| |

សួនមុនីហទ័យ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ នឹងប្រមូលផ្ដុំទៅដោយទស្សនីយភាពសិល្បៈដ៏អស្ចារ្យ ជាពិសេសការ​ប្រគំតន្រ្តី​សម័យ​ទសវត្សរ៍​ឆ្នាំ​១៩៦០


កាលពីព្រឹក​ថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥​ ឯកឧត្ដម​ ហ៊ឺ​ វីរៈ​ សមាជិក​គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០២៥​ និង​ជា​ប្រធាន​ក្រុម​ការងារ​រៀបចំ​កម្មវិធី​សួន​មុនីហទ័យ​ បានអញ្ជេីញ​ជា​អធិបតីភាព​ពិធីប្រុងពលីសុំសេចក្តីសុខសេចក្តីចម្រើន ដើម្បីចូលសាងសង់ទីតាំងសួនមុនីហទ័យ ត្រៀមសម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ព.ស.២៥៦៨-២៥៦៩ គ.ស.២០២៥ នៅ​សួនច្បារហ្រ្គង់ ក្រុង​សៀមរាប​ ខេត្ត​សៀម​រាប​។ ពិធី​ប្រុង​ពលី​នេះ​ ក៏មាន​ការ​អញ្ជើញ​ចូលរួម​ពី​ ឯកឧត្ដម​ ទិត​ ថាវរិទ្ធ​ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ និងលោក​ លោក​ស្រី​ ក្រុមការងារ​រៀបចំ​កម្មវិធី​សួន​មុនីហទ័យ​ជាច្រើន​រូប​។

កម្មវិធីសួនមុនីហទ័យ គឺជាកម្មវិធីមួយដែលបង្កើតឡើងក្នុងអត្ថន័យប្រមូលផ្តុំនូវសារៈសំខាន់ និងភាពដ៏អស្ចារ្យនៃសិល្បៈ ទំនៀមទម្លាប់ និងឥរិយាបទដ៏ប្រពៃរបស់ប្រជាជនខ្មែរ ក្នុងគោលបំណងបង្កើតបរិយាកាស ជូនដល់អ្នកចូលរួមឱ្យបានយល់ច្បាស់អំពីភាពថ្កើងថ្កាននៃសិល្បៈ វប្បធម៌ ទំនៀមទម្លាប់ ភាពទន់ភ្លន់ និងស្នាមញញឹមដ៏ថ្លៃថ្នូរប្រកបដោយភាពជឿជាក់ ដែលពោរពេញដោយក្តីស្រឡាញ់ដ៏សែនជ្រាលជ្រៅ និងភក្តីភាពរបស់ប្រជាជនខ្មែរដែលមិនអាចបំភ្លេចបាន។

ក្នុង​នោះ​ដែរ​ សួន​មុនីហទ័យ​ បានរៀបចំ​កម្មវិធី​កំសាន្ត​ សិល្បៈ​ និង​អប់រំ​ជា​ច្រើន​ ដោយ​ឈរ​លើ​គោល​គំនិត​សំខាន់​ៗចំនួន​ ៣​ រួម​មាន​ ម្ហូប​អាហារ​ សម្លៀកបំពាក់​ និង​សិល្បៈ​ ស្ថិតក្នុង​សម័យកាល​ទស្សវត្សរ៍​ទី​ ៦០​ ដែល​អាចចាត់ទុកបានថាជាយុគមួយរបស់កម្ពុជា នៃការចាប់ផ្តើមសម័យទំនើបគួរជាទីមោទនៈ។​ ប៉ុន្តែជាអកុសលក្រោយឆ្លងកាត់សង្គ្រាមស៊ីវិលរ៉ាំរ៉ៃជាច្រើនឆ្នាំ កម្ពុជាដ៏អភ័ព្វបានធ្លាក់ក្នុងរបបដ៏ខ្មៅងងឹត ហើយអ្វីៗ ក៏ត្រូវបាត់បង់។ ក្រោយពីរបបខ្មែរក្រហមបានដួលរលំទៅ រដ្ឋាភិបាលកម្ពុជាដែលកាលនោះមានសម្តេចទាំងបីរួមមាន៖ សម្តេចអគ្គ មហាពញាចក្រី ហេង សំរិន​ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម
ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននាំមកសន្តិភាព និងការស្តារអភិវឌ្ឍជាតិមាតុភូមិឡើងវិញធ្វើឱ្យយើងមានអ្វីៗដូចសព្វថ្ងៃ។​

ព្រលឹងនៃសន្តិភាព បានស្ថិតក្នុងក្រអៅបេះដូងយើងឱ្យចេះទទួលស្គាល់ពីអតីតកាល ហើយញញឹមសាទរបន្តធ្វើឱ្យកម្ពុជា អស្ចារ្យ បន្ថែមទៀត។ ដូចនេះ ការជ្រើសយកទសវត្សរ៍ឆ្នាំ១៩៦០ ជាការឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន កំពុងបន្តកសាងប្រទេសជាតិឡើងវិញ និងបន្តឆ្ពោះទៅកាន់អនាគតកាន់តែអស្ចារ្យ។

សូម​បញ្ជាក់​ជូន​ផងដែរ​ថា​ សួនមុនីហទ័យ​ មាន​ការ​រៀប​ចំ​ដាក់​តាំង​ និង​លក់​ម្ហូបអាហារ​ នំ​ បង្អែម​ខ្មែរ​មាន​រសជាតិ​ឆ្ងាញ់​ៗជា​ច្រើន​មុខ​ និង​សម្បូរ​បែប​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​សៀមរាប​។ ក្រៅ​ពីនោះ​ក៏មាន​កម្មវិធី​កំសាន្ត​ ដោយ​មាន​ការ​សម្តែង​សិល្បៈ​ទស្សនីយភាព​ជា​ច្រើន​ទម្រង់​ ការ​ប្រគំតន្រ្តី​សម័យ​ទសវត្សរ៍​ឆ្នាំ​១៩៦០​ ការ​សរសេរ​តាម​អាន​ក្នុង​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​ និង​ជា​ពិសេស​ការ​ថតរូប​សម្លៀកបំពាក់​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៦០​ ដែល​បងប្អូន​អាចទាញ​យក​រូបថត​បាន​ភ្លាមៗ​ ការ​ដាក់​តាំង​ពិព័រណ៍​ស្នាដៃ​ រូបភាព​ ព្រមទាំង​មាន​កម្មវិធី​ជាច្រើន​ទៀត​។