|

ACU បញ្ជាក់ច្បាស់ៗអំពីមូលហេតុដែល ចំប៉ីខ្មៅ មិនត្រូវបានទទួលឱ្យចុះឈ្មោះប្រឡងវិជ្ជាជីវៈមេធាវី!


ថ្មីៗនេះ លោក យិន ហេង ហៅចំប៉ីខ្មៅ បានទទូចឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ជួយពិនិត្យលើករណីដែលខ្លួនមិនត្រូវបានផ្ដល់សិទ្ធិឱ្យប្រឡងមេធាវី បើទោះបីខ្លួនបានស្ដារនីតិសម្បទារួចរាល់ហើយក្ដី។

ឆ្លើយតបទៅនឹងករណីនេះ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បានបញ្ជាក់ច្បាស់ៗអំពីមូលហេតុដែល លោក យិន ហេង ហៅចំប៉ីខ្មៅ ដែលមិនត្រូវបានទទួលឱ្យចុះឈ្មោះ ជាបេក្ខជនចូលប្រឡង។

ដោយយោងតាមលក្ខណៈសម្បត្តិសម្រាប់ដាក់ពាក្យប្រឡង បានកំណត់ច្បាស់៥ចំណុច (យោងតាមមាត្រា ៣១ ច្បាប់ស្តីពីលក្ខន្តិកៈមេធាវីឆ្នាំ ១៩៩៥) គឺៈ ទី១. ត្រូវមានសញ្ជាតិខ្មែរ ទី២. ត្រូវមានបរិញ្ញាបត្រច្បាប់ឬសញ្ញាបត្រច្បាប់ដែលបានប្រកាសថាមានតម្លៃសមមូល ទី៣. មិនដែលត្រូវបានផ្តន្ទាទោសជាបទមជ្ឈិម ឬឧក្រិដ្ឋ ឬបទវិន័យ ឬផ្តន្ទាទោសបទរដ្ឋបាល ដូចជា ការលុបឈ្មោះចោល ការបញ្ឈប់ពីមុខងារ ការហូតងារពីអំពើផ្ទុយនឹងកិត្តិយស ឬអំពើមិនស្អាតស្អំ ទី៤. មិនត្រូវមានធនក្ស័យផ្ទាល់ខ្លួនដែលប្រកាសដោយតុលាការ ទី៥. ត្រូវមានសីលធម៌ និងកាយសម្បទាសមរម្យ។

ACU បានសង្កត់ធ្ងន់ថា លោកយិន ហេង ហៅចំប៉ីខ្មៅ មិនអាចបំពេញលក្ខណៈសម្បត្តិមួយចំនួន ជាពិសេសលើច្រើនចំណុច នៃចំណុចទី៣ (ឈ្មោះនេះមានប្រវត្តិត្រូវបានបញ្ឈប់ពីមុខងារ…)។

សូមជម្រាបថា ការបញ្ជាក់នេះ ធ្វើឡើងក្នុងកិច្ចប្រជុំលើកទី៤៧ អាណត្តិទី៣ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន-អនុ ប្រធាន ក.ជ.ប.ព. នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅអង្គភាពប្រឆាំងអំពើពុករលួយ។