មនុស្សតែម្នាក់គត់ បានរួចជីវិត ខណៈ ២៤១ នាក់ទៀត បានស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះ Air India
យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Air India ដែលធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍ បានធ្លាក់ក្នុងតំបន់លំនៅដ្ឋានមួយក្នុងទីក្រុង Ahmedabad ភ្លាមៗបន្ទាប់ពីបានហោះឡើងបានបន្តិច ដោយបានសម្លាប់មនុស្សចំនួន ២៤១ នាក់នៅលើយន្តហោះ។ ក្នុងនោះ មានអ្នកដំណើរតែម្នាក់ប៉ុណ្ណោះ ដែលត្រូវបានរួចជីវិតពីក្នុងហេតុការណ៍នេះ។

យោងតាមមន្ត្រីសមាគមវេជ្ជសាស្រ្ដម្នាក់បានឱ្យដឹងថា យ៉ាងហោចណាស់និស្សិតពេទ្យចំនួន ៥ នាក់នៅក្នុងសណ្ឋាគារនៅមហាវិទ្យាល័យមួយត្រូវបានសម្លាប់នៅពេលដែលយន្តហោះបានបុកអគារ ហើយបានឆាបឆេះជាអណ្តាតភ្លើង។

លោក Vidhi Chaudhary មន្ត្រីប៉ូលីសរដ្ឋកំពូលនៅក្នុងទីក្រុងនៅភាគពាយព្យនៃប្រទេសឥណ្ឌាបាននិយាយថា “សាកសពភាគច្រើនត្រូវបានឆេះរហូតមិនអាចសម្គាល់អត្តសញ្ញាណបានទេ” ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឥណ្ឌា លោក Amit Shah បានបញ្ជាក់ថា លោកបានជួបអ្នកនៅរស់រានមានជីវិតតែម្នាក់នៅមន្ទីរពេទ្យ ដែលមានឈ្មោះថា Vishwashkumar Ramesh។

ក្រុមគ្រូពេទ្យបាននិយាយថា Vishwashkumar Ramesh បានរងរបួសជាច្រើនពាសពេញរាងកាយរបស់គាត់។ យ៉ាងណាមិញ គាត់ជាមនុស្សដែលសំណាងបំផុត ពីព្រោះគាត់បានរួចផុតពីគ្រោះថ្នាក់ហើយ ខណៈដែលអ្នកដំណើរផ្សេងទៀតនៅលើយន្តហោះបានបាត់បង់ជីវិតទាំងអស់។
ប្រភព៖ AP