សហព័ន្ធសិក្សាស្រាវជ្រាវសេដ្ឋកិច្ច ឧស្សាហកម្មតំបន់ឆ្នេរ Guangdong-Hong Kong-Macao ចង់បង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាលអ្នកបង្ហោះដ្រោនសម្រាប់វិស័យវិស័យឧស្សាហកម្ម កសិកម្ម និងសង្គ្រោះបន្ទាន់នៅកម្ពុជា
នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូ សហព័ន្ធសិក្សាស្រាវជ្រាវសេដ្ឋកិច្ច ឧស្សាហកម្មតំបន់ឆ្នេរ Guangdong-Hong Kong-Macao ដឹកនាំដោយ លោក Mr. Liang Songshou ប្រធានសហព័ន្ធសេដ្ឋកិច្ច និងការស្រាវជ្រាវឧស្សាហកម្ម នៃ Guangdong-Hong Kong-Macao Greater Bay Area។
មានប្រសាសន៍ក្នុងឱកាសនេះ លោក ប្រធានសហព័ន្ធសេដ្ឋកិច្ច និងការស្រាវជ្រាវឧស្សាហកម្ម នៃ Guangdong-Hong Kong-Macao បានបង្ហាញចំណាប់អារម្មណ៍លើការភ្ជាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ ដោយលើកឡើងនូវគំនិតផ្តួចផ្តើមមួយចំនួន រួមមាន ៖ ១) . ការបង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាលអ្នកបង្ហោះដ្រោនសម្រាប់វិស័យវិស័យឧស្សាហកម្ម កសិកម្ម និងសង្គ្រោះបន្ទាន់ ២). កម្មវិធីបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកសេដ្ឋកិច្ច និង នវានុវត្តន៍ ៣). កម្មវធីផ្លាស់ប្តូរនិស្សិត និងទស្សនកិច្ចសិក្សាទៅវិញទៅមករវាងកម្ពុជា-ចិន ដើម្បីជំរុញទំនាក់ទំនងឱ្យកាន់តែល្អប្រសើរ ៤). ការរៀបចំឱ្យមានកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ (Exchange Program) រវាងសាលាបណ្ដុះបណ្ដាលបច្ចេកវិទ្យា និងវិជ្ជាជីវៈកម្ពុជា- ចិន។ ទន្ទឹមនឹងនេះ លោក ប្រធានសហព័ន្ធ បានឱ្យដឹងថា បន្ទាប់ពីទស្សនកិច្ចនៅសាកលវិទ្យាល័យមួយចំនួននៅកម្ពុជារួចមក លោកបានមើលឃើញពីសក្តានុពលរបស់យុវជនកម្ពុជា ក៏ដូចជាឱកាសក្នុងការបង្កើតនូវទំនាក់ទំនងលើផ្នែកបណ្តុះបណ្ដាលវិជ្ជាជីវៈ វគ្គសិក្សាខ្លីៗ និង Exchange Program ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារនៅកម្ពុជានាពេលបច្ចុប្បន្ន និងអនាគត ហើយដើម្បីសម្រេចបានគោលដៅនេះ ទាមទារជាចាំបាច់នូវការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា ក្នុងការជួយសម្របសម្រួលផ្សារភ្ជាប់ទំនាក់ទំនងជាមួយស្ថាប័នពាក់ព័ន្ធ និងជំរុញឱ្យកិច្ចសហការនេះសម្រេចទៅមុខបានដោយជោគជ័យ។
ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការបង្ហាញចំណាប់អារម្មណ៍ក្នុងការបង្កើតកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីចូលរួមលើកកម្ពស់វិស័យអប់រំ និងធនធានមនុស្សនៅកម្ពុជា ដោយគូសបញ្ជាក់ពីការឯកភាពលើការលើកឡើងខាងលើ របស់ភាគីសហព័ន្ធ ក៏ដូចជាបានផ្តល់អនុសាសន៍ឱ្យគណៈប្រតិភូសហព័ន្ធ ទៅទស្សនកិច្ចនៅតាមសាកលវិទ្យាល័យរដ្ឋមួយចំនួនផ្សេងទៀតដែលបង្រៀនផ្នែកបច្ចេកវិទ្យា និងវិជ្ជាជីវៈ ដូចជាវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសូមឱ្យពិនិត្យលទ្ធភាពក្នុងការចាប់ផ្តើមទំនាក់ទំនាក់ដោយរៀបចំជាការចុះអនុស្សារណៈនៃការយោគយល់គ្នានាពេលសមស្របណាមួយ។ ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានចែករំលែកនូវទិដ្ឋភាពទូទៅនៃប្រព័ន្ធអប់រំឧត្តមសិក្សានៅកម្ពុជា ជាពិសេសលើការបណ្តុះបណ្ដាលបច្ចេកវិទ្យា និងវិជ្ជាជីវៈ ដែលក្នុងនោះ បានលើកឡើងអំពី វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលផ្តល់ជូននូវវគ្គសិក្សារយៈពេល ២ឆ្នាំ គឺ បរិញ្ញាបត្ររង (Associate Degree) អាចឱ្យនិស្សិតរៀនចប់ ចេញធ្វើការបាន ខណៈអាចរៀនបន្តយក បរិញ្ញាបត្រ ( Bachelor Degree) និងបរិញ្ញាបត្រជាន់ខ្ពស់ (Master Degree) ផងដែរ។
សារជាថ្មីម្តងទៀត តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវការស្វាគមន៍ និងចូលរួមសហការគាំទ្រសម្របសម្រួលនូវរាល់គំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការនានាលើវិស័យអប់រំ ក្នុងគោលដៅជំរុញនូវការអភិវឌ្ឍន៍ និងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជាឱ្យកាន់តែរីកចម្រើន ដើម្បីឈានទៅសម្រេចចក្ខុវិស័យកម្ពុជា ២០៥០៕
ប្រភព៖ MOEYS