ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ រាល់ការជ្រើសរើសមន្ត្រីរាជការស៊ីវិលចូល បម្រើការងារក្នុងរដ្ឋបាលសាធារណៈត្រូវតែប្រតិបត្តិដោយហ្មត់ចត់បំផុតតាមខ្លឹមសារនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមានរបស់រាជរដ្ឋាភិបាល
ក្រសួងមុខងារសាធារណ:បានរៀបចំសិក្ខាសាលា ស្តីពី «ការផ្សព្វផ្សាយការអនុវត្តនិយាមនីតិវិធីប្រតិបត្តិ និងចែករំលែកបទពិសោធ សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល» ជូនក្រសួង ស្ថាប័ន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដោយមានវត្តមានអញ្ជើញចូលរួមពីសមាជិក សមាជិកាសរុបចំនួន ២៥០នាក់ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នៅសណ្ឋាគារភ្នំពេញ។



ថ្លែងក្នុងពិធីនេះ ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ដើម្បីធានាឱ្យបានសុក្រឹតភាពក្នុងការជ្រើសរើសមន្ត្រីរាជការស៊ីវិលចូលបម្រើការងារក្នុងរដ្ឋបាលសាធារណៈប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព គឺចាំបាច់ត្រូវតែប្រតិបត្តិតាមនិយាមនីតិវិធីប្រតិបត្តិសម្រាប់ការប្រឡងប្រជែងជ្រើសរើសរាជការស៊ីវិលរបស់រាជរដ្ឋាភិបាល។ ក្នុងស្មារតីនេះ រាល់ការជ្រើសរើសមន្ត្រីរាជការស៊ីវិលចូល បម្រើការងារក្នុងរដ្ឋបាលសាធារណៈត្រូវតែប្រតិបត្តិដោយហ្មត់ចត់បំផុតតាមខ្លឹមសារនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមានរបស់រាជរដ្ឋាភិបាល។ និយាមនីតិវិធីប្រតិបត្តិនេះ គឺជាឧបករណ៍គតិយុត្តមូលដ្ឋានសម្រាប់អនុវត្តក្នុង ការរៀបចំការប្រឡងប្រជែងជ្រើសរើសបានមន្ត្រីរាជការស៊ីវិលដែលមានចំណេះដឹង ជំនាញ និងសមត្ថភាពពិតប្រាកដស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺ«ជាប់ដោយមោទនភាព ធ្លាក់ដោយអស់ចិត្ត»។



សូមជម្រាបថា សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងជាមួយបទបង្ហាញរបស់ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ចំនួនពីររូបគឺ៖ ១)ការដាក់ឱ្យអនុវត្តនិយាមនិតិវិធីប្រតិបត្តិប្រឡងប្រជែង ដោយឯកឧត្តម ខៀវ ច័ន្ទប៊ុនធឿន រដ្ឋលេខាធិការ នៃក្រសួងមុខងារសាធារណ: និង ២)ការចែករំលែកបទពិសោធ នៃដំណេីរការប្រឡងប្រជែង ដោយឯកឧត្តម សុខ សង្វារ រដ្ឋលេខាធិការ នៃក្រសួងមុខងារសាធារណ:៕


