ការទាញប្រយោជន៍អំឡុងពេលសម្រាកនៅផ្ទះ


ដោយ៖ វ៉ាន់ វីសារ

គិតត្រឹមព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ អ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា សរុបទាំងអស់មានចំនួន ៩,៣៥៩នាក់ ដែលក្នុងនោះ មានអ្នកជំងឺដែលបានព្យាបាលជាសះស្បើយចំនួន ៣, ២១០នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន ៦,០៧២នាក់ និងអ្នកដែលបាត់បង់ជីវិតរហូតដល់៧១នាក់។  នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

ដោយសារព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ចំនួនអ្នកឆ្លងជំងឺរាតត្បាតជាសកលនេះមានការកើនឡើងគួរឱ្យបារម្ភ។ ឆ្លើយតបទៅនឹងបញ្ហាប្រឈមខាងលើ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចប្រកាសបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ក៏ដូចជាតំបន់មួយចំនួនទៀត រយៈពេល១៤ថ្ងៃ ចាប់ពីវេលាម៉ោងសូន្យនាទី ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១កន្លងទៅ រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ខាងមុខ។ 

ជាការពិតណាស់ ត្បិតអីការបិទខ្ទប់នេះរមែងប៉ះពាល់តិច ឬច្រើនដល់ការរស់នៅជាធម្មតារបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ប៉ុន្តែយ៉ាងហោចណាស់ យើងក៏អាចច្បិចយកផលចំណេញបានខ្លះៗផងដែរ ពីការបិទខ្ទប់នេះ អាស្រ័យទៅតាមភាពច្នៃប្រឌិត ការព្យាយាម និងចំណង់ចំណូលចិត្តរៀងៗខ្លួន។

តើអ្នកទាំងអស់គ្នាដឹងទេថា អំឡុងពេលសម្រាកនៅផ្ទះនេះយើងអាចមើលឃើញពីអត្ថប្រយោជន៍ជារួម និងជាលក្ខណៈបុគ្គលយ៉ាងណាខ្លះ?

  • លក្ខណៈជារួម៖

១. កាត់បន្ថយការឆ្លងរាលត្បាតនៃជំងឺ៖ ដោយសារគ្មានការប្រមូលផ្ដុំ ឬជួបជុំមនុស្សច្រើន វាបានចូលរួមចំណែកក្នុងការកាត់បន្ថយចំនួនអ្នកឆ្លងនៅក្នុងសហគមន៍។

២. កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៖ បន្ទាប់ពីការបិទខ្ទប់រាជធានីភ្នំពេញ ក្រុងតាខ្មៅ ដោយមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋធ្វើចរាចរ ឬដើរហើរបានជាប្រក្រតី វាក៏បានចូលរួមកាត់បន្ថយការស្ទះចរាចរណ៍ និងគ្រោះថ្នាក់ផ្សេងៗគួរឱ្យកត់សម្គាល់ផងដែរ។

៣. កាត់បន្ថយផ្សែងពុល៖ ព្រោះការធ្វេីចរាចរដោយយាន្តជំនិះគ្រប់ប្រភេទលេីដងវិថី ឬនៅតាមទីកនែ្លងសាធារណៈត្រូវបានកាត់បន្ថយ។

  • លក្ខណៈបុគ្គល៖

១. មានពេលវេលាជួបជុំគ្រួសារច្រើនជាងមុន៖ ដោយសារ មិនអាចបំពេញការងារ ការសិក្សានៅខាងក្រៅផ្ទះបាន សមាជិកតាមគ្រួសារនីមួយៗអាចមានពេលវេលានៅផ្ទះ ជួបជុំគ្រួសារ ផ្តល់ភាពកក់ក្តៅបានច្រើនជាងមុន។

២. ចំណេញពេលវេលា និងថវិកាចំពោះអ្នកធ្វើការ និងសិស្សានុសិស្ស៖ សាលារៀន កន្លែងធ្វើការ ទាំងស្ថាប័នរដ្ឋ និងឯកជន និងកន្លែងប្រកបអាជីវកម្មត្រូវបានផ្អាកដំណើរការ (បិទ) ដោយជំនួសវិញនូវការប្រាស្រ័យទាក់ទងតាមបច្ចេកវិទ្យាពីចម្ងាយ។ ពួកគាត់ពុំចាំបាច់ធ្វើដំណើរទៅកាន់ទីតាំងផ្ទាល់។

៣. មានពេលវេលាគ្រប់គ្រាន់ក្នុងការស្វ័យសិក្សា៖ ការសិក្សាពីចម្ងាយ ឬការសិក្សាតាមបែបអនឡាញ សិស្ស និស្សិតពុំបានចំណាយពេលវេលាក្នុងការធ្វើដំណើរ ដូចនេះពួកគាត់អាចចំណេញពេលវេលាបានខ្លះ និងច្នៃពេលវេលាទាំងនេះទៅផ្តោតលើមុខវិជ្ជាដែលពួកគាត់គិតថាខ្សោយ និងពង្រឹងបន្ថែម។

៤. មានពេលធ្វើអ្វីថ្មីៗដែលខ្លួនចាប់អារម្មណ៍ដូចជា៖ ក្រៅពីមុខវិជ្ជាស្នូលនៅសាលារៀន ពួកគាត់អាចសិក្សាភាសាបរទេស ស្វែងរកចំណេះដឹងថ្មីៗដែលខ្លួនចាប់អារម្មណ៍ ឬតាមដានព័ត៌មានជាតិ និងអន្តរជាតិតាមទូរស័ព្ទដៃ ឬកុំព្យូទ័រ, ធ្វើលំហាត់ប្រាណ ស្តាប់តន្ត្រី ថែរក្សាសម្រស់ ដាំដំណាំជុំវិញគេហដ្ឋាន និងធ្វើអ្វីផ្សេងៗទៀតដែលគិតថាចំណេញសម្រាប់ខ្លួនឯង៕

រូបភាព៖ unsplash

កែសម្រួល៖ BRANDMEDIA