បុគ្គលិកអប់រំ និងគ្រូបង្រៀនកម្ពុជាចំនួន២៥រូប បានទទួលវគ្គបណ្ដុះបណ្ដាល ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលជំនួយការបង្រៀន និងរៀនក្នុងបរិបទថ្មីនៃការអប់រំ នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ
ទីក្រុងប៊ូសាន៖ ក្រោមកិច្ចសហប្រតិបត្តិការរវាងមន្ទីរអប់រំ ទីក្រុងប៊ូសាន និងក្រសួងអប់រំ យុវជន និងកីឡា ដែលដឹកនាំសម្របសម្រួលដោយនាយកដ្ឋានបរិវត្តកម្មឌីជីថល គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូកម្ពុជា បានទទួលការបណ្តុះបណ្តាលការអប់រំបែបឌីជីថលស្តីពីវិធីសាស្ត្រនៃការបញ្ជ្រាបបច្ចេកវិទ្យាឌីជីថល សម្រាប់ការបង្រៀន និងរៀន ក្នុងបរិវត្តឧស្សាហកម្ម ៤.០។
វគ្គបណ្តុះបណ្តាលនេះ បានធ្វើឡើងនៅទីក្រុងប៊ូសាន នៃសាធារណរដ្ឋកូរ៉េ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ខែមិថុនា ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ២៥នាក់ ស្រី ០៦នាក់។
សម្រាប់ឆ្នាំ២០២៥នេះ កម្មវិធីវគ្គបណ្តុះបណ្តាលត្រូវបានរៀបចំឡើងយ៉ាងល្អច្បាស់លាស់ សម្រាប់សិក្ខាកាមដើម្បីទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មីស្របនឹងបរិវត្តកម្មឌីជីថលក្នុងវិស័យអប់រំ ដែលបានកើតឡើង និងវិវត្តយ៉ាងឆាប់រហ័សនៅក្នុងការរស់នៅរបស់យើងទាំងអស់គ្នា ក្នុងការបញ្ជ្រាបបច្ចេកវិទ្យាឌីជីថលថ្មី ជាពិសេសបញ្ញាសិប្បនិម្មិតសម្រាប់ជំនួយដល់ការបង្រៀន និងរៀន។
ប៉ុន្តែទោះជាបច្ចេកវិទ្យារីកចម្រើនលឿនយ៉ាងណាក៏ដោយ ក៏មិនអាចជំនួសតួនាទីរបស់គ្រូបង្រៀននៅក្នុងថ្នាក់រៀនបានដែរ ហេតុនេះការពង្រឹងសមត្ថភាពរបស់គ្រូបង្រៀននាពេលនេះ មានសារ:សំខាន់ណាស់សម្រាប់យើងទាំងអស់គ្នា។ លើសពីនេះ សិក្ខាកាមទាំងអស់បានធ្វើទស្សនកិច្ចសិក្សានៅតាមវិទ្យាល័យមួយចំនួន ដើម្បីស្វែងយល់អំពីការបង្រៀន និងរៀនរបស់គ្រូ និងសិស្ស ដែលជាការចាក់បញ្ចូលគ្នានៃពិភពឌីជីថល ទៅនឹងពិភពពិត តាមរយៈបច្ចេកវិទ្យាឌីជីថល។
ពិធីបិទវគ្គបណ្តុះបណ្តាល ត្រូវបានប្រព្រឹត្តក្រោមអធិបតីភាពលោក គឹម ស៊ុកជូន ប្រធានមន្ទីរអប់រំទីក្រុងប៊ូសាន។ ក្នុងនោះដែរ លោក សុក ថា ប្រធាននាយកដ្ឋានបរិវត្តកម្មឌីជីថល បានថ្លែងអំណរគុណ និងបានសម្តែងការអបអរសាទរខួប២០ឆ្នាំនៃកិច្ចសហប្រតិបត្តិការរវាងមន្ទីរអប់រំ ក្រុងប៊ូសាន និងក្រសួងអប់រំ យុវជន និងកីឡា សម្រាប់កិច្ចការងារនេះ ដែលបាននាំនូវការផ្លាស់ប្តូរជាវិជ្ជមានយ៉ាងច្រើនដល់ប្រព័ន្ធអប់រំនៅកម្ពុជាក្នុងការលើកកម្ពស់ការអប់រំបែបឌីជីថល។ លោកបានបន្ថែមថា កិច្ចសហប្រតិបត្តិការនេះ បាន និងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការអប់រំបែបឌីជីថល តាមរយៈការអភិវឌ្ឍសមត្ថភាពសិក្ខាកាមកម្ពុជា ឱ្យទទួលបានបំណិនឌីជីថលថ្មីស្របតាមការវិវត្តនៃបច្ចេកវិទ្យា អាចជួយគ្រូបង្រៀនកម្ពុជាបានយ៉ាងច្រើនក្នុងការធ្វើទំនើបកម្មវិធីសាស្ត្របង្រៀនកាន់តែមានប្រសិទ្ធភាព ជាពិសេសការបញ្ជ្រាបបញ្ញាសិប្បនិម្មិតក្នុងគ្រប់រូបភាពនៃការអប់រំ។


ក្នុងនោះដែរ កម្មវិធីនេះបានផ្តល់នូវផលជះជាវិជ្ជមានជាច្រើនដល់ការអភិវឌ្ឍប្រព័ន្ធអប់រំបែបឌីជីថលនៅកម្ពុជា ដោយនឹង ១.ចូលរួមជាមួយរដ្ឋាភិបាលក្នុងអភិវឌ្ឍធនធានមនុស្សកម្ពុជា ឆ្ពោះទៅសម្រេចចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០ ២.ចូលរួមចំណែកយ៉ាងសកម្មជាមួយបេសកកម្មរបស់ក្រសួងលើការធ្វើបរិវត្តកម្មឌីជីថលប្រព័ន្ធអប់រំឆ្ពោះទៅរកការអប់រំប្រកបដោយគុណភាព សមធម៌ បរិយាបន្ន និងចីរភាព ៣.ការបង្កើតសហគមន៍សិក្សាវិជ្ជាជីវៈ (Professional Learning Community) សម្រាប់អតីតសិក្ខាកាមប៊ូសានក្នុងចែករំលែកបន្ត និង៤.ការបង្កើនលទ្ធផលនៃការសិក្សារបស់សិស្សលើចាប់យកជំនាញ STEM និងបច្ចេកវិទ្យាសម្រាប់អភិវឌ្ឍអាជីពនាពេលអនាគត៕
ប្រភព៖ MoEYS


