លោកជំទាវរដ្ឋមន្ត្រី លើកទឹកចិត្តអារ៉ាប៊ីសាអូឌីត ឱ្យពិចារណាលើការវិនិយោគកែឆ្នៃផលិតផលហាឡាល់សម្រាប់ការនាំចេញ
នាព្រឹកថ្ងៃពុធ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តមបណ្ឌិត Hisham bin Saad Aljadhey នាយកប្រតិបត្តិនៃអាជ្ញាធរចំណីអាហារ និងឱសថរបស់អារ៉ាប៊ីសាអូឌីត (Saudi Food and Drug Authority) ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។



ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសុវត្ថិភាព និងស្តង់ដារម្ហូបអាហារ ឱសថ និងរបស់ប្រើប្រាស់។



ក្នុងនោះដែរ លោកជំទាវរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តភាគីអារ៉ាប៊ីសាអូឌីត ឱ្យពិចារណាលើការវិនិយោគកែឆ្នៃផលិតផលហាឡាល់ សម្រាប់ការនាំចេញ៕