Trump គ្រលាស់សម្ដីថាការចង់ក្ដោបតំណែងជាប្រធានាធិបតីអាមេរិកក្នុងអាណត្តិទីបីនោះ លោកគ្រាន់តែនិយាយលេងដើម្បីបោកអ្នកកាសែតប៉ុណ្ណោះ!
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបដិសេធជុំវិញពាក្យសម្ដីរបស់ខ្លួនឯងដែលធ្លាប់លើកឡើងថា លោកមានគោលបំណងក្ដោបតំណែងជាប្រធានាធិបតីទីបីអាមេរិក អាណត្តិទី៣ ដែលជាទង្វើផ្ទុយនឹងរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក។

លោក Trump បានប្រាប់សារព័ត៌មានថា “ខ្ញុំនឹងធ្វើជាប្រធានាធិបតីប្រាំបីឆ្នាំ ខ្ញុំនឹងក្លាយជាប្រធានាធិបតីពីរអាណត្តិ។ ខ្ញុំតែងតែគិតថាវាមានសារៈសំខាន់ខ្លាំងណាស់” ។
លោក Trump ដែលមានអាយុ ៧៨ ឆ្នាំបាននិយាយពីមុនថាគាត់ “មិននិយាយលេង” អំពីការចង់បម្រើឱ្យអាណត្តិទីបីឬសូម្បីតែទីបួនជាប្រធានាធិបតីសហរដ្ឋអាមេរិក។
ក្រោយមកគាត់បាននិយាយថាការថ្លែងរបស់លោក គឺគ្រាន់តែនិយាយលេងប៉ុណ្ណោះ វាមិនមែនជារឿងពិតនោះទេ។
ក្រុមហ៊ុនរបស់លោកដែលមានឈ្មោះថា The Trump Organization បាននឹងកំពុងលក់មួក “Trump២០២៨” ដោយជំរុញឱ្យមានការរំពឹងទុកអំពីកៅអីដែលគាត់អាចស្វែងរកការបន្តកាន់តំណែងបន្ទាប់ពីអាណត្តិទីពីររបស់គាត់បានបញ្ចប់ក្នុងខែមករាឆ្នាំ២០២៩។ នៅក្នុងបទសម្ភាសន៍ដែលបានធ្វើឡើងកាលពីថ្ងៃសុក្រ លោក Trump បាននិយាយថាលោកមាន “សំណើ” ជាច្រើនពីមនុស្សដែលបានស្នើសុំឱ្យលោកពិចារណាស្វែងរកការបន្តកាន់តំណែង។
លោក Trump បាននិយាយប៉ុន្មានថ្ងៃបន្ទាប់ពីប្រារព្ធខួប១០០ថ្ងៃដំបូងនៃអាណត្តិទី២របស់លោកថា “មានមនុស្សជាច្រើនចង់ឲ្យខ្ញុំធ្វើវា ប៉ុន្តែនេះមិនមែនជាអ្វីដែលខ្ញុំកំពុងសម្លឹងមើលធ្វើនោះទេ”។ វិសោធនកម្មទី ២២ នៃរដ្ឋធម្មនុញ្ញចែងថា “គ្មាននរណាម្នាក់ត្រូវបានជ្រើសរើសឱ្យកាន់តំណែងប្រធានាធិបតីលើសពីពីរដងនោះទេ”។

ការផ្លាស់ប្តូររដ្ឋធម្មនុញ្ញនឹងតម្រូវឱ្យមានការអនុម័តពីរភាគបីពីព្រឹទ្ធសភានិងសភាតំណាងក៏ដូចជាការយល់ព្រមពីបីភាគបួននៃរដ្ឋាភិបាលកម្រិតរដ្ឋរបស់ប្រទេស។
ទោះយ៉ាងណាក៏ដោយ អ្នកគាំទ្រ Trump មួយចំនួនបានលើកឡើងថា មានចន្លោះប្រហោងនៅក្នុងរដ្ឋធម្មនុញ្ញ ដែលមិនត្រូវបានសាកល្បងនៅក្នុងតុលាការឡើយ។ លោក Trump ក៏បានច្រានចោលការរិះគន់ចំពោះការគ្រប់គ្រងសេដ្ឋកិច្ចរបស់លោកដែរ។ លោកបាននិយាយបន្ទាប់ពីផែនការពន្ធរបស់គាត់បានធ្វើឱ្យសេដ្ឋកិច្ចអន្តរជាតិមានការកើនឡើង ដែលនាំឱ្យសេដ្ឋកិច្ចអាមេរិកធ្លាក់ចុះជាលើកដំបូងចាប់តាំងពីឆ្នាំ២០២២។ លោកបានបន្ថែមថា “ខ្ញុំបាននិយាយថា នេះគឺជាដំណាក់កាលអន្តរកាល។ ខ្ញុំគិតថាយើងនឹងមានសេដ្ឋកិច្ចដ៏អស្ចារ្យបំផុតនៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសរបស់យើង”៕
ប្រភព៖ BBC