|

ឈ្វេងយល់ពីទស្សនីយភាព «ចង្វាក់បេះដូងអង្គរ» ដែលជាកម្មវិធីថ្មីក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥


ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ នឹងត្រូវរៀបចំឡើងក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី» ដែលនឹងនាំមកនូវផ្ទាំងទស្សនីយភាពវប្បធម៌ដ៏សម្បូរបែប រួមទាំងការកម្សាន្តនានា ដើម្បីអបអរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

អ្វីដែលកាន់តែពិសេស នៅក្នុងឆ្នាំ២០២៥ នេះ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានបង្កើតនូវកម្មវិធីថ្មីៗ ដែលក្នុងនោះ នឹងមានការសម្ដែងសិល្បៈទស្សនីយភាព «ចង្វាក់បេះដូងអង្គរ» ដែលជាការផ្ដល់នូវបទពិសោធន៍ថ្មី និងផ្ដល់ឱកាសដល់សាធារណជនអាចចូលរួមទស្សនាការសម្ដែងក្នុងបរិវេណប្រាសាទអង្គរវត្ត (បណ្ណាល័យខាងត្បូងនៃប្រាសាទអង្គរ) រយៈពេល ៣ យប់។

ទស្សនីយភាព ចង្វាក់បេះដូងអង្គរ នឹងបង្ហាញអំពីភាពប្រសព្វគ្នានៃការម្លឹក ធ្វើឱ្យរស់រវើក និងផ្សារភ្ជាប់ជីវិតនៃមរតកបេតិកភណ្ឌអរូបី នៅលើទីតាំងនៃមរតកបេតិកភណ្ឌ និងផ្ដល់ឱកាសពិសេសជូនប្រជាពលរដ្ឋ «មួយដងក្នុងមួយជីវិត» ក្នុងការទស្សនា ការសម្ដែងក្នុងបរិវេណប្រាសាទអង្គរវត្ត ដែលនឹងបង្កើតជាការចងចាំ ក្ដីស្រលាញ់ អនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន។

ក្រៅពីកម្មវិធីនេះ អង្គរសង្ក្រាន្តឆ្នាំ២០២៥ នឹងមានកម្មវិធីផ្សេងៗទៀតជាច្រើនរួមមាន៖ ការប្រកួតអុក កម្មវិធីក្បួនដង្ហែរអង្គរសង្ក្រាន្ត របាំបុរាណ ប្រពៃណី និងប្រជាប្រប្រិយ សួនកុមារ សួនញញឹមអង្គរ តស់ៗលេងទឹក និងកម្មវិធីប្រណាំរទេះគោ ក្របីជាដើម៕