Influencer ឥណ្ឌូនេស៊ីម្នាក់ ត្រូវបានតុលាការមីយ៉ាន់ម៉ាចោទប្រកាន់ពីបទរំលោភច្បាប់ស្តីពីអំពើភេរវកម្ម និងត្រូវកាត់ទោសឱ្យជាប់គុក ៧ ឆ្នាំ!


មន្ត្រីក្រសួងការបរទេស នៅទីក្រុងហ្សាការតា បាននិយាយថា អ្នកមានឥទ្ធិពលលើបណ្ដាញសង្គម ជនជាតិឥណ្ឌូនេស៊ីម្នាក់ ត្រូវបានកាត់ទោស ឱ្យជាប់គុកប្រាំពីរឆ្នាំ ដោយសារការជួបក្រុមឧទ្ទាម នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលគ្រប់គ្រងដោយរបបយោធា។

មីយ៉ាន់ម៉ា ត្រូវបានលេបត្របាក់ដោយសង្គ្រាមស៊ីវិលច្រើនភាគី ចាប់តាំងពីយោធាធ្វើរដ្ឋប្រហារ ដោយបណ្ដាលឱ្យមនុស្សរាប់លាននាក់ត្រូវភៀសខ្លួន នេះបើតាមតួលេខ របស់អង្គការសហប្រជាជាតិ។ អ្នកមានឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយសង្គមឥណ្ឌូណេស៊ី ដែលត្រូវបានក្រុមមន្ត្រីកំណត់អត្តសញ្ញាណថាមានអាយុ ៣៣ ឆ្នាំដែលមានអក្សរកាត់ A.P. ត្រូវបានចាប់ខ្លួនដោយអាជ្ញាធរមីយ៉ាន់ម៉ាកាលពីខែធ្នូ។

លោក Judha Nugraha នាយកផ្នែកការពារពលរដ្ឋនៅក្រសួងការបរទេសឥណ្ឌូនេស៊ីបាននិយាយថា “បន្ទាប់ពីឆ្លងកាត់ដំណើរការតុលាការ A.P. ត្រូវបានកាត់ទោសឱ្យជាប់គុកប្រាំពីរឆ្នាំ” ។ លោក Judha បាននិយាយថា ជនជាតិឥណ្ឌូណេស៊ីរូបនេះ ត្រូវបានគេចោទប្រកាន់ថាបានចូលប្រទេសមីយ៉ាន់ម៉ាដោយខុសច្បាប់ ហើយបន្ទាប់មកបានជួបក្រុមប្រដាប់អាវុធដែលត្រូវបានចាត់ថ្នាក់ជាអង្គការហាមឃាត់។

តុលាការមីយ៉ាន់ម៉ាបានចោទប្រកាន់គាត់ពីបទរំលោភច្បាប់ស្តីពីអំពើភេរវកម្ម អន្តោប្រវេសន៍ និងសមាគមខុសច្បាប់ ខណៈដែលរបបយោធាប្រយុទ្ធជាមួយពួកឧទ្ទាមក្នុងសង្គ្រាមដ៏ចម្រូងចម្រាស។

បុរសជនជាតិឥណ្ឌូណេស៊ីរូបនេះ បច្ចុប្បន្នកំពុងត្រូវបានឃុំខ្លួននៅពន្ធនាគារ Insein ក្នុងទីក្រុង Yangon ដែលជារដ្ឋធានីសេដ្ឋកិច្ចរបស់ប្រទេសមីយ៉ាន់ម៉ា។

ប្រភព៖ The straits times