|

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញប្រកាសលទ្ធផលប្រឡងក្របខណ្ឌមន្ត្រីសុខាភិបាលនៅមន្ទីរពេទ្យរុនតាឯក និងមន្ទីរពេទ្យបង្អែកពាក់ស្នែង ខេត្តសៀមរាប


នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានអញ្ជើញប្រកាសលទ្ធផលប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក និងមន្ទីរពេទ្យបង្អែកកម្រិត១ ពាក់ស្នែង នៃរដ្ឋបាលខេត្តសៀមរាប ក្នុងក្របខណ្ឌក្រសួងសុខាភិបាល នៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល។

ជាលទ្ធផលបេក្ខជនជាប់ជាស្ថាពរ នៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក មានសរុបចំនួន៣៦នាក់ ស្រី១៤នាក់ ក្នុងនោះក្របខណ្ឌ “ក” ចំនួន ១២នាក់ ស្រី១នាក់ និងក្របខណ្ឌ “ខ” ចំនួន ២៤នាក់ ស្រី១៣នាក់។
ដោយឡែក បេក្ខជនជាប់ជាស្ថាពរ នៅមន្ទីរពេទ្យបង្អែកកម្រិត១ ពាក់ស្នែង មានសរុបចំនួន៤៥នាក់ ស្រី២៨នាក់ក្នុងនោះ ក្របខណ្ឌ “ក” ចំនួន ១៧នាក់ ស្រី៧នាក់ និងក្របខណ្ឌ “ខ” ចំនួន ២៨នាក់ ស្រី២១នាក់។

សូមជម្រាបថាក្នុងរយៈពេល ១ (មួយ) សប្តាហ៍នៃថ្ងៃធ្វើការ ត្រឹមថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០នាទីជាកំហិត បន្ទាប់ពីការប្រកាសលទ្ធផលនេះ បេក្ខជនដែលបានប្រឡងជាប់ជាស្ថាពរ ត្រូវផ្តល់ការបញ្ជាក់ពីការទទួលយកក្របខណ្ឌមកអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ តាមរយៈទូរសព្ទ/តេឡេក្រាម ០១៧ ៦៥១ ៣២៣, ០១៧ ៥០៦ ៦៨៦, ០៨១ ៧៤៩ ៤៦៤។ ដោយឡែក បេក្ខជនដែលមានបំណងស្នើសុំការពិនិត្យសន្លឹកកិច្ចការរបស់ខ្លួន អាចដាក់សំណើជាលាយលក្ខណ៍អក្សរមកអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ នៃក្រសួងមុខងារសាធារណៈ ដែលមានទីតាំងស្ថិតនៅផ្លូវអង្គតាម៉ិញ ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕