ការប្រឈមមុខដាក់គ្នារវាង លោក Trump និង កូឡុំប៊ីគឺជាការព្រមានដល់មេដឹកនាំទាំងអស់!


រយៈពេលតិចជាងមួយសប្តាហ៍នៅក្នុងតំណែងជាប្រធានាធិបតីរបស់គាត់ លោក Donald Trump បានជំរុញឱ្យមានជម្លោះពន្ធអន្តរជាតិជាលើកដំបូង ហើយគោលដៅមិនមែនជាប្រទេសចិន ម៉ិកស៊ិក ឬកាណាដានោះទេ ប៉ុន្តែប្រធានបទញឹកញាប់នៃការខឹងសម្បាររបស់គាត់ គឺជាប្រទេសកូឡុំប៊ី ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់អាមេរិកមួយនៅអាមេរិកខាងត្បូង។

ប្រទេសកូឡុំប៊ីបានបដិសេធមិនអនុញ្ញាតឱ្យជើងហោះហើរអាមេរិកចំនួនពីរដែលដឹកជនចំណាកស្រុកនិរទេសទៅចុះចតដោយសារតែពួកគេជាយន្តហោះយោធា មិនមែនជាយន្តហោះដឹកជញ្ជូនស៊ីវិល។ ហេតុផលនេះ ហាក់ដូចជាគ្រប់គ្រាន់ដើម្បីជំរុញឱ្យ Trump តំឡើងសរសៃកដាក់។ លោក Trump បានបង្ហោះនៅលើគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គាត់ថា “យើងនឹងមិនអនុញ្ញាតឱ្យរដ្ឋាភិបាលកូឡុំប៊ីរំលោភលើកាតព្វកិច្ចផ្លូវច្បាប់របស់ខ្លួនទាក់ទងនឹងការទទួលយក និងការវិលត្រឡប់នៃឧក្រិដ្ឋជនដែលពួកគេបានបង្ខំឱ្យចូលទៅក្នុងសហរដ្ឋអាមេរិកនោះទេ” ។

នៅលើកំពូលនៃពន្ធ ២៥% លោក Trump បាននិយាយថា សហរដ្ឋអាមេរិកនឹងណែនាំការហាមឃាត់ការធ្វើដំណើរ និង “ការដកហូតទិដ្ឋាការជាបន្ទាន់” លើមន្ត្រីរដ្ឋាភិបាលកូឡុំប៊ី ក៏ដូចជាសម្ព័ន្ធមិត្ត និងអ្នកគាំទ្ររបស់ខ្លួន។

នេះជាបញ្ហាប្រឈមដ៏ខ្លាំងមួយ សម្រាប់ប្រទេសកូឡុំប៊ី ប៉ុន្តែវាក៏ជាការសាកល្បងសម្រាប់រដ្ឋបាលថ្មីរបស់លោក Trump ផងដែរ។

ប្រធានាធិបតីកូឡុំប៊ី Gustavo បានឆ្លើយតបភ្លាមៗនៅរសៀលថ្ងៃអាទិត្យ ដោយបានចាប់ផ្តើមការវាយប្រហារសងសឹកផ្ទាល់ខ្លួនរបស់គាត់នៅក្នុងសង្គ្រាមពាក្យសម្តី។
វាមិនមែនជារឿងសម្ងាត់ទេដែល Petro មិនចូលចិត្តលោក Donald Trump – គាត់បានរិះគន់យ៉ាងខ្លាំងទៅលើគោលនយោបាយរបស់ Trump ស្តីពីការធ្វើចំណាកស្រុក និងបរិស្ថានកាលពីអតីតកាល។

នៅក្នុងការឆ្លើយតបដ៏វែងមួយនៅលើ X លោកបាននិយាយថា Trump នឹង “លុបបំបាត់ពូជមនុស្សដោយសារតែភាពលោភលន់” ហើយបានចោទប្រកាន់ប្រធានាធិបតីសហរដ្ឋអាមេរិកថាបានចាត់ទុកជនជាតិកូឡុំប៊ីជា “ពូជសាសន៍ទាបជាងខ្លួន” ។

មិនត្រឹមតែគំរាមកំហែងពន្ធសងសឹកផ្ទាល់ខ្លួនរបស់គាត់ប៉ុណ្ណោះទេ Petro ថែមទាំងបញ្ជាក់ថា”ចាប់ពីថ្ងៃនេះតទៅ កូឡុំប៊ីបើកចំហចំពោះពិភពលោកទាំងមូល”។ ប្រធានាធិបតី Petro បានកត់សម្គាល់ថា ប្រសិនបើការពិភាក្សាអំពីការគ្រប់គ្រងការធ្វើចំណាកស្រុកតាមរយៈ Darien ត្រូវបានផ្អាក “សកម្មភាពខុសច្បាប់នឹងកើនឡើង” ។ មតិទាំងនោះអាចត្រូវបានគេមើលឃើញថាជាការគំរាមកំហែងនៃជនចំណាកស្រុកដែលគ្មានឯកសារច្រើនទៀតនៅតាមផ្លូវ។

Petro ក៏បាននិយាយផងដែរថា ប្រទេសរបស់គាត់នឹងមិនបដិសេធជនជាតិកូឡុំប៊ីដែលត្រូវបាននិរទេសចេញពីសហរដ្ឋអាមេរិកទេ ពួកគេថែមទាំងទទួលបាន ការការយកចិត្តទុកដាក់ប្រកបដោយសេចក្តីថ្លៃថ្នូរថែមទៀតផង។

ទោះបីជាយ៉ាងណាក៏ដោយ សង្គ្រាមពាក្យសម្ដី និងសង្គ្រាមពន្ធទាំងនេះ ត្រូវបានគេជឿថា ទំនងគ្រាន់ជាការសម្ញែងឥទ្ធិពល និងជាការព្រមានរបស់លោក Trump ទៅកាន់ប្រទេសផ្សេងៗតែប៉ុណ្ណោះ៕

ប្រភព៖ BBC