កាណាដានឹងដំឡើងកម្រិតការិយាល័យបច្ចុប្បន្នរបស់ខ្លួននៅ ភ្នំពេញទៅជាស្ថានទូត
ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានជួបជាមួយលោក David Verbiwski ភារធារីនៃការិយាល័យស្ថានទូតកាណាដានៅភ្នំពេញ និងលោកស្រី Katherine North អ្នកគ្រប់គ្រងគម្រោងជាន់ខ្ពស់នៃកម្មវិធីកសាងសមត្ថភាពប្រឆាំងឧក្រិដ្ឋកម្មរបស់កាណាដា ដែលបានអញ្ជើញមកទស្សនកិច្ចនៅកម្ពុជា ដើម្បីពិភាក្សាអំពីការគាំទ្ររបស់កាណាដាចំពោះកម្ពុជា ក្នុងក្របខ័ណ្ឌនៃកម្មវិធីកសាងសមត្ថភាពប្រឆាំងឧក្រិដ្ឋកម្មរបស់កាណាដា នៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
លោកភារធារី David Verbiwski បានប្រគល់កំណត់ទូតជូន ឯកឧត្តមរដ្ឋលេខាធិការ ជុំ សុន្ទរី ដោយបានជូនដំណឹងដល់ព្រះរាជាណាចក្រកម្ពុជាថា កាណាដានឹងដំឡើងកម្រិតការិយាល័យបច្ចុប្បន្នរបស់ខ្លួននៅ ភ្នំពេញទៅជាស្ថានទូតដែលមានឯកអគ្គរដ្ឋទូតប្រចាំនៅ ស្របតាមការប្រកាសរបស់ឯកឧត្តមនាយករដ្ឋមន្ត្រី Trudeau នៅឯកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ ២០២៤ នៅទីក្រុងវៀងចន្ទន៍។ ឯកឧត្តមរដ្ឋលេខាធិការ និងលោកភារធារី បានសម្តែងការពេញចិត្តចំពោះការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី និងពិភាក្សាអំពីសកម្មភាពមួយចំនួនដែលត្រូវអនុវត្តនាពេលអនាគត ដើម្បីជាប្រយោជន៍នៃកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសដំណើរទស្សនកិច្ចរបស់គណៈប្រតិភូពាណិជ្ជកម្មកាណាដាមកកាន់កម្ពុជានាពេលខាងមុខ ដើម្បីស្វែងរកវិធី និងមធ្យោបាយសម្រាប់ការលើកកម្ពស់ពាណិជ្ជកម្ម។
លោកស្រី Katherine North បានជម្រាបជូន ឯកឧត្តមរដ្ឋលេខាធិការ អំពីការគាំទ្ររបស់កាណាដាចំពោះកម្ពុជា តាមរយៈគំនិតផ្តួចផ្តើមកសាងសមត្ថភាពក្នុងការប្រយុទ្ធប្រឆាំងនឹងការសម្អាតប្រាក់ ការជួញដូរមនុស្ស និងការជួញដូរគ្រឿងញៀន ហើយបានសន្យាបន្តគាំទ្រកម្ពុជា ក្រោមយុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិករបស់កាណាដា រួមទាំងការបណ្តុះបណ្តាលសម្រាប់មន្ត្រីកម្ពុជា ផ្នែកឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត និងការប្រឆាំងការសម្អាតប្រាក់។
កម្ពុជាបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ដោយបានទទួលស្គាល់បញ្ហានេះ តែសង្កត់ធ្ងន់ថា វាមិនធ្ងន់ធ្ងរដូចដែលបានចុះផ្សាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយមួយចំនួននោះទេ។ រដ្ឋាភិបាលកម្ពុជាមានការប្តេជ្ញាចិត្តផ្នែកនយោបាយយ៉ាងខ្លាំងក្លាក្នុងការដោះស្រាយឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ជាពិសេសការបោកប្រាស់តាមអនឡាញ ហើយបានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងតំបន់ និងអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងទម្រង់ទំនើបនៃឧក្រិដ្ឋកម្មឆ្លងដែននេះ។
ពាក់ព័ន្ធនឹងការប្រឆាំងការសម្អាតប្រាក់ ឯកឧត្តម សុន្ទរី បានគូសបញ្ជាក់ពីការរីកចម្រើនគួរឱ្យកត់សម្គាល់របស់កម្ពុជាចាប់តាំងពីឆ្នាំ ២០២០ បន្ទាប់ពីកម្ពុជាបានអនុម័តច្បាប់ និងបទប្បញ្ញត្តិដ៏តឹងរ៉ឹង ដែលជាលទ្ធផល កម្ពុជាត្រូវបានដកចេញពី “បញ្ជីប្រផេះ” របស់ក្រុមការងារសកម្មភាពហិរញ្ញវត្ថុ (FATF) នៅដើមឆ្នាំ ២០២៣។ ឯកឧត្តមក៏បានសង្កត់ធ្ងន់ពីកិច្ចខិតខំប្រឹងប្រែងថ្មីៗនេះ ដើម្បីទប់ស្កាត់ការផ្លាស់ប្តូររូបិយប័ណ្ណគ្រីបតូខុសច្បាប់ និងគេហទំព័រល្បែងអនឡាញ ដែលបានបង្ហាញបន្ថែមពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការទប់ស្កាត់សកម្មភាពខុសច្បាប់ទាំងនេះ។
ប្រភព៖ ក្រសួងការបរទេស