|

សម្តេចតេជោ ហ៊ុន សែន ប្រាប់ទីប្រឹក្សាពិសេសរបស់នាយករដ្ឋមន្ត្រីជប៉ុនថា កម្ពុជា មកដល់ពេលនេះ មិនទាន់ត្រូវការភាគីទី៣ ក្នុងការចូលរួមចំណែកដោះស្រាយ បញ្ហាព្រំដែនរវាងកម្ពុជា និងថៃទេ


ថ្លែងក្នុងជំនួបជាមួយលោក Nagashima Akihisa សមាជិករដ្ឋសភា និងជាទីប្រឹក្សាពិសេសនាយករដ្ឋមន្ត្រីជប៉ុននៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ទៅកាន់ទីប្រឹក្សាពិសេស របស់នាយករដ្ឋមន្ត្រីជប៉ុនបន្ថែមឱ្យបានយល់អំពីទិដ្ឋភាពជាក់ស្ដែងពីបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ដែលកំពុងកើតមាន ដោយចាប់ផ្ដើមចេញពីការបាញ់ប្រហាររបស់ទាហានថៃ មកលើទាហានកម្ពុជាស្លាប់ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅ និងការសម្រេចបិទព្រំដែនជាឯកតោភាគទី របស់ភាគីថៃ ដែលធ្វើឲ្យស្ថានភាព នៃបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ កាន់តែតានតឹងនាពេលបច្ចុប្បន្ននេះ។

សម្ដេចតេជោ ក៏បានបញ្ជាក់បន្ថែមពីចំណុចសំខាន់ ដើម្បីពន្យល់ទៅកាន់ទីប្រឹក្សាពិសេស របស់នាយករដ្ឋមន្ត្រីជប៉ុន ឱ្យបានជ្រាបពីទិដ្ឋភាពជាក់ស្ដែង ដែលបានកើតឡើងរវាងកម្ពុជា និងថៃនាពេលកន្លងមក ក៏ដូចជានាពេលបច្ចុប្បន្ន ។

ក្នុងឱកាសនោះ សម្ដេចតេជោ ក៏បានឆ្លៀតប្រាប់ទៅទីប្រឹក្សាពិសេសរបស់នាយករដ្ឋមន្ត្រីជប៉ុនថា កម្ពុជា មកដល់ពេលនេះ មិនទាន់ត្រូវការភាគីទី៣ ក្នុងការចូលរួមចំណែកដោះស្រាយ បញ្ហាព្រំដែនរវាងកម្ពុជា និងថៃទេ (ភាគីទី៣ នោះ គឺសំដៅទៅលើប្រទេសទី៣) ។ អ្វីដែលកម្ពុជា ត្រូវការនោះ គឺការជំរុញការដោះស្រាយតាមរយៈយន្តការសន្តិវិធី ពោល គឺតាមរយៈយន្តការ នៃច្បាប់អន្តរជាតិ ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ។ ក្នុងនោះ សម្ដេចតេជោ បានបញ្ជាក់ថា ទោះបីពេលនេះ កម្ពុជា មិនទាន់ត្រូវការប្រទេសទី៣ ក្នុងការជួយដោះស្រាយបញ្ហាព្រំដែនកម្ពុជា និងថៃ ក៏ពិតមែន ប៉ុន្តែសម្ដេចបានប្រាប់ទៅកាន់ទីប្រឹក្សាពិសេសរបស់នាយករដ្ឋមន្ត្រីជប៉ុនបានជ្រាប ហើយអាចឲ្យជប៉ុន ជំរុញភាគីថៃ ឲ្យដោះស្រាយបញ្ហាដោយសន្តិវិធី និងឈរលើយន្តការនៃច្បាប់អន្តរជាតិ ពោល គឺទៅកាន់តុលាការ ICJ ៕