|

រដ្ឋបាលខេត្តកំពង់ចាមនឹងរៀបចំព្រឹត្តិការណ៍ លៀសហាលកំពង់ចាម ១,០០០ម៉ែត្រ ក្នុងកម្មវិធីសង្ក្រាន្តកំពង់ចាម អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី


យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម ស្តីពីបានឱ្យដឹងថា រដ្ឋបាលខេត្តនឹងរៀបចំព្រឹត្តិការណ៍ លៀសហាលកំពង់ចាម ១,០០០ម៉ែត្រ ក្នុងកម្មវិធីសង្ក្រាន្តកំពង់ចាម អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ ចាប់ពីវេលាថ្ងៃត្រង់តទៅ។

ការតាំងបង្ហាញលៀសហាលនេះ នឹងធ្វើឡើងនៅទីតាំង ចាប់ពីមុខសាលាខេត្ត កំពង់ចាម រហូតដល់រង្វង់មូលផ្លូវភ្លោះព្រះមុនីវង្ស និងបត់តាមផ្លូវភ្លោះ ឆ្ពោះទៅវេទិកាអុំទូក ក្រុងកំពង់ចាម។ លៀសហាលកំពង់ចាម ១,០០០ម៉ែត្រ ជូនបងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកលេងកំសាន្តនៅសង្ក្រាន្ត កំពង់ចាម ពិសាដោយឥតគិតថ្លៃ។

ដោយឡែកចំពោះអំពីអត្ថន័យនៃការតាំងបង្ហាញនេះគឺ ៖ ១- ការរៀបចំលៀសហាល ១,០០០ម៉ែត្រ ព្រោះលេខ ១,០០០ មកពីភាសាសំស្ក្រឹត «សហស្ស» តំណាងឱ្យចំនួនដ៏ច្រើន ដូចជាគេប្រើថា «ឧសថសហស្សគុណ» ឱសថព្យាបាលជំងឺមួយ ពាន់មុខ ឬឱសថអាចព្យាបាលជំងឺច្រើនអនេក «សហស្សនេត្រ ភ្នែកមួយពាន់ ឬភ្នែក អាចមើលឃើញទីអាថ៌កំបាំងបានយ៉ាងច្រើនភ្លាមៗ «សហស្សរង្សី» ពន្លឺព្រះអាទិត្យច្រើន អនេក «គាថាពាន់» គាថាជាភាសាបាលីសុទ្ធ មួយពាន់គាថា ក្នុងរឿងព្រះវេសន្តរ” ។ល។ ដូច្នេះ លៀសហាលកំពង់ចាម ១,០០០ម៉ែត្រ មានន័យថាខេត្តកំពង់ចាម ជាខេត្តមួយ ដែលមានវត្តមាន លៀសហាល ដ៏ច្រើនលើសលប់ ល្បីល្បាញទូទាំងប្រទេស។ ២- លៀសហាល គឺជាមុខអាហារមួយប្រភេទ ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងជីវភាពរស់នៅ ប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ រយៈកាលរាប់ពាន់ឆ្នាំមកហើយ។ មិនត្រឹមតែជាមុខអាហារដ៏ មានឱជារសប៉ុណ្ណោះទេ លៀសហាល បានជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ខ្មែរថែមទៀតផង។ ៣- លៀសហាល ១,០០០ម៉ែត្រ ជាចំនួនដ៏ច្រើន គឺវាបង្ហាញអំពីឆន្ទៈនៃការដឹកនាំ និងសាមគ្គីភាព ក្រោមម្លប់សន្តិភាព ដែលជាមូលដ្ឋានក្នុងការរៀបចំ ពោលគឺបើគ្មានសន្តិភាព គ្មានការ ដឹកនាំ និងសាមគ្គីភាព ព្រឹត្តិការណ៍លៀសហាល ១,០០០ម៉ែត្រ នឹងមិនអាចរៀបចំបានឡើយ។ មិនតែប៉ុណ្ណោះ រាជាសារជូនទៅដល់ប្រជាពលរដ្ឋថា ខ្មែរធ្វើបាន ឱ្យតែរក្សាបាននូវសន្តិភាព នូវថ្នាក់ដឹកនាំដ៏ល្អរបស់យើង និងសាមគ្គីភាពរបស់ប្រជាជន។

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម