| |

អតីតប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ត្រូវបាន ចាប់ខ្លួនតាមដីការរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC


រដ្ឋាភិបាលហ្វីលីពីនបាននិយាយថា អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ត្រូវបានប៉ូលិសចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងម៉ានីល កាលពីថ្ងៃអង្គារ តាមបញ្ជារបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ពាក់ព័ន្ធនឹងករណីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។

ការិយាល័យប្រធានាធិបតី Ferdinand Marcos បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Duterte ត្រូវបានចាប់ខ្លួនបន្ទាប់ពីមកដល់ទីក្រុងហុងកុង ហើយប៉ូលីសបាននាំគាត់ទៅឃុំឃាំងតាមបញ្ជារបស់ ICC ជុំវិញការស៊ើបអង្កេតពាក់ព័ន្ធនឹងការសម្លាប់ដ៏ធំដែលបានកើតឡើងក្រោមការបង្រ្កាបដ៏សាហាវរបស់អតីតប្រធានាធិបតីរូបនេះប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់។

សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលបាននិយាយថា «នៅពេលគាត់មកដល់ អគ្គព្រះរាជអាជ្ញាបានបម្រើការជូនដំណឹងរបស់ ICC សម្រាប់ដីកាចាប់ខ្លួនអតីតប្រធានាធិបតីពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ»។ ឥឡូវ នេះ Rodrigo Duterte កំពុងស្ថិតនៅក្នុង មន្ទីរឃុំឃាំង។

ការចាប់ខ្លួនដ៏គួរឱ្យភ្ញាក់ផ្អើលនេះបានបង្កឱ្យមានភាពចលាចលនៅឯអាកាសយានដ្ឋាន។ មេធាវី និងជំនួយការរបស់លោក Duterte បានតវ៉ាយ៉ាងខ្លាំងថា ពួកគេរួមជាមួយនឹងវេជ្ជបណ្ឌិត និងមេធាវីត្រូវបានរារាំងមិនឱ្យចូលទៅជិត Duterte បន្ទាប់ពីគាត់ត្រូវបានចាប់ខ្លួន។ លោក Bong Go ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ Duterte បាននិយាយថា «នេះគឺជាការរំលោភលើសិទ្ធិរដ្ឋធម្មនុញ្ញ»។ រដ្ឋាភិបាលបាននិយាយថា ការិយាល័យប៉ូលិសអន្តរជាតិទីក្រុងម៉ានីលបានទទួលច្បាប់ចម្លងផ្លូវការនៃដីកាចាប់ខ្លួនពីតុលាការពិភពលោក។

ការចាប់ខ្លួនលោក Rodrigo Duterte កើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយអតីតប្រធានាធិបតីរូបនេះ បាននិយាយក្នុងទីក្រុងហុងកុងថា រូបលោកត្រៀមរួចជាស្រេច សម្រាប់លទ្ធភាពនៃការចាប់ខ្លួនរូបលោក ចំពេលមានសេចក្តីរាយការណ៍ថា តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC គ្រោងនឹងចេញដីកា ជុំវិញសង្រ្គាមបង្រ្កាបគ្រឿងញៀនរបស់លោក ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់

ប្រភព៖ AP