|

ឯកឧត្តម ហ៊ុន ម៉ានី៖ «ការផ្លាស់ប្តូរមុខមាត់ និងឱកាសការងារជាបន្តបន្ទាប់ក្នុងខេត្តកំពង់ស្ពឺ ឆ្លុះបញ្ជាំងពីការរួមចំណែករបស់វិស័យឯកជនទាំងក្នុង និងក្រៅប្រទេសដែលបានជ្រើសរើសខេត្តកំពង់ស្ពឺជាទីតាំងវិនិយោគ»


នេះជាប្រសាសន៍ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ថ្លែងក្នុងពិធីជួបសំណេះសំណាល និងថ្លែងអំណរគុណដល់អ្នកវិនិយោគទុន វិស័យឯកជន នៅខេត្តកំពង់ស្ពឺចំនួនប្រមាណ ៧០០ នាក់ នៅបរិវេណសាលាខេត្ត។

ផ្សារភ្ជាប់ជាមួយការលើកឡើងទាំងលើ ឯកឧត្តមបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបន្តវេន ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់ សម្តេច មហាបវរធិបតី បានធ្វើដំណើរយ៉ាងស្វាហាប់ ប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត ក្នុងការរក្សាការពាសន្តិភាព និងស្ថិរភាពនយោបាយ បង្កើតបរិយាកាសកក់ក្តៅសម្រាប់អ្នកវិនិយោគ មកបណ្តាក់ទុន នៅក្នុងព្រះរាជាណាចក្រកម្ពុជានិយាយជារួម និងនិយាយដោយឡែកសម្រាប់ ខេត្តកំពង់ស្ពឺ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ក៏បានថ្លែងអំណរគុណ ដល់សហគ្រិនទាំងអស់ដែលជ្រើសរើសកម្ពុជា ខេត្តកំពង់ស្ពឺក្នុងការវិនិយោគ និងចូលរួមជួយលើកស្ទួយជីវភាពប្រជាជនកម្ពុជាតាមរយៈការផ្តល់ឱកាសការងារ ជាពិសេសការចូលរួមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការអនុវត្តគោលនយោបាយនានា។ ឯកឧត្តមសង្ឃឹមថា ជាមួយនឹងការបង្កើតបរិយាកាសកក់ក្តៅរបស់រាជរដ្ឋាភិបាលក្នុងការទាក់ទាញអ្នកបន្តាក់ទុន វិស័យឯកជនខេត្តកំពង់ស្ពឺ នឹងបន្តលូតលាស់ក្នុងចូលរួមលើកកម្ពស់ជីវភាពប្រជាជន និងផ្តល់ឱកាសការងារជូនប្រជាជនបន្ថែមទៀត ។

សូមជម្រាបជូនថា ពិធីសំណេះសំណាលជាមួយវិស័យឯកជននៅខេត្តកំពង់ស្ពឺ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ដោយមានអ្នកចូលរួមជាម្ចាស់រោងចក្រ សហគ្រិន ម្ចាស់អាជីវកម្មចំនួនប្រមាណ ៧០០ នាក់។