អត្ថប្រយោជន៍ជាច្រើននៃការងារស្ម័គ្រចិត្ត ដែលយុវជនគួរចាប់អារម្មណ៍
ដោយ៖ ផាត់ គឹមឆែ
បច្ចុប្បន្ននេះមានការងារស្ម័គ្រចិត្តក្នុងសង្គមជាច្រើន ដែលការងារស្ម័គ្រចិត្តទាំងនោះយើងអាចចាត់ទុកថាជាផ្នែកដ៏សំខាន់មួយក្នុងការកែប្រែស្ថានភាពសង្គម ឬ លើកកម្ពស់ផ្នែកណាមួយដែលនាំមកនូវសាមគ្គីភាព ផ្ដល់បទពិសោធន៍ ជំនាញក្នុងការប្រាស្រ័យទាក់ទង និងយល់ដឹងពីបញ្ហានានាក្នុងសង្គម។
យើងសង្កេតឃើញថា យុវជនមានការចាប់អារម្មណ៍ច្រើនក្នុងការចូលរួមធ្វើការងារស្ម័គ្រចិត្តព្រោះវាបានផ្ដល់បទពិសោធន៍ និងសារៈប្រយោជន៍ជាច្រើនចំពោះពួកគេនិងសង្គមផ្ទាល់។ ខាងក្រោមនេះជាបទសម្ភាសន៍ BrandMedia ជាមួយក្រុមយុវជនដែលសកម្មក្នុងការធ្វើការងារស្ម័គ្រចិត្តពីចំណាប់អារម្មណ៍និងអត្ថប្រយោជន៍ដែលពូកគេទទួលបាន៖
យុវនិស្សិត ស សូនិតា បច្ចុប្បន្នជានិស្សិតអក្សរសាស្ត្រខ្មែរ បានឲ្យដឹងថា «ខ្ញុំធ្លាប់បានចូលរួមជាមួយការងារស្ម័គ្រចិត្តជាច្រើនក្នុងសង្គម ក្នុងនោះខ្ញុំសូមលើកយកការងារមួយជាមួយអង្គការឧបត្ថម្ភគ្រួសារកម្ពុជាដែលខ្ញុំគិតថាវាបានផ្ដល់បទពិសោធន៍ជាច្រើន។ ជាក់ស្ដែងការចូលរួមធ្វើការងារស្ម័គ្រចិត្តនេះក្នុងតួនាទីជាមិត្តអប់រំមិត្ត (Pree Educator) ខ្ញុំតែងបានជួយបញ្រ្ជាបពីបញ្ហាសិទ្ធិកុមារ រួមគ្នាបញ្ឈប់អំពើហិង្សាក្នុងគ្រួសារ និងលើកទឹកចិត្តកុំឲ្យមានការបោះបង់ការសិក្សា។ នេះជាជ្រុងមួយនៃការចែករំលែកឲ្យពួកគាត់បានយល់ដឹងលើបញ្ហាទាំងអស់នោះ ជាចំណែកមួយក្នុងការដុះខាត់កុមារឲ្យក្លាយជាពលរដ្ឋល្អ និងជាធនធានដ៏មានសក្ដានុពល។ តាមយោបល់របស់ខ្ញុំយុវជនគួរចូលរួមជាមួយការងារប្រភេទនេះ ទី១ គឺដើម្បីខ្លួនឯងទទូលបានចំណេះដឹងនិងបទពិសោធន៍ថ្មីៗ រៀនសូត្រពីអ្វីដែលមាននៅជុំវិញខ្លួន បន្ស៉ាំខ្លួននឹងការងារ និងជាឱកាសសម្រាប់អភិវឌ្ឍសមត្ថភាពខ្លួនឯងមួយកម្រិតក្នុងការប្រឡូកក្នុងសង្គម។ ទី២ ល្អចំពោះសង្គម បណ្ដុះស្មារតីឲ្យយុវជនមានឆន្ទៈក្នុងការចូលរួមអប់រំ ផ្សព្វផ្សាយនូវអ្វីដែលជាប្រយោជន៍ដល់ជាតិ ក្រោមរូបភាពនៃការអប់រំស្មារតីដល់កុមារ វាជាកត្តាដ៏សំខាន់ក្នុងការជួយសង្គមឲ្យរីកចម្រើន។
យុវជន ផន នរោធ «ខ្ញុំបានចូលរួមការងារស្ម័គ្រចិត្តជាច្រើនមកហើយ បទពិសោធន៍ដែលខ្ញុំទទួលបានគឺច្រើនគួរសម។ ជាក់ស្ដែង ខ្ញុំបានធ្វើការស្ម័គ្រចិត្តនៅក្នុងសហគមន៍ខ្ញុំផ្ទាល់ អស់រយៈពេល៣ឆ្នាំ ផ្ដោតលើកុមារ យុវជន និងស្រ្ដី។ ខ្ញុំបានទទួលនូវការប្រាស្រ័យទាក់ទងល្អជាមួយអ្នកដទៃ រៀនពីបុគ្គលឆ្នើម បានអប់រំពីបញ្ហាកៀបសង្កត់ ការគំរាមកំហែងលើយុវជន កុមារ និងស្ត្រី ដែលពួកគាត់ទន្ទឹងរង់ចាំការគាំទ្រ ការលើកទឹកចិត្ត និងផ្ដល់យោបល់»។
លោកបានបន្តទៀតថា «ការងារនេះពិតជាមានតម្លៃសម្រាប់យុវជននិងសង្គមខ្លាំងណាស់។ យុវជននឹងទទួលបានចំណេះដឹងបន្ថែមលើបញ្ហាទាំងអស់នេះ បង្កើនភាពរឹងមាំចំពោះខ្លួនឯង អភិវឌ្ឍខ្លួនឲ្យក្លាយជាធនធានដ៏សំខាន់សម្រាប់សង្គម ផ្សព្វផ្សាយពីវប្បធម៌នៃការចែករំលែកនូវសេចក្ដីស្រលាញ់ ការពារយកចិត្តទុកដាក់ដល់កុមារ ស្រ្តីចាស់ជរាផងដែរ។ ចំពោះសង្គមជួយលុបបំបាត់នូវអំពើហិង្សា ការរើសអើងកុមារ ជនពិការ និងស្រ្តីទុគ៌ត នាំឲ្យប្រទេសជាតិកាត់បន្ថយនូវអំពើអបាយមុខ និងអសន្ដិសុខផ្សេងៗ។ វាពិតជាសកម្មភាពមួយដែលយើងគួរធ្វើ ក្នុងនាមជាកោសិកាសង្គម»។ ការងារស្ម័គ្រចិត្តជាយន្តការមួយដែលអាចជួយឲ្យប្រទេសមានភាពរីកចម្រើន។ យុវជនជាកម្លាំងជាចលករដ៏សំខាន់ក្នុងការរុញច្រានភាពរីកចម្រើននេះ។ ដូច្នេះយុវជន គួរចូលរួមជាមួយការងារស្ម័គ្រចិត្តឲ្យបានច្រើនតែត្រូវប្រាកដថា ការងារនោះជាការងារដែលផ្ដល់ផលល្អចំពោះមនុស្សទូទៅ និងមិនប៉ះពាល់ផលប្រយោជន៍សង្គមជាតិ។