ប្រធានាធិបតីកូរ៉េខាងត្បូង បដិសេធមិនបង្ហាញខ្លួនក្នុងសវនាការ ដែលនឹងសម្រេចថាតើត្រូវទុក ឬក៏ដកតំណែងរបស់លោក


មេធាវីរបស់លោក Yoon Suk Yeol បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol នឹងមិនចូលរួមក្នុងសវនាការផ្លូវការជាលើកដំបូង ដែលនឹងសម្រេចថាតើត្រូវទុក ឬក៏ដកតំណែងរបស់លោក នៅថ្ងៃអង្គារ សប្ដាហ៍ក្រោយនេះនោះទេ ដោយសារតែការព្រួយបារម្ភអំពីសុវត្ថិភាព។

លោក Yoon ត្រូវបានគេឃុំឃាំងក្នុងគេហដ្ឋាននិងត្រូវបានការពារដោយកងឆ្មាំវរជន ចាប់តាំងពីត្រូវបានព្យួរ និងការចោទប្រកាន់ កាលពីខែមុនបន្ទាប់ពីការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លី ដែលបានធ្វើឱ្យប្រទេស ធ្លាក់ចូលក្នុងភាពវឹកវរផ្នែកនយោបាយ។

គាត់បានបដិសេធមិនជួបព្រះរាជអាជ្ញា និងអ្នកស៊ើបអង្កេត ហើយអង្គភាពឆ្មាំប្រធានាធិបតីរបស់គាត់បានរារាំងការប៉ុនប៉ងចាប់ខ្លួនគាត់បន្ទាប់ពីការប្រឈមមុខដាក់គ្នាដ៏តានតឹងរយៈពេលជាច្រើនម៉ោងកាលពីដើមខែនេះ។

តុលាការធម្មនុញ្ញបានកំណត់កាលបរិច្ឆេទសវនាការចំនួន ៥ ចាប់ពីថ្ងៃទី១៤ ខែមករា ដល់ថ្ងៃទី៤ ខែកុម្ភៈ ដែលនឹងដំណើរការក្រោមអវត្តមានរបស់គាត់ប្រសិនបើគាត់មិនចូលរួម។

មេធាវី Yoon Kab-keun បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយផ្ញើទៅកាន់ AFP ថា “ការព្រួយបារម្ភអំពីសុវត្ថិភាព និងឧបទ្ទវហេតុដែលអាចកើតមាន។ ដូច្នេះប្រធានាធិបតីនឹងមិនអាចចូលរួមសវនាការនៅថ្ងៃទី១៤ ខែមករា” ។

គួរបញ្ជាក់ថា បើតាមមេធាវី លោក Yoon Suk Yeol នឹងបង្ហាញខ្លួននៅក្នុងសវនាការ ប្រសិនបើបញ្ហាដែលបានលើកឡើងត្រូវបានដោះស្រាយ។

ដោយឡែកក្រុមអ្នកស៊ើបអង្កេតដែលកំពុងស្វែងរកការសាកសួរ លោកYoon លើការចោទប្រកាន់ពីបទបះបោរដែលពាក់ព័ន្ធនឹងការប្រកាសច្បាប់អាជ្ញាសឹករបស់គាត់កំពុងរៀបចំការប៉ុនប៉ងចាប់ខ្លួនមួយផ្សេងទៀត។

ប្រភព៖ France24