ប្រជាជនថៃបាននាំគ្នាធ្វើបាតុកម្ម តវ៉ានៅក្រសួងការពារជាតិថៃ ដើម្បីឱ្យដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជា ឱ្យបានឆាប់រហ័ស!
នៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២៥ អ្នកសារព័ត៌មានបានរាយការណ៍ថា ក្រុមអ្នកតស៊ូប្រជាធិបតេយ្យថៃ ដែលមានក្រុមនិស្សិត និងប្រជាពលរដ្ឋ ដែលដឹកនាំដោយលោក ភិចិត្រ ចៃមង្គល បានធ្វើដំណើរទៅកាន់ក្រសួងការពារជាតិរបស់ថៃ ដើម្បីបង្ហាញកំណត់ជំហរជាសាធារណៈ ព្រមទាំងអំពាវនាវឱ្យលោក ភូមិធម៌ វេជ្ជឈយ រដ្ឋមន្រ្តីក្រសួងការពារជាតិ និងអនុប្រធានរដ្ឋមន្ត្រីថៃ ប្រញាប់ដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសថៃ និងកម្ពុជា ឱ្យមានស្ថិរភាព និងសន្តិភាពឱ្យបានលឿនបំផុត។

លោកភិចិត្រ បានស្នើសុំឱ្យប្រើប្រាស់យន្តការរបស់ ក្រុមប្រឹក្សាសន្តិសុខជាតិ (ស.ម.ឆ.) ដែលជាអង្គភាពដឹកនាំបញ្ហាសន្តិសុខជាតិ ដើម្បីអនុវត្តន៍ក្នុងការដោះស្រាយបញ្ហាព្រំដែន ឱ្យមានប្រសិទ្ធភាព និងសកម្មភាពច្បាស់លាស់ជាងមុន។
មេដឹកនាំក្រុមបាតុកររូបនេះ ថែមទាំងនិយាយថា កងយោធាថៃគឺមានសភាពល្អ បើទោះបីជាពួកគេរក្សាភាពស្ងៀមស្ងាត់ក៏ដោយ ប៉ុន្តែពួកគេបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការពារខ្លួន។ ភិចិត្រព្រមទាំងបានបន្ថែមថា បើប្រៀបធៀបជាមួយកម្ពុជានោះ កងយោធារបស់ថៃមានសមត្ថភាពខ្លាំងជាង ប៉ុន្តែពួកគេគោរពលើអំណាចនយោបាយ។ ទន្ទឹមនឹងនេះ លោកថា ពេលនេះក៏គួរអោយនយោបាយគោរពសេចក្ដីសម្រេចរបស់កងយោធាដូចគ្នា។

លោកក៏បានឲ្យដឹងថា គម្រោងដែលកងយោធាបានដាក់ស្នើដល់រដ្ឋាភិបាល មានជាច្រើនចំណុច ត្រូវបានបដិសេធ។ ហើយបន្ទាប់ពីសន្និបាត JBC នៅថ្ងៃទី១៤ ខែមិថុនានេះ ស្ថានការណ៍អាចនាំឱ្យមានភាពតានតឹងកើនឡើង។
ដូចនេះ ក្រុម ក.ប.ទ. បានអំពាវនាវឱ្យរដ្ឋមន្រ្តីក្រសួងការពារជាតិ ប្រើយន្តការរបស់សភាសន្តិសុខជាតិ ដើម្បីដោះស្រាយបញ្ហាព្រំដែនថៃ-កម្ពុជា ឱ្យបានឆាប់បំផុត។
