ការធ្វើដំណើរថ្មើជើង Solidarity March រំពឹងថានឹងទទួលបានការចូលរួមពីមហាជន ជាពិសេសយុវជនរាប់ម៉ឺននាក់!
ដើម្បីចូលរួមចំណែកក្នុងខឿនការពារជាតិប្រជាជនតាមរយៈការបង្ហាញពីឆន្ទៈ មនសិការស្នេហាជាតិ និងទឹកដី សហភាពសហព័ន្ធយុវជនកម្ពុជានឹងរៀបចំការធ្វើដំណើរថ្មើរជើង “Solidarity March” ដើម្បីបង្ហាញការរួមគ្នាជាធ្លុងមួយ គាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ ដោយចេញដំណើរពីសាលមហោស្រពកោះពេជ្រ ឆ្ពោះទៅកាន់វិមានឯករាជ្យ។

កម្មវិធីនេះ រៀបចំឡើងលើស្មារតី បង្ហាញការគាំទ្រ សុចរិតភាព និងភាពស្របច្បាប់របស់កម្ពុជាផ្អែកលើច្បាប់និងបទដ្ឋានគតិយុត្តផ្សេងៗ (កម្ពុជាមិនមានបំណងចង់បានទឹកដីរបស់ប្រទេសណាមួយសូម្បីតែមួយមីលីម៉ែត្រ ប៉ុន្តែកម្ពុជាក៏មិនឱ្យនររណាយកដី សូម្បីតែមួយមីលីម៉ែត្រដែរ) បង្ហាញការគាំទ្រវិធានការរបស់រាជរដ្ឋាភិបាល ទាំងផ្នែកការទូត ផ្នែកការពារជាតិ ផ្នែកច្បាប់ និងខឿនការពារជាតិប្រជាជន បង្ហាញការគាំទ្រក្នុងការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរៀបចំឯកសារដើម្បីដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដោយផ្អែកលើស្មារតី ត្រូវពន្លត់ភ្លើងជាជាងអង្គុយបក់ផ្សែង។ កម្មវិធីនេះរំពឹងទុកថានឹងទទួលការចូលរួមពីមហាជន ជាពិសេស យុវជន រាប់ម៉ឺននាក់ផងដែរ។
គួរបញ្ជាក់ថា ការធ្វើដំណើរថ្មើជើង Solidarity March ក៏ទទួលបានការគាំទ្រដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។