ទស្សននិស្សិត៖ អ្វីខ្លះជាប្រយោជន៍ពីការសិក្សាតាមទូរសិក្សាក្នុងបរិបទថ្មី?


ដោយ៖ សន ស្រីពេជ្រ

ភ្នំពេញ ៖ បច្ចុប្បន្ននេះយើងបានដឹងហើយថា ជំងឹកូវីដ១៩បានរីករាលដាលជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ។ ហេតុដូច្នេះទើបទាមទារឱ្យសិស្សានុសិស្ស និស្សិត បញ្ញវន្តគ្រប់កម្រិតសិក្សា ពីមត្តេយ្យសិក្សាដល់ថ្នាក់ឧត្តមសិក្សា ធ្វើការសិក្សាពីចម្ងាយដើម្បីចូលរួមក្នុងការកាត់បន្ថយការរីករាលដាលនៃមេរោគប្រភេទនេះ តាមការណែនាំរបស់ក្រសួង។ តួយ៉ាងដូចជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញក៏បានធ្វើការសិក្សាតាមរយៈទូរសិក្សាដូចជាតាមរយៈ កម្មវិធី Zoom, Microsoft Team, Google Classroom, Ding Talk, Telegram,… ជាដើម។

ជាមួយគ្នានេះដែរ ការសិក្សាតាមរយៈទូរសិក្សាក៏បានផ្ដល់នូវអត្ថប្រយោជន៍ក៏ដូចជាភាពងាយស្រួលជាច្រើនដល់អ្នកសិក្សាដូចជា ការប្រើប្រាស់នូវបច្ចេកវិទ្យាតាមរយៈទូរស័ព្ទ, កុំព្យូទ័រ, ….ជាដើម។ មួយវិញទៀតនិស្សិត ក្រៅពីស្រាវជ្រាវផ្ទាល់នៅក្នុងបណ្ណាល័យ និស្សិតអាចធ្វើការស្រាវជ្រាវតាមប្រព័ន្ធអ៊ីនធឺណេតជាដើម។ តោះ! បើចង់ជ្រាបកាន់តែច្បាស់សូមតាមដានជាមួយការចែករំលែករបស់និស្សិត ឆ្នាំទី៣មកពី៧ដេប៉ាតឺម៉ង់ផ្សេងគ្នា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញដូចតទៅ៖

#១ យុវនិស្សិតឈ្មោះ បូ វីន ភេទប្រុស ជានិស្សិតឆ្នាំទី៣ ដេប៉ាតឺម៉ង់ ភូមិវិទ្យា បានមានប្រសាសន៍ថា ៖ «ការសម្លឹងមើលឃើញពីគុណសម្បត្តិនៃការរៀនអនឡាញរបស់ខ្ញុំគឺមានដូចជា៖ នៅផ្ទះមានសុវត្ថិភាពច្រើនជាងចេញទៅខាងក្រៅ។ បន្ថែមពីនេះទៀត បង្កើនចំណេះដឹងផ្នែកបច្ចេកវិទ្យា និងទំនាក់ទំនងតាមInternet។»

យុវនិស្សិត បូ វីន

#២ យុវនិស្សិត កែវ ស្រីមុំ ភេទស្រី ជានិស្សិតមកពីដេប៉ាតឺម៉ង់អក្សរសាស្រ្តខ្មែរ ឆ្នាំទី៣ ថ្នាក់អាហារូបករណ៍ជំនាន់ទី៣៩ កញ្ញាក៏មិនខុសពីយុវនិស្សិតផ្សេងទៀតដែរ កញ្ញាបានបង្ហាញថា ៖ «ក្នុងសម័យកូវីដ ខ្ញុំសង្កេតឃើញថាខ្ញុំទទួលបានអត្ថប្រយោជន៍ដូចជា យល់ដឹងពីបច្ចេកវិទ្យាច្រើនជាងមុន។ តួយ៉ាងដូចជា ការរៀនមានការប្រជុំក៏ដូចជាការធ្វើការត្រូវធ្វើតាមរយៈប្រព័ន្ធonline។ ក្រៅពីនេះគឺខ្ញុំអាចចំណេញពេលវេលានៅជាមួយគ្រួសារច្រើនផងដែរ។ លើសពីនេះទៀតមិនបាច់ចំណាយពេលធ្វើដំណើរទៅសាលា ថែមទៀតផងខ្ញុំអាចរៀននៅផ្ទះបាន។ថែមទាំងធ្វើឱ្យខ្ញុំមានការយកចិត្តទុកដាក់ទៅលើសុខភាពជាងមុនដោយការរស់នៅត្រូវតែមានអនាម័យ»។

យុវនិស្សិត កែវ ស្រីមុំ

#៣ យុវនិស្សិត សូនី រិទ្ធី ភេទប្រុស ជានិស្សិតឆ្នាំទី៣ ដេប៉ាតឺម៉ង់គណិតវិទ្យា ស្រដៀងទៅនឹងយុវនិស្សិតខាងលើដែរ លោកមានប្រសាសន៍ថា ៖ «ការសិក្សាតាមប្រព័ន្ធអនឡាញគឺ ខ្ញុំអាចជួយកិច្ចការឪពុកម្ដាយនៅផ្ទះបានច្រើន មួយវិញទៀតចំណេញពេលវេលាក្នុងការធ្វើការក្រៅបានច្រើន។ ក្រៅពីនេះយើងអាចរួមចំណែកក្នុងការសម្រាលបន្ទុកគ្រួសារ ដោយការរកលុយក្រៅម៉ោង។ ជាពិសេសគឺអាចចូលរួមកាត់បន្ថយហានិភ័យក្នុងការឆ្លងកូវីដ១៩ មួយចំណែកដែរ។ លើសពីនេះទៀតទោះបីយើងនៅទីណាកន្លែងណាក៏យើងអាចរៀនបានដែរ។»

យុវនិស្សិត សូនី រិទ្ធី

#៤ យុវនិស្សិត ផល ម៉ានែត ជានិស្សិតឆ្នាំទី៣ ដេប៉ាតឺម៉ង់ប្រវត្តិវិទ្យា។ កញ្ញាក៏មិនខុសពីយុវនិស្សិតដទៃដែរកញ្ញាបានរៀបរាប់ថា ៖ «សម្រាប់ផលវិជ្ជមាននៃការរៀនអនឡាញ ៖

ទី១ ទទួលបានបទពិសោធន៍ថ្មី និងចំណេះដឹងមួយថ្មីក្នុងការរៀនតាមប្រព័ន្ធបចេ្ចកវិទ្យា 

ទី២ សិស្សនិស្សិតអាចពង្រឹងចំណេះដឹង និងការស្រាវជ្រាវថ្មីៗបន្ថែមដោយខ្លួនឯង

ទី៣ និស្សិតអាចចូលរួមរៀនបាននៅគ្រប់ទីកន្លែង

ទី៤ អាចឆ្លៀតស្វែងរកប្រាក់ចំណូលនៅខាងក្រៅបានទៀតផង

ទី៥ សិស្សនិស្សិតមានការយកចិត្តទុកដាក់ទៅលើការសិក្សានិងការបញ្ចប់កិច្ចការផ្ទះយ៉ាងឆាប់រហ័ស

ទី៦ សិស្សនិស្សិតអាចជជែកពិភាក្សាគ្នាពីចម្ងាយ។»

យុវនិស្សិត ផល ម៉ានែត

#៥ យុវនិស្សិត ធី គឹមហុង ជានិស្សិតឆ្នាំទី៣ ដេប៉ាតឺម៉ង់ ប្រវត្តិវិទ្យា

លោកបានធ្វើការរៀបរាប់ថា ៖ « នៅពេលយើងរៀនអនឡាញយើងអត់បានទៅសាលា យើងនៅតែផ្ទះធ្វើឱ្យយើងអត់សូវចំណាយថវិកាអស់ច្រើនទេ។ ប្រសិនបើយើងទៅសាលារាល់ថ្ងៃ គឺយើងត្រូវធ្វើដំណើរចាក់សាំងម៉ូតូ។ ត្រូវចំណាយថវិកាលើម្ហូបអាហារក្នុងសាលា ដូច្នេះហើយក៏ជួយកាត់បន្ថយលុយមួយកម្រិតដែរ។ លើសពីនេះទៀត ការរៀនតាមអនឡាញខ្ញុំអាចរៀននៅកន្លែងធ្វើការបាន ដោយសារតែខ្ញុំរៀនផងធ្វើការផង។»

យុវនិស្សិត ធី គឹមហុង

#៦ យុវនិស្សិត សយ ធារី ភេទស្រី ជានិស្សិតឆ្នាំទី៣ ដេប៉ាតឺម៉ង់ព័ត៌មានវិទ្យាបានលើកឡើងថា « សម្រាប់ខ្ញុំផលល្អ

ទី១ ចំណេញពេលវេលា ចំណេញត្រង់ថាមិនធ្វើឱ្យខាតពេលយើងធ្វើដំណើរទៅសាលា ព្រោះត្រូវរៀបចំខ្លួន ក៏ដូចជាកកស្ទះចរាចរណ៍ជាដើម។

ទី២ យើងអាចរៀនពីចម្ងាយដោយពុំចាំបាច់ចូលក្នុងថ្នាក់។  

ទី៣ កាត់បន្ថយការចំណាយ និងចុងក្រោយមានភាពងាយស្រួលក្នុងការសិក្សា។»

យុវនិស្សិត សយ ធារី

#៧ យុវនិស្សិតឈ្មោះ យ៉ាំង ស្រីហៀប ភេទស្រី ជានិស្សិតមកពីដេប៉ាតឺម៉ង់អក្សរសាស្រ្តខ្មែរ ឆ្នាំទី៣ ថ្នាក់អាហារូបករណ៍ជំនាន់ទី៣៩ កញ្ញាបានរៀបរាប់ថា ៖ «ក្នុងអំឡុងពេលកូវីដខ្ញុំទទួលបានអត្ថប្រយោជន៍គឺ យើងនៅផ្ទះក៏អាចរៀនបាន ពោលគឺយើងអាចរៀនបានគ្រប់ពេលវេលា គ្រប់ទីកន្លែង។ ម៉្យាងវិញទៀត យើងមានពេលវេលានៅក្បែរគ្រួសារបានច្រើន ជាពិសេសអាចជួយកិច្ចការងារគាត់។ លើសពីនេះទៅទៀត អាចចូលរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍មួយចំណែកដែរ ព្រោះយើងពុំសូវចេញទៅក្រៅ»។

យុវនិស្សិត យ៉ាំង ស្រីហៀប

#៨ យុវនិស្សិត ចាន់ លី ជានិស្សិតឆ្នាំទី៣ ដេប៉ាតឺម៉ង់ ទស្សនវិទ្យា បានធ្វើការរៀបរាប់ថា ៖ «បើនិយាយពីផលល្អវិញ

ទី១ ចំណេញទៅលើការចំណាយលើអាហារ ព្រោះនៅសាលាយើងត្រូវការហូបគ្រប់គ្រាន់ ប្រសិនបើនៅផ្ទះវារៀងងាយស្រួលជាង ព្រោះយើងអាចចម្អិនខ្លួនឯង។

ទី២ ងាយស្រួលទាញយកឯកសារ ប្រសិនបើនៅថ្នាក់យើងត្រូវការកត់ ប៉ុន្តែអំឡុងពេលរៀនអនឡាញ លោកគ្រូអ្នកគ្រូគាត់ភ្ជាប់Slide ឬមួយក៏ជាFile ឱ្យយើងស្រាប់ៗតែម្ដង ងាយស្រួលកត់ចំណាំមេរៀន។

ទី៣ ងាយស្រួលក្នុងការរៀនសូត្រ ពុំមានផលវិបាកព្រោះយើងរៀនតាមប្រព័ន្ធInternet យើងគ្រាន់តែមានទូរស័ព្ទគឺអាចរៀនបាន។

យុវនិស្សិត ចាន់ លី

ដូច្នេះក្នុងនាមយើងជាយុវនិស្សិតក្នុងយុគសម័យកូវីដក៏ពិតមែនក្ដី តែវាក៏មិនមែនជាបញ្ហាសម្រាប់អ្នកសិក្សារៀនសូត្រនោះទេ។ ពាក្យថារៀនសូត្រគឺគ្មានទីបញ្ចប់ គ្មានព្រំដែន នៅទីកន្លែងណាក៏យើងអាចសិក្សាបាន។ ដូច្នេះសូមលើកទឹកចិត្តឱ្យសិស្សានុសិស្ស ក៏ដូចជានិស្សិតគ្រប់រូបកុំផ្ដេកផ្ដួលឱ្យសោះក្នុងការសិក្សាតាមទូរសិក្សានេះ ពោលគឺត្រូវតែពង្រឹង ប្រឹងប្រែងជាងមុនទៀត។ សង្ឃឹមថាយើងនឹងអាចចូលរៀនក្នុងថ្នាក់ធម្មតាវិញ ប៉ុន្តែកុំភ្លេចនូវវិធានការណ៍៣កុំ៣ការពារ៕