|

សម្តេចតេជោ ហ៊ុន សែន ថ្លែងថាវាមិនទាន់ដល់ពេលនោះឡើយដែលលើកយកករណី «កោះគុត» ទៅកាន់តុលាការអន្តរជាតិ ទៅតាមការញុះញង់របស់ចលនាប្រឆាំងជ្រុលនិយម


កោះគុត ជាប្រធានបទដ៏ចម្រូងចម្រាសមួយរវាងប្រទេស កម្ពុជា និងថៃ និងត្រូវបានអ្នកនយោបាយ ក៏ដូចជាប្រជាជននៃប្រទេសទាំងពីរតែងលើកមកជជែក វែកញែកជាបន្តបន្ទាប់។ លើសពីនេះថែមទៀត កាលពីពេលថ្មីៗនេះ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) អតីតនាយករដ្ឋមន្រ្តីថៃ បានអះអាងប្រាប់អ្នកអ្នកសារព័ត៌មានថា កោះគុត ជាកម្មសិទ្ធិរបស់ថៃផ្តាច់មុខ ដោយមិនមានប្រទេសណាអាចទាមទារបានឡើយ។

ជុំវិញបញ្ហានេះ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានព្រឹទ្ធសភាបានមានប្រសាសន៍ថា “នៅក្នុងប្រទេសថៃក៏មានក្រុមជ្រុលនិយមមួយក្រុមបង្កើតឡើងរឿងការគុត ហើយឥឡូវនៅក្នុងប្រទេសរបស់យើង ត្រូវបានពួកជ្រុលនិយមនៅក្រៅប្រទេសអំពាវនាវឲ្យធ្វើបាតុកម្មដើម្បីត្រៀមទារយកកោះគុត។ សម្ដេចបន្តថា ចំពោះទង្វើដែលពួកជ្រុលនិយម ជំរុញឲ្យប្រជាជនកម្ពុជាធ្វើបាតុកម្ម ជាការ ញុះញង់អុជអាល ដែលវាអាចនាំឱ្យមានការផ្ទុះអាវុធ រវាងកម្ពុជានិងថៃ”។

សម្ដេចបានបន្ថែមទៀតថា តំបន់កោះគុតនេះជាតំបន់ត្រួតស៊ីគ្នា រវាងកម្ពុជានិងថៃ តាំងពីជំនាន់អតីតនាយករដ្ឋមន្ត្រី លោកឆាត់ឆៃ ឈុនណាវ៉ាត់ បានចរចាពិភាក្សាជាមួយសម្ដេច។ ក្រោយមក លោកឆាត់ឆៃឈុនណាវ៉ាត់ បាន មកជួបសម្តេចនៅផ្ទះដែលនៅវិមានឯករាជ្យ ដើម្បីពិភាក្សាគ្នាលើបញ្ហា ធ្វើអាជីវកម្ម ខួងយកប្រេងនៅតំបន់ត្រួតស៊ីគ្នានេះ ប៉ុន្តែកិច្ចការទាំងអស់នេះមិនអាចឈានទៅមុខបានទេ។

ក្នុងឆ្នាំ២០០១ កម្ពុជា-ថៃ បានបង្កើតអនុស្សាណៈយោគយល់គ្នាមួយ ហើយរហូតមកដល់ពេលនេះមានរយៈពេល ២៣ ឆ្នាំហើយ មិនទាន់បានជជែកគ្នាលម្អិតណាមួយនៅឡើយទេ ដោយសារយើងត្រូវបង្កើតគណៈកម្មការពីរ ទី១ទាក់ទងជាមួយបញ្ហាព្រំដែន និងទី២គឺគណៈកម្មការនិងអនុគណៈកម្មការទទួលបន្ទុកជោគជ័យអំពីការធ្វើអាជីវកម្មនៅក្នុងតំបន់ត្រួតស៊ីគ្នា ។

សម្ដេចតេជោបានបញ្ជាក់ថា ការណ៍ដែលឱ្យប្រជាជនកម្ពុជាធ្វើបាតុកម្មដើម្បីរុញរដ្ឋាភិបាលឲ្យប្ដឹងទៅតុលាការអន្តរជាតិ ប្រៀបដូចជាដំបៅមិនឈឺយកឈើចាក់ ហើយទង្វើនេះជាការ ញុះញង់អុជអាល ដែលវាអាចនាំឱ្យមានការផ្ទុះអាវុធ រវាងកម្ពុជានិងថៃ៕

ប្រភព៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល