មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល លើកទឹកចិត្តគ្រូពេទ្យឱ្យប្រកាន់ភ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ និងបន្តរៀនសូត្រ
ព្រះសីហនុ៖ ឯកឧត្តម ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ បានលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យ ត្រូវប្រកាន់ភ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ ឱ្យបានខ្ជាប់ខ្ជួន និងខិតខំរៀនសូត្របន្តចំណេះដឹងរបស់ខ្លួនដើម្បីបម្រើប្រជាពលរដ្ឋប្រកបដោយសមភាព។


ថ្លែងចំពោះមុខក្រុមគ្រូពេទ្យផ្ទាល់ចំនួន២០០នាក់ និងតាមប្រព័ន្ធZoom ចំនួន១០០០នាក់ ក្នុងទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ត្របន្តខេត្តព្រះសីហនុលើកទី១០ busy, ដែលរៀបចំដោយគណៈគ្រូពេទ្យខេត្តព្រះសីហនុ នាថ្ងៃទី៧ ខែមិថុនា ឯកឧត្តម ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានជំរុញឱ្យក្រុមគ្រូពេទ្យ ត្រូវបន្តអនុវត្តនូូវគោលនយោបាយសុខមាលភាពសង្គមបម្រើប្រជាពលរដ្ឋប្រកបដោយសមភាព ស្របពេលដែលរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់នូវសុខមាលភាពរបស់ប្រជាជន។
រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តម ឡឹម តារា បានមានប្រសាសន៍ដូច្នេះ៖«ក្រើនរំលឹកសហភាតារៈទាំងអស់ឱ្យប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួនដោយអនុវត្តន៍នូវដែនកំណត់ និងនិយាមប្រតិបត្តិវិជ្ជាជីវៈវេជ្ជសាស្រ្តរបស់ក្រសួងសុខាភិបាល និងខិតខំរៀនសូត្របន្តចំណេះដឹងរបស់ខ្លួន»។







គួរជម្រាបថា កម្មវិធី Scientific នៃទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ត្របន្តខេត្តព្រះសីហនុ ក៏មានការចូលរួមពីសាស្ត្រាចារ្យប្រធានអាសនៈ រួមមានលោកសាស្រ្តាចារ្យ វ៉ាន់ ម៉ិច លោកសាស្ត្រាចារ្យជំនួយ ស៊ុ សត្ថា លោកវេជ្ជបណ្ឌិត លឹម ស៊ីវត្ថា និងលោកវេជ្ជបណ្ឌិត សុខ ហ៊ាង ផងដែរ។ ក្នុងកម្មវិធីនេះ ក៏មានការធ្វើបទបង្ហាញពីវាគ្មិនដែលជាវេជ្ជបណ្ឌិតឯកទេស លើប្រធានបទសុខភាពជាច្រើន រួមមាន ដំបៅជើងលើអ្នកជំងឺទឹកនោមផ្អែម ការព្យាបាលជំងឺ Diabetic Ketoacidosis ជំងឺពុកឆ្អឹង ជំងឺខ្យោយបេះដូង និង ស្រា ជំងឺថ្លើម និងការបង្ហាញទាក់ទងនឹង Chest tube drainage ពីវេជ្ជបណ្ឌិតដែលបម្រើការនៅមូលដ្ឋានខេត្តព្រះសីហនុផ្ទាល់ទៀតផង៕