|

អាមេរិកចាត់ទុកថា ជាគ្រោះមហន្តរាយដ៏សាហាវបំផុតនៅទីក្រុងវ៉ាស៉ីនតោន បន្ទាប់ពីយន្តហោះដែលមានមនុស្សជិះជាង ៦០ នាក់ បុកជាមួយឧទ្ធម្ភាគចក្រយោធាអាមេរិក!


យន្តហោះដឹកអ្នកដំណើរ ៦៤នាក់ បានបុកគ្នានៅកណ្តាលអាកាសជាមួយឧទ្ធម្ភាគចក្រ Black Hawk របស់កងទ័ពសហរដ្ឋអាមេរិកនៅជិតអាកាសយានដ្ឋានជាតិ Reagan នៅខាងក្រៅទីក្រុង Washington, DC ហើយបានធ្លាក់ចូលទន្លេ Potomac ស្ថិតនៅក្បែរអាកាសយានដ្ឋាន Reagan National Airport។

យន្តហោះដែលជាជើងហោះហើរលេខ ៥៣៤២ របស់ American Airlines ដែលមានអ្នកដំណើរ ៦០នាក់ និងសមាជិកនាវិក ៤នាក់នៅលើនោះបានហោះចេញពី Wichita រដ្ឋ Kansas នេះបើយោងតាមក្រុមហ៊ុនអាកាសចរណ៍។ ក្រុមមន្ត្រីបាននិយាយថា លើឧទ្ធម្ភាគចក្រនោះក៏មានទាហានបីនាក់ជិះក្នុងនោះផងដែរ។ ការហោះហើរ និងការចុះចតទាំងអស់ត្រូវបានបញ្ឈប់នៅអាកាសយានដ្ឋានជាតិ Reagan ។ ក្រោយឧបទ្ទវហេតុនេះកើតឡើង អាជ្ញាធរអាមេរិកបញ្ជូនក្រុមអ្នកជួយសង្រ្គោះទៅកាន់កន្លែងកើតហេតុភ្លាមៗ។

ក្រុមមន្ត្រីបានប្រាប់ថាវាជាគ្រោះមហន្តរាយដ៏សាហាវបំផុតនៅក្នុង DC ក្នុងរយៈពេលជាច្រើនទសវត្សរ៍ចាប់តាំងពីជើងហោះហើរ Air Florida បានធ្លាក់ចូលទៅក្នុងស្ពានផ្លូវទី១៤ ដែលតភ្ជាប់ទីក្រុង Arlington រដ្ឋ Virginia និង Washington, DC ក្នុងឆ្នាំ១៩៨២។

ប្រភព៖ CNN