| |

នាយករដ្ឋមន្ត្រីម៉ុងហ្គោលីលាលែងពីដំណែង តាមការទាមទាររបស់ប្រជាជន បន្ទាប់ពីបែកធ្លាយរឿងអាស្រូវរបស់កូនប្រុស!


ប្រព័ន្ធផ្សព្វផ្សាយម៉ុងហ្គោលីបានរាយការណ៍ថា នាយករដ្ឋមន្ត្រីម៉ុងហ្គោលីបានលាលែងពីតំណែង បន្ទាប់ពីលោកមិនបានទទួលបានការគាំទ្រគ្រប់គ្រាន់នៅក្នុងការបោះឆ្នោតផ្ដល់ទំនុកចិត្តនៅក្នុងសភា។

នាយករដ្ឋមន្ត្រី Oyun-Erdene Luvsannamsrai បានទទួលសម្លេងគាំទ្រចំនួន ៤៤ ពោលគឺតិចជាងចំនួន ៦៤ដំឡេង ដែលត្រូវការ។ ការបោះឆ្នោតនៅព្រឹកថ្ងៃអង្គារបានធ្វើឡើងបន្ទាប់ពីការតវ៉ាជាច្រើនសប្តាហ៍ ដែលបង្កឡើងដោយរបាយការណ៍នៃការចំណាយដ៏ច្រើនសន្ធឹកសន្ធាប់ របស់កូនប្រុសនាយករដ្ឋមន្ត្រីរូបនេះ។ បន្ទាប់ពីបែកធ្លាយព័ត៌មាននេះ ប្រជាពលរដ្ឋមួយចំនួនបានអំពាវនាវឲ្យនាយករដ្ឋមន្ត្រី Oyun-Erdene Luvsannamsrai ចុះចេញពីតំណែង។

មុនពេលបោះឆ្នោត លោក Oyun-Erdene បានព្រមានថា ការបោះឆ្នោតអាចនាំឱ្យមានអស្ថិរភាព និងអង្រួនលទ្ធិប្រជាធិបតេយ្យដែលកំពុងបាត់បង់របស់ម៉ុងហ្គោលី។លោកបន្តថា ៖ « ប្រសិនបើអភិបាលកិច្ចមិនស្ថិតស្ថេរស្ថានភាព សេដ្ឋកិច្ចកាន់តែយ៉ាប់យ៉ឺនហើយគណបក្សនយោបាយមិនអាចធ្វើការឯកភាពគ្នាបាន វាអាចនាំឲ្យសាធារណជនបាត់បង់ជំនឿលើការគ្រប់គ្រងរបស់សភានិងអាចធ្វើឲ្យប្រព័ន្ធសភាប្រជាធិបតេយ្យរបស់យើងប្រឈមនឹងការដួលរលំ»។

លោកបានការពារភាពសុចរិតរបស់ខ្លួន ប៉ុន្តែ លោកបានបនហថែមថា បញ្ហានេះកើតឡើងដោយសាការលះបង់ពេលវេលាច្រើនពេកសម្រាប់គម្រោងធំៗ ខណៈដែលគាត់យកចិត្តទុកដាក់មិនគ្រប់គ្រាន់ចំពោះបញ្ហាសង្គម និងនយោបាយផ្ទៃក្នុង» ។

គួររំលឹកផងដែរថា Oyun-Erdene បានកាន់មុខតំណែងអស់រយៈពេល ៤ ឆ្នាំហើយ ដោយកន្លងមកក៏មានការមិនពេញចិត្តពីសំណាក់ប្រជាជន ហើយបានទាមទារឱ្យលោកឱ្យចុះចេញពីតំណែង ដោយពួកគេលើកឡើងថា នាយករដ្ឋមន្ត្រីរូបនេះអសមត្ថភាព ព្រោះទ្រព្យសម្បត្តិរ៉ែរបស់ប្រទេសនេះ បានផ្តល់ផលប្រយោជន៍ដល់អាជីវកម្មមហាសាល ប៉ុន្តែជនជាតិម៉ុងហ្គោលីជាច្រើននៅតែរស់នៅក្នុងភាពក្រីក្រ និងជួបប្រទះនូវវិបត្តិសេដ្ឋកិច្ច។