កអក៖ អ្នកសារព័ត៌មានទាំងអស់ត្រូវចៀសវាងធ្វើអ្វីដែលលើសពីតួនាទីរបស់ខ្លួន


ដោយ៖ ង៉ាយ ណៃ

កាលពីថ្ងៃទី២២ ខែមេសាកន្លងទៅ ក្លិបអ្នកកាសែតកម្ពុជា(កអក) បានចេញសេចក្ដីអំពាវនាវមួយក្រើនរំឭកដល់អ្នកសារព័ត៌មានឱ្យអនុវត្តបានត្រឹមត្រូវនូវក្រមសីលធម៌វិជ្ជាជីវៈក្នុងពេលចុះយកព័ត៌មាន ក្រោយមានអ្នកសារព័ត៌មានមួយចំនួនបានប្រព្រឹត្តផ្ទុយពីតួនាទីរបស់ខ្លួន។

ក្នុងសេចក្ដីអំពាវនាវរបស់ក្លិបអ្នកកាសែតកម្ពុជាបានសរសេរថា៖ ក្នុងវិបត្តិកូវីដ- ១៩នេះ អ្នកសារព័ត៌មានបានបំពេញតួនាទីបានយ៉ាងល្អក្នុងការផ្ដល់ព័ត៌មានជូនប្រជាពលរដ្ឋ ទោះបីជាស្ថិតក្នុងកាលៈទេសៈដ៏លំបាកនេះ និងជាពិសេសក្នុងស្ថានភាពបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល។​ ទន្ទឹមនឹងនេះ ក្លិបអ្នកកាសែតកម្ពុជា ក៏សង្កេតឃើញថា មានអ្នកសារព័ត៌មានមួយចំនួននៅមិនទាន់បានអនុវត្តបានត្រឹមត្រូវស្របតាមវិជ្ជាជីវៈរបស់ខ្លួននៅឡើយ។ អ្នកសារព័ត៌មានទាំងនោះបានផ្សព្វផ្សាយដំណឹងដោយបំពានលើសិទ្ធិបុគ្គលឯកជន ការប្រើអាកប្បកិរិយា និងពាក្យពេចន៍មិនសមរម្យដែលអ្នកសារព័ត៌មានមិនគួរប្រើ។ ក្លិបអ្នកកាសែតកម្ពុជាបានបញ្ជាក់ដូច្នេះ។

ក្នុងសេចក្ដីជូនដំណឹងដដែលបានសង្កត់ធ្ងន់ថា៖«ក្លិបអ្នកកាសែតកម្ពុជា សូមអំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់សូមអនុវត្តឱ្យបានត្រឹមត្រូវនូវក្រមសីលធម៌វិជ្ជាជីវៈក្នុងពេលចុះយកព័ត៌មាន ដើម្បីរក្សាឱ្យបាននូវតម្លៃ និងសេចក្ដីថ្លៃថ្នូររបស់អ្នកសារព័ត៌មាននៅចំពោះមុខមហាជន។ អ្នកសារព័ត៌មានទាំងអស់ចៀសវាងធ្វើអ្វីដែលលើសពីតួនាទីរបស់ខ្លួន។»

ឃុន សុខេន និស្សិតឆ្នាំទីបីផ្នែកភាសាវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ យល់ឃើញថា៖ សារព័ត៌មានមានតួនាទីដ៏សំខាន់ក្នុងការផ្សាយដំណឹងជូនប្រជាពលរដ្ឋ ពិសេសក្នុងបរិបទកូវីដ-១៩នេះ។ តែយ៉ាងណាក៏ដោយ មានសារព័ត៌មានមួយចំនួន​ ជាពិសេសសារព័ត៌មានអនឡាញបានប្រើប្រាស់តួនាទីរបស់ខ្លួនផ្ទុយពីក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានជាខ្លាំង។

«ពួកគេផ្សាយព័ត៌មានដោយពុំបានគិតដល់សិទ្ធបុគ្គល​ ឬឯកជនភាពនោះឡើយ។ ពោល អ្នកសារព័ត៌មានទាំងនោះ គិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន និងប្រជាប្រិយភាពដែលបានមកពីការប្រព្រឹត្តខុសឆ្គងនោះតែប៉ុណ្ណោះ។»

សុខេន បានបញ្ជាក់ទៀតថា៖ ប្រសិនបើបញ្ហានេះនៅបន្តកើតមានឡើង វាអាចនឹងប៉ះពាល់ដល់តម្លៃនៃវិជ្ជាជីវៈសារព័ត៌មានទាំងមូល ពិសេសអ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈត្រឹមត្រូវ។

ជាមួយគ្នានេះ លោក ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មានលើកឡើងដូច្នេះ៖ «អ្នកសារព័ត៌មានមិនមែនជាតួអង្គវិនិច្ឆ័យសម្រេចសេចក្ដីឱ្យអ្នកនេះខុស អ្នកនោះត្រូវ ការពារអ្នកនេះ វាយប្រហារអ្នកនោះ ទទួលឯកសារខាងនេះបដិសេធខាងនោះ និយាយពាក្យពីរោះជាមួយខាងនេះ ប្រើពាក្យជេរប្រទិចខាងនោះ និងគំរាមកំហែងអ្នកណាម្នាក់បានឡើយ ក្រៅពីជាអ្នកធ្វើជាអ្នកនាំដំណឹងតែប៉ុណ្ណឹង។»៕