| |

សំឡេងទាមទារឱ្យ​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លាលែង​ពី​តំណែង​កាន់តែពុះកញ្ជ្រោលឡើង បន្ទាប់​ពី​ប្រធានាធិបតីរូបនេះបង្កឱ្យមាន​ភាព​វឹកវរ​ច្បាប់អាជ្ញាសឹក


សម្ពាធលើប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol ឱ្យចុះចេញពីតំណែង កាន់តែកើនឡើង បន្ទាប់ពីការប៉ុនប៉ងលុបចោលច្បាប់អាជ្ញាសឹករបស់គាត់ ដែលបានធ្វើឱ្យប្រទេសនេះធ្លាក់ចូលទៅក្នុងភាពមិនច្បាស់លាស់ផ្នែកនយោបាយ និងបង្កឱ្យមានប្រតិកម្មយ៉ាងខ្លាំងក្លា។

ឆ្លើយតបទៅនឹងបញ្ហានេះ នៅព្រឹកថ្ងៃពុធ គណបក្សប្រជាធិបតេយ្យប្រឆាំងបាននិយាយថា ខ្លួននឹងចាប់ផ្តើមដំណើរការនីតិវិធីចោទប្រកាន់លោក Yoon ប្រសិនបើគាត់មិនចុះចេញពីតំណែងភ្លាមៗ។ ដោយឡែក​មន្ត្រី​កំពូល​ផ្សេងទៀត​បាន​ដាក់​ពាក្យ​លាលែង​ពី​តំណែង ខណៈ​សហភាព​សហជីព​ដ៏ធំ​បំផុត​របស់​ប្រទេស​បាន​និយាយ​ថា សមាជិក​នឹង​ធ្វើ​កូដកម្ម​រហូត​ដល់​លោក Yoon លាលែង​ពី​តំណែង។

គួរបញ្ជាក់ថា ច្បាប់អាជ្ញាសឹក គឺជាការគ្រប់គ្រងដោយយោធារបស់រដ្ឋាភិបាលដែលព្យួរអំណាចស៊ីវិលក្នុងកម្រិតផ្សេងៗ
និងត្រូវបានអនុវត្តជាផ្លូវការ ក្នុងពេលដែលប្រទេសមួយធ្លាក់ចូលទៅក្នុងស្ថានភាពអាសន្ន។ លោកប្រធានាធិបតីបានប្រកាសច្បាប់អាជ្ញាសឹកនៅក្នុងសុន្ទរកថាដ៏គួរឱ្យភ្ញាក់ផ្អើលមួយកាលពីយប់ថ្ងៃអង្គារ ដោយអះអាងពីគោលបំណងដើម្បីការពារប្រទេសពីកងកម្លាំងកុម្មុយនិស្តកូរ៉េខាងជើង និងដើម្បីកម្ចាត់ក្រុមប្រឆាំងនឹងរដ្ឋ។

យ៉ាងណាមិញ ក្រោយពីបានប្រកាសដាក់ឱ្យប្រើទូទាំងប្រទេស មិនបានប៉ុន្មានម៉ោងផង ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល បាននិយាយថាលោកនឹងដកច្បាប់អាជ្ញាសឹកចេញវិញ បន្ទាប់ពីត្រូវបានសមាជិកសភា១៩០រូបបោះឆ្នោតប្រឆាំង ហើយសូម្បីតែគណបក្សរបស់លោកផ្ទាល់ក៏ជំរុញឱ្យរូបលោកដកច្បាប់អាជ្ញាសឹកចេញផងដែរ។

ប្រភព៖ CNN