់ក្រុមហ៊ុន។

ប្រភព៖ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា