|

ឯកឧត្តមបណ្ឌិត សោម រតនា៖ “ដើម្បីពន្លឿនការអភិវឌ្ឍជាតិ តោងគ្រប់វិស័យមានភាពខ្លាំងពូកែ ប៉ុន្តែស្នូលនៃភាពខ្លាំងពូកែនេះ ត្រូវផ្តើមចេញពីការអប់រំ ដែលមានគុណភាព ឆ្ពោះទៅការបង្កើតមូលធនមនុស្ស ដែលមានសក្តានុពល”


ឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជាថ្នាក់ដឹកនាំទទួលបន្ទុកអគ្គលេខាធិការដ្ឋានទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (ACC) នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាឆ្លុះបញ្ចាំងស្តីអំពីការវាយតម្លៃផ្តល់ការទទួលស្គាល់គុណភាពអប់រំឧត្តមសិក្សាឆ្នាំ២០២៤ ដើម្បីលើកទិសដៅកែលម្អរការវាយតម្លៃផ្តល់ការទទួលស្គាល់គុណភាពអប់រំឧត្តមសិក្សា ឆ្នាំ២០២៥។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីតំណាងគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន ដែលសុទ្ធសឹងជាជនបង្គោលទទួលបន្ទុកការធានាគុណភាពផ្ទៃក្នុងរបស់សាកលវិទ្យាល័យនានាមកពីទូទាំងប្រទេសប្រមាណ ១០០ នាក់។

មានប្រសាសន៍នៅក្នុងសិក្ខាសាលានេះឱកាសនេះ ឯកឧត្តមបណ្ឌិត បានលើកឡើងថា សិក្ខាសាលានាឱកាសនេះ បានធ្វើឡើងក្នុងគោលបំណងឆ្លុះបញ្ចាំងនូវយន្តការ ក៏ដូចជានីតិវិធីផ្សេងៗនៃការវាយតម្លៃរបស់ ACC ហើយក៏ជាវេទិកានៃការពិភាក្សាគ្នាពីការកំណត់សូចនាករសំខាន់នានា ដើម្បីរុញគុណភាពអប់រំឧត្តមសិក្សានៅកម្ពុជាឱ្យស្របតាមទិសដៅ និងក្របខណ្ឌគុណវុឌ្ឍជាតិ ព្រមទាំងការទទួលស្គាល់គុណភាពសិក្សាកម្រិតតំបន់ និងកម្រិតអន្តរជាតិ។ ជាមួយគ្នានេះ ឯកឧត្តមបានគូសបញ្ជាក់ថា “ដើម្បីពន្លឿនការអភិវឌ្ឍជាតិ តោងគ្រប់វិស័យមានភាពខ្លាំងពូកែ ប៉ុន្តែស្នូលនៃភាពខ្លាំងពូកែនេះ ត្រូវផ្តើមចេញពីការអប់រំ ដែលមានគុណភាព ឆ្ពោះទៅការបង្កើតមូលធនមនុស្ស ដែលមានសក្តានុពល”។

គួរបញ្ជាក់ថា គណៈកម្មការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (ACC) ជាគណៈកម្មការឯករាជ្យ ដែលមានតួនាទីផ្ដល់នូវការវាយតម្លៃគុណភាពអប់រំកម្រិតឧត្តមសិក្សាទាំងអស់ដែលបញ្ជាក់ពីគុណភាព ដោយមានសុពលភាពរយៈពេល ០៥ ឆ្នាំសម្រាប់គ្រឹះស្ថាននីមួយៗ។ ជារៀងរាល់ឆ្នាំ ACC ធ្វើការវាយតម្លៃចំនួន ១០ ស្ថាប័នគ្រឹះស្ថានសិក្សា ក្នុងនោះក៏មានការវាយតម្លៃពាក់កណ្ដាលអាណត្តិទៅលើគ្រឹះស្ថានឧត្តមសិក្សា ដើម្បីផ្ដល់នូវការបញ្ជាក់ការទទួលស្គាល់គុណភាពអប់រំថ្នាក់ជាតិផងដែរ៕