បេក្ខជនប្រឡងជាប់ក្នុងការប្រឡងមន្រ្តីពន្ធដារ ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដំណាក់កាលទី១ នឹងត្រូវត្រៀមខ្លួនប្រឡងវិញ្ញាសាសរសេរលើកទី២ នៅថ្ងៃទី១១ ខែមករា ខាងមុខនេះ!
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង ព្រមទាំងសមាជិក សមាជិកានៃគណៈកម្មការ និងអនុគណៈកម្មការពាក់ព័ន្ធទាំងអស់ បានអញ្ជើញពិនិត្យ ផ្ទៀងផ្ទាត់ និងចុះហត្ថលេខាសម្រេចលើលទ្ធផលរបស់បេក្ខជនប្រឡងជាប់នៅក្នុងដំណាក់កាលទី១ (វិញ្ញាសាសរសេរលើកទី១) នៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីនៃអគ្គនាយកដ្ឋានពន្ធដារ ឱ្យចូលបម្រើការងារនៅក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល។
ក្រុមការងាររៀបចំការប្រឡងប្រជែងបានប្រើប្រាស់រយៈពេលជិត ១៥ម៉ោង ក្នុងដំណើរការកែវិញ្ញាសាបេក្ខជន ប្រកបដោយឆន្ទៈមោះមុត យកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចចេញប្រកាសលទ្ធផលជាប់នៅដំណាក់កាលទី១ ជូនដល់បេក្ខជនប្រឡង ក៏ដូចជាសាធារណជនគ្រប់រូប ទទួលជ្រួតជ្រាប និងសម្រេចតាមការគ្រោងទុករបស់គណៈកម្មការរៀបចំការប្រឡងប្រជែង។ ជាលទ្ធផលបេក្ខជនចំនួន ៨១៣ នាក់បានប្រឡងជាប់វិញ្ញាសាសរសេរលើកទី១ សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅ អគ្គនាយកដ្ឋានពន្ធដារ ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនោះបេក្ខជនមុខដំណែងក្នុងឧបសម្ព័ន្ធ ១ សរុបចំនួន ៦៧នាក់/ ២១នាក់ និងបេក្ខជនមុខដំណែងក្នុងឧបសម្ព័ន្ធ ២ សរុបចំនួន ៧៤១នាក់ /ស្រី៤២៥នាក់។
គួរបញ្ជាក់ថា បេក្ខជនដែលបានប្រឡងជាប់វិញ្ញាសាសរសេរលើក១ សម្រាប់ប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវចូលរួមការប្រឡង វិញ្ញាសាសរសេរលើកទី២
សម័យប្រឡងថ្ងៃសៅរ៍ ទី១១ ខែមករា ឆ្នាំ២០២៥ នៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល៕