សម្តេចតេជោ និងនាយករដ្ឋមន្រ្តីឡាវ ផ្លាស់ប្ដូរយោល់បញ្ជៀសស្ថានការណ៍ជា ស្មៅ ឬ ស្រមោចសង្អារ ឱ្យដំរីជាន់ពេលដំរីជល់គ្នា!
នៅក្នុងជំនួបជាមួយ ឯកឧត្តមបណ្ឌិត Sonexay Siphandone នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញមោទនភាព និងវាយតម្លៃខ្ពស់ចំពោះមិត្តភាព បងប្អូនល្អនៃប្រទេសកម្ពុជា-ឡាវ និង ភាពដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង។

ភាគីទាំងពីរ បានបន្តផ្លាស់ប្តូរយោបល់អំពីបញ្ហាតំបន់ និងសកលោក ជាពិសេស ភាពមិនប្រាកដប្រជានៃស្ថានការណ៍ពិភពលោកនាពេលបច្ចុប្បន្ន ដែលទាមទារឱ្យមានការវាយតម្លៃជាប្រចាំដើម្បីកំណត់ជំហរសមស្រប និងជៀសវាងស្ថិតនៅក្នុងស្ថានការណ៍ជា ស្មៅ ឬ ស្រមោចសង្អារ ឱ្យដំរីជាន់ពេលដំរីជល់គ្នា។

ដោយឡែកក្នុងទំនាក់ទំនងទ្វេភាគី សម្តេចតេជោ បានលើកឡើងថា ទំនាក់ទំនងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍នៃប្រទេសយើងទាំងពីរ កំពុងដើរទៅមុខ ទោះយឺត តែមានភាពរឹងមាំ។
សម្តេចតេជោ ក៏បានសង្កត់ធ្ងន់ថាការជំរុញផ្គត់ផ្គង់ថាមពលអគ្គិសនីពីឡាវទៅកម្ពុជា និងពីកម្ពុជាទៅប្រទេសជាសមាជិកអាស៊ានផ្សេងទៀត រួមចំណែកជួយដល់តម្រូវការថាមពលរបស់កម្ពុជា ដល់ទំហំពាណិជ្ជកម្ម និងការរីកលូតលាស់សេដ្ឋកិច្ចជាមូលដ្ឋានរបស់ប្រជាជននៃប្រទេសយើងទាំងពីរនៅគ្រប់ទីកន្លែង ព្រមទាំងដល់ការកសាងបណ្តាញថាមពលអាស៊ាន។ សម្តេចតេជោ បានបន្ថែមថា ឥឡូវ ឱកាសឱ្យយើងឈានទៅមុខហើយ ត្រូវជំរុញបន្ថែម គ្រប់កិច្ចសហប្រតិបត្តិការ ជាពិសេសកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ឱ្យមានភាពលូតលាស់។



ឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ ក៏បានចាត់ទុកកិច្ចសហប្រតិបត្តិការថាមពលឡាវ-កម្ពុជា គឺជាអាទិភាពនិងសារៈសំខាន់បំផុត។ ឯកឧត្តម បានស្នើឱ្យភាគីប្រទេសទាំងពីរ បន្តជំរុញកិច្ចសហប្រតិបត្តិការរវាងសមត្ថកិច្ចពាក់ព័ន្ធដើម្បីអនុវត្តកិច្ចព្រមព្រៀងដែលមានឱ្យចេញរូបរាង និងបានវាយតម្លៃខ្ពស់ចំពោះបរិយាកាសព្រំដែនល្អរួមគ្នា និងទំនាក់ទំនងអស់ពីចិត្តពីថ្លើម ត្រង់ទៅត្រង់មក សាមគ្គីល្អរវាងប្រទេសយើងទាំងពីរ។ ឯកឧត្តម បានបញ្ជាក់ថា នឹងសហការជាមួយ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែង អនុវត្តកិច្ចព្រមព្រៀងដែលបានសម្រេចរួមគ្នាលើគ្រប់ការងារ តាមស្មារតីនៃកិច្ចព្រមព្រៀងរវាងបក្សទាំងពីរ៕
ប្រភព៖ SHS