|

សម្ដេច ហ៊ុន សែន៖«កម្ពុជាអាចនឹងទទួលបានផលប្រយោជន៍ពីការកែសម្រួលទំនាក់ទំនងរវាងចិន និងអាមេរិក»


ដោយ៖ ង៉ាយ ណៃ

តាមរយៈសុន្ទរកថាថ្លែងក្នុងសន្និសីទអន្តរជាតិលើកទី២៦ ស្ដីពី «អនាគតរបស់អាស៊ី» នៅថ្ងៃទី២០ ខែឧសភានេះ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថាកម្ពុជាអាចនឹងទទួលបានផលប្រយោជន៍ពីការកែសម្រួលទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន។

ការលើកឡើងបែបនេះ ធ្វើឡើងស្របពេលស្ថានភាពទំនាក់ទំនងរវាងប្រទេសមហាអំណាចទាំងពីរ អាមេរិក-ចិនបន្តមានភាពល្អក់កករនឹងគ្នាក្រោយលោកចូ បៃឌិន ចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក។ ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទអន្តរជាតិលើកទី២៦ ស្ដីពី «អនាគតរបស់អាស៊ី» សម្ដេច ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «ការប្រឈមមុខដាក់គ្នារវាងប្រទេសមហាអំណាចតែងបង្កផលប៉ះពាល់ដល់ប្រទេសតូចតាចនៅក្នុងក្របខណ្ឌតំបន់របស់យើងដូចជា កម្ពុជា។ កម្ពុជាមានសង្ឃឹមថា អាមេរិក និងចិននឹងខិតខំរកវិធីគ្រប់គ្រងទំនាក់ទំនង ដើម្បីបង្កើតឡើងវិញនូវប្រតិបត្តិការដែលបំពេញឱ្យគ្នាទៅវិញទៅមក។ ហើយជួយទៅដល់ស្ថិរភាព សន្តិភាព និងការអភិវឌ្ឍន៍នៅក្នុងតំបន់។»

«ខ្ញុំជឿជាក់ថា ប្រទេសទាំងពីរពិតជានឹងខ្នះខ្នែងស្វែងរកនូវដំណោះស្រាយសមស្របមួយដើម្បីគ្រប់គ្រងទំនាក់ទំនងឱ្យបានល្អ។ ខ្ញុំសង្ឃឹមថារដ្ឋាការរបស់លោក ចូ បៃឌិន ពិតជានឹងមានវិធានការថ្មីៗបន្ថែមទៀត ទោះបីជាសង្កេតឃើញថាភាពតានតឹងដែលបន្សល់ទុកដោយរដ្ឋបាលរបស់លោក ត្រាំបាននឹងកំពុងដាក់បន្ទុកលើទំនាក់ទំនងរវាងប្រទេសទាំងពីរក៏ដោយ។»

«ជាមួយគ្នានេះ រដ្ឋាភិបាលកម្ពុជាក៏បានមើលឃើញថាកម្ពុជាអាចនឹងទទួលផលប្រយោជន៍ពីការកែសម្រួលទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក។» នេះបើតាមការបញ្ជាក់ពីសម្ដេច ហ៊ុន សែន។

ក្រៅពីបញ្ហាទំនាស់រវាងអាមេរិក-ចិន ស្ថានភាពទំនាក់ទំនងរវាងកម្ពុជា-ចិន ក៏ត្រូវបានលើកយកមកពិភាក្សានៅក្នុងសន្និសីទអន្តរជាតិលើកទី២៦ ស្ដីពី «អនាគតរបស់អាស៊ី» នៅថ្ងៃទី២០ ខែឧសភានេះដែរ។ ទាក់ទិននឹងបញ្ហានេះ សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា៖«មានសំណួរចោទឡើងថាកម្ពុជាបច្ចុប្បន្នកំពុងពឹងផ្អែកលើចិនខ្លាំងពេក។ និយាយការពិតនៅទីនេះ «បើខ្ញុំមិនពឹងចិនទេ ឱ្យខ្ញុំទៅពឹងអ្នកណា»។»

«កាលពីទសវត្សរ៍៩០ ជប៉ុនបានជួយជំនួយច្រើនកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ប្រទេសរបស់យើង និងមានស្ពានធំៗពីរគឺស្ពានគីសូណានៅកំពង់ចាម និងស្ពានត្សឺបាសានៅជាប់ខេត្តកណ្ដាលនិងខេត្តព្រៃវែង។ ប៉ុន្តែក្រៅពីនោះ​ ស្ពានទាំងឡាយនៅតាមដងទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ សុទ្ធតែជាជំនួយរបស់ប្រទេសចិនទាំងអស់។ បន្ថែមពីនេះ ផ្លូវជាតិប្រវែងជាង៣ពាន់គីឡូម៉ែត្រ គឺចិនជួយទាំងអស់។»៕