ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ ឱ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាល (វិញ្ញាសាសរសេរលើកទី២) បានចាប់ផ្តើមនាព្រឹកនេះ
នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រសួងមុខងារសាធារណៈបានរៀបចំការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ ឱ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាល (វិញ្ញាសាសរសេរលើកទី២) នៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល។
វិញ្ញាសាសម្រាប់ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ ឱ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាល (វិញ្ញាសាសរសេរលើកទី២) ចាប់ផ្តើមតាក់តែងនាម៉ោង ៥:៣០នាទីព្រឹក សម្រាប់ការប្រឡងប្រជែងចំនួន ១៥៤អង្គ/នាក់ (ស្រី ៥៤នាក់) នៅម៉ោង ៨:០០នាទីព្រឹក។
វិញ្ញាសានីមួយៗ ត្រូវបានតាក់តែងជាជម្រើសៗ ដាក់ជូនឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង ដើម្បីជ្រើសរើស។ បន្ទាប់មកក្រុមការងាររៀបចំយន្តការការងារជាបន្តបន្ទាប់។
សូមជម្រាបជូនថា បេក្ខជនដែលចូលរួមប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៣ ឱ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាល (វិញ្ញាសាសរសេរលើកទី២) ត្រូវឆ្លងកាត់ការប្រឡងលើវិញ្ញាសាចំនួន ៣ប្រភេទ៖ (១) អធិប្បាយពាក់ព័ន្ធនឹងចំណេះដឹងទូទៅ (២)ដោះស្រាយបញ្ហាតាមករណីសិក្សា និង (៣)វិញ្ញាសាជំនាញ ពាក់ព័ន្ធរដ្ឋបាលសាធារណៈ, សេដ្ឋកិច្ច-ហិរញ្ញវត្ថុ, នីតិអន្តរជាតិសាធារណៈ និងទំនាក់ទំនងអន្តរជាតិ៕